ការគំរាមកំហែង​ជា​មូលហេតុ​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលប្រជុំ​សភា​

តំណាងរាស្ត្រ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ព្រឹក​ថ្ងៃនេះ បាន​បញ្ជាក់ថា ការគំរាមកំហែង​ជា​មូលហេតុ​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលប្រជុំ​សភា​។ លោក យឹម សុវណ្ណ បាន​ពន្យល់ថា​ដោយសារតែ​មានការ​គំរាមកំហែង​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​មិន​ចូលប្រជុំ​សភា​នៅ​ព្រឹក​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទៅ​ចូលប្រជុំ​សភា​បាន ប៉ុន្តែ​ពួកយើង​បាន​ប្រមូល​ព័ត៌មាន​ចុងក្រោយ ពី​ប្រភព​ដែល​អាច​ជឿជាក់​បាន គឺថា​មានការ​គំរាមកំហែង​មកលើ​តំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ ទើប​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចុងក្រោយ​នឹងមិន​ចូលប្រជុំ​សភា​។​

នៅ​ព្រឹក​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៥ ដើម្បី​ត្រួតពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយចំនួន ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដាក់បញ្ចូល​ក្នុង​របៀបវារៈ កាលពី​ថ្ងៃទី​៤ តុលា​។ តែ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំសភា​នៅ​ព្រឹក​នេះឡើយ​។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀមខ្លួន​ដើម្បី​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៧ ខែតុលា​នេះ តែ​មុននឹង​ចូលប្រជុំ​សភា ខាង​តំណាងរាស្ត្រ​នឹង​ជួបប្រជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមុនសិន ហើយ​គម្រោង​នេះ​ក៏​អាច​នឹង​ប្រែប្រួល​ទៅវិញ​ដែរ អាស្រ័យ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​។​

គួររំលឹកថា លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​នូវ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ជនដៃដល់​មួយក្រុម​នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ ។ ការប្រើ​អំពើហិង្សា​នេះ គឺ​បាន​កើតឡើង​ស្រប​ពេលដែល​បាតុករ​គាំទ្រ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​ការការពា​រយ៉ា​ង​ល្អ​ពី​សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើបាតុកម្ម​ប្រឆាំង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

a7dbe2fc-6f2a-4af9-ad0f-7365d52eb611