បុរស​ម្នាក់​ផឹក​ស្រវឹង​ខ្លាំង​រហូត​ដល់​វង្វេងវង្វាន់ ដោយ​គិត​ថា​ជា​ផ្ទះ​ខ្លួនឯង ឡើង​លើដំបូល​សង្ក័សី​បណ្ដាល​ឱ្យ​ផុង​ធ្លាក់​បែកក្បាល​របួស​ធ្ងន់​ ​

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង០៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ តុលា ស្ថិតត្រង់ចំណុចផ្ទះលេខ៨៣ លើផ្លូវ១២២ សង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌទួលគោក។ បុរសម្នាក់ត្រូវគេស្គាល់ថា ជាចុងភៅនៅសណ្ឋាគារមួយ បានផឹកស្រាស្រវឹងខ្លាំងពេក រហូតដល់វង្វេងវង្វាន់ ដោយគិតថាជាផ្ទះខ្លួនឯង បានឡើងរហូតដល់លើដំបូលសង្ក័សី បណ្ដាលឱ្យផុងធ្លាក់បែកក្បាលរបួសធ្ងន់ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនដឹងថា ដើរមកពីណាបានឡើងលើដំបូលសង្ក័សី នៅសំយាបមុខផ្ទះគេ ហើយដើរលើនោះបានបន្តិច ស្រាប់តែបុរសម្នាក់នោះបានដើរផុងសង្ក័សីធ្លាក់ចុះមកក្រោម បណ្ដាលឱ្យរងរបួសបែកក្បាល ។ ក្រោយមក ក៏មានបុគ្គលិកនៅសណ្ឋាគារ បានមកមើលបុរសម្នាក់នោះ ក៏ស្គាល់ហើយប្រាប់ថា ជាចុងភៅនៅសណ្ឋាគារឡឺប្រេស៊ីដង់ ឈ្មោះរ៉ាត់ ស្នាក់នៅផ្ទះជួលម្ដុំកន្លែងកើតហេតុ ។

ដោយសារតែបុរសខាងលើស្រវឹងខ្លាំងពេករហូតលែងដឹងអី និយាយស្ដាប់គ្នាលែងបាន ហើយសង្ស័យតែលើកនេះ ដោយសារតែគាត់ផឹកស្រាជ្រុល ទើបបានជារហូតដល់ថ្នាក់វង្វេងផ្ទះគេថាជាផ្ទះរបស់ខ្លួនបែបនេះ ។ ក្រោយពេលកើតហេតុ បុរសត្រូវអ្នករួមការងារជាមួយគាត់ ដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅគ្លីនិក ដែលនៅជិតកន្លែងកើតហេតុនេះ ៕

បុរស​ម្នាក់​ផឹក​ស្រវឹង​ខ្លាំង​រហូត​ដល់​វង្វេងវង្វាន់ ដោយ​គិត​ថា​ជា​ផ្ទះ​ខ្លួនឯង ឡើង​លើដំបូល​សង្ក័សី​បណ្ដាល​ឱ្យ​ផុង​ធ្លាក់​បែកក្បាល​របួស​ធ្ងន់​ ​