គម្រក់​បំផុត ! បងប្រុស​បំផ្លាញ​អនាគត​ប្អូនស្រី​បង្កើត​ខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​ពេក​ប្អូនស្រី​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​បណ្ដើរ​យំ​បណ្ដើរ បន្ទាប់​ពី​បងប្រុស​បង្កើត​របស់​នាង​បាន​ហៅ​ទៅ​ចម្ការ​ក្បែរ​ផ្ទះ ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

ហេតុការណ៍​ចាប់រំលោភ​ប្អូនស្រី​បង្កើត​ខ្លួនឯង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​រោល​ជ្រូក ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ត្រី មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សន ហួយ ហៅ​ភួយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ម្នាក់ រស់នៅ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ ។

លោក​វរសេនីយ៍ត្រី មាស រិ​ទ្ធី បន្ត​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ជា​បងប្រុស​បាន​នាំ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំទៅ​ចម្ការ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០​ម៉ែត្រ រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ។

ក្រោយ​ពី​ត្រូវ​បងប្រុស​រំលោភ​រួច​ហើយ ដោយ​មានការ​ឈឺ​ចុកចាប់​ខ្លាំង​ពេក​ក្មេង​ស្រី​រង​គ្រោះ​ដើរមក​ផ្ទះ​បណ្ដើរ​យំ​បណ្ដើរ ដោយ​ឃើញ​បែប​នេះ​ឈ្មោះ រិ​ន ស្រអែម អាយុ​២១​ឆ្នាំ ត្រូវជា​បងថ្លៃ និង​ជា​ប្រពន្ធ​សង្ស័យ ដែល​កំពុង​នៅ​ក្រោមផ្ទះ​ក៏​ហៅ​សួរនាំ ហើយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ប្រាប់​ពី​សកម្មភាព​របស់​បងប្រុស​ដែល​ធ្វើ​មក​លើ​នាង​ទាំងអស់ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ស្ត្រី​ជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​ស្រវឹងស្រា​ហើយ​ក៏​មាន​អារម្មណ៍​ចង់​រួម​ភេទ ពេល​នោះ​ក៏​ហៅ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ទៅ​ចម្ការ​ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជាក់​ថា ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​បណ្តឹង​របស់​ឈ្មោះ រិ​ន ស្រអែម ជា​ប្រពន្ធ រួម​ទាំង​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ ជនសង្ស័យ​ឈ្មោះ សន ហួយ ហៅ​ភួយ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នា​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​នេះ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។  ជនសង្ស័យម្នាក់ឈ្មោះ ចាប ថុល អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលលចាប់បញ្ជូន ទៅតុលាការខេត្តនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការចាប់រំលោភកូនស្រីចុង រហូតបានសម្រេច២ដង។

លោកវរសេនីយ៍ត្រី ឡាយ ទីរូ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យរស់នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខកម្មករ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ធ.ផ.ល អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ។

លោកបានបន្តទៀតថា ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅ ភូមិឃុំខាងលើ។

លោកបន្តថា មុនការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ដោយសារមានអង្គកាលីការដូ មកប្តឹងហើយនាំក្មេងស្រី រងគ្រោះ មកជាមួយគាត់។ មន្រ្តីអង្គការលីកាដូរូបនោះ បាននិយាយថា គាត់ជាអ្នករស់នៅផ្ទះជិតគ្នា ដល់ពេលឃើញកូនស្រីរងគ្រោះ ស្រែកយំខ្លាំង ទើបរត់មកឲ្យគាត់ជួយ ពេលគាត់សួរនាំទៅក្មេងស្រី រងគ្រោះប្រាប់ថា ឪពុកចុងនាងបានចាប់នាងរំលោភ បានសម្រេច រហូតទៅ២ដង នៅចុងខែកញ្ញានេះ នៅពេលម្តាយមិននៅផ្ទះ។

ដើម្បីចង់ដឹងការពិត សមត្ថកិច្ចបានហៅក្មេងស្រីរងគ្រោះទៅធ្វើកោសលវិច្ច័យ នៅមន្ទីរពេទ្យបង្អែកទើបដឹងថានាងត្រូវឪពុកចុង ចាប់រំលោភពិតប្រាកដមែន ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនសង្ស័យតែម្តង។ ក្មេងស្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ឪពុកចុងចាប់ រំលោភនាងបានសម្រេច ហើយគំរាមថា បើហ៊ានប្រាប់ម៉ែឲ្យដឹង ឪពុកចុងនឹងអារ-កសម្លាប់ចោលទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គម្រក់​បំផុត ! បងប្រុស​បំផ្លាញ​អនាគត​ប្អូនស្រី​បង្កើត​ខ្លួនឯង

គម្រក់​បំផុត ! បងប្រុស​បំផ្លាញ​អនាគត​ប្អូនស្រី​បង្កើត​ខ្លួនឯង

គម្រក់​បំផុត ! បងប្រុស​បំផ្លាញ​អនាគត​ប្អូនស្រី​បង្កើត​ខ្លួនឯង