បងប្រុស​ចាប់រំលោភ​ប្អូនស្រី​បង្កើត​ខ្លួនឯង

បន្ទាយមានជ័យ ៖ ហេតុការណ៍ចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯង នៅភូមិរោលជ្រូក ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។ ដោយមានការឈឺចុកចាប់យ៉ាងខ្លាំងពេកប្អូនស្រីបានដើរត្រឡប់មកផ្ទះបណ្ដើរយំបណ្ដើរ បន្ទាប់ពីបងប្រុសបង្កើតរបស់នាងបានហៅទៅចម្ការក្បែរផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
ជនសង្ស័យឈ្មោះ សន ហួយ ហៅភួយ ភេទប្រុស អាយុ២០ឆ្នាំ មានប្រពន្ធ និងកូនម្នាក់ រស់នៅកើតហេតុ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ។
ជនសង្ស័យជាបងប្រុសបាននាំប្អូនស្រីបង្កើតរបស់ខ្លួនដែលទើបតែមានអាយុ១០ឆ្នាំទៅចម្ការចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ក្រោយពីត្រូវបងប្រុសរំលោភរួចហើយ ដោយមានការឈឺចុកចាប់ខ្លាំងពេកក្មេងស្រីរងគ្រោះដើរមកផ្ទះបណ្ដើរយំបណ្ដើរ ដោយឃើញបែបនេះឈ្មោះ រិន ស្រអែម អាយុ២១ឆ្នាំ ត្រូវជាបងថ្លៃ និងជាប្រពន្ធសង្ស័យ ដែលកំពុងនៅក្រោមផ្ទះក៏ហៅសួរនាំ ហើយត្រូវក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ពីសកម្មភាពរបស់បងប្រុសដែលធ្វើមកលើនាងទាំងអស់ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបញ្ជាក់ថា លុះដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច រហូតឈានដល់ចាប់ខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេស្រវឹងស្រាហើយក៏មានអារម្មណ៍ចង់រួមភេទ ពេលនោះក៏ហៅប្អូនស្រីបង្កើតរបស់ខ្លួនទៅចម្ការហើយក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្តឹងរបស់ឈ្មោះ រិន ស្រអែម ជាប្រពន្ធ រួមទាំងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ សន  ហួយ ហៅភួយ ត្រូវបានកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះផងដែរ ៕

បងប្រុស​ចាប់រំលោភ​ប្អូនស្រី​បង្កើត​ខ្លួនឯង