អធិការ​ខណ្ឌ​ច្បារ​អំពៅ​ប៉ះ​សម្ដី​គ្នា​ខ្លាំង​ៗ​ជាមួយ​ចៅសង្កាត់​ព្រែក​ប្រា

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ប៉ះ​សម្ដី​គ្នា​ខ្លាំង​ៗ​ជាមួយ​ចៅសង្កាត់​ព្រែក​ប្រា​ពី​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ការ​ប៉ះ​សំដី​គ្នា​នេះ​បាន​កើតឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​យុទ្ធសាស្ត្រ​ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិ ការ​ស្នាក់​នៅ និង​ការ​ជំរុញ​ការ​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ប្រជាជន និង​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ ក្រោម​វត្តមាន​លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ ជា​អ្នកដឹកនាំ​កិច្ចប្រជុំ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។

ក្នុង​កិច្ចប្រជុំ​នេះ លោក ហួរ ហួត ចៅសង្កាត់​ព្រែក​ប្រា បាន​លើក​ឡើង​អំពី​បញ្ហា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ។ លោក ហួរ ហួត ថ្លែង​ថា នីតិវិធី និង​ការ​បង់​សេវា​សម្រាប់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​គ្រប់គ្រាន់​អស់ហើយ ។ បញ្ហា​សំខាន់​គឺ​ពាក់ព័ន្ធ​នឹង​ស្នាម​មេដៃ​, កន្ទុយ​សន្លឹក​ដែល​ប្រជាពលរដ្ឋ​មាន តែ​ពុំ​ទាន់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ។ តើ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​នេះ​កកស្ទះ​នៅ​ខាងលើ ឬ​ក៏​ច្រឡូកច្រឡំ​នៅ​កន្លែង​ណាមួយ ដើម្បី​សម្របសម្រួល​លើ​ចំណុច​ខ្វះខាត ។

ឆ្លើយ​តប​ទាំង​សម្តី​ខ្លាំង​ៗ លោក អេ​ម សា​រ៉ា​វុ​ធ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បញ្ជាក់​ថា បញ្ហា​ខូចខាត ឬ ស្នាម​មេដៃ​នេះ ត្រូវធ្វើ​ជា​បញ្ជី​រួម​មួយ​នៅ​ប៉ុស្តិ៍ ។ ជាមួយ​គ្នា​នេះ​លោក អេ​ម សា​រ៉ា​វុ​ធ បាន​ព្រមាន​ដក​មេ​ប៉ុស្តិ៍​ទាំងឡាយ​ណា​ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន ។ លោក​បញ្ជាក់​បន្ថែម​ថា អត្តសញ្ញាណប័ណ្ណ​ជាង​៧​ម៉ឺន​សន្លឹក ឥឡូវនេះ​នៅ​សល់​តែ​ជាង​៣​ពាន់​សន្លឹក​ប៉ុណ្ណោះ ។

បញ្ហា​នេះ លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​បង្គាប់​ឲ្យ​លោក ហួត ហ៊ុយ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារ​អំពៅ រៀបចំ​តារាង​ទទឹង​មួយ​ដើម្បី​អង្កេត​ជាក់ស្តែង និង​សម្រួល​បញ្ហា​នេះ ៕