ផ្អើល​ទាំង​ព្រឹក ! នគរបាល​ទៅ​ចាប់​បុរស​ម្នាក់​ដល់​ក្នុង​បន្ទប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទៅ​ចាប់​ឃាត់ខ្លួន​ដល់​ក្នុង​បន្ទប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​បុរស​រូប​នេះ​យក​ញញួរ​វាយ​ទៅ​លើ​ក្បាល​បុរស​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​ដេរ​៨​ថ្នេរ ។

បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ គង់ ទី​តូ អាយុ​៤៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជា ល​ក្ខិ​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប បាន​រង​របួស​២​ញញួរ​ចំ​ក្បាល ដេរ​ចំនួន​៨​ថ្នេរ ។ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ បងថ្លៃ​ស្រី​របស់​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្អូនស្រី​បង្កើត​របស់​ជន​បង្ក ។ ដោយ​ឃើញ​បែប​នេះ ជន​រង​គ្រោះ​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​បន្ត​ទៀត ស្រាប់តែ​ជន​បង្ក​ស្ទុះ​ចេញពី​បន្ទប់ដេក​ក្បែរ​នោះ កាន់​ញញួរ​មក​វាយ​២​ញញួរ​ចំ​ពីលើ​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួស​ដេរ​៨​ថ្នេរ ។

ប្រភព​បានដឹង​ទៀត​ថា បន្ទាប់​ពី​ប្រើ​ហិង្សា​ជន​បង្ក​មិន​បាន​រត់គេច​ខ្លួន​ទេ គឺ​ចូល​ទៅ​សំងំ​ដេក​ធម្មតា លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរ​គម​ន៍​ឃាត់ខ្លួន​បាន​តែ​ម្តង ៕