ពុទ្ធបរិស័ទចោទប្រកាន់ព្រះគ្រូសូត្រស្តាំចិញ្ចឹមស្រីក្មេងតែព្រះអង្គបដិសេធ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តខ្ពបអណ្តែតហៅវត្តក្របៅ បានចោទប្រកាន់ព្រះសង្ឃព្រះនាម ញឹម ខេមរៈព្រះគ្រូសូត្រស្តាំប្រព្រឹត្តខុសធម៌វិន័យដោយលួចចិញ្ចឹមស្រីក្មេងអាយុ១៧ឬ ១៨ឆ្នាំ នៅក្នុងវត្តដោយមានភាពស្និទ្ធស្នាលរហូតស្រីក្មេងៗទាំងនោះចេញចូលកុដិដោយសេរីទៀតផង។

ពុទ្ធបរិស័ទចោទប្រកាន់ព្រះគ្រូសូត្រស្តាំចិញ្ចឹមស្រីក្មេងតែព្រះអង្គបដិសេធ

ពុទ្ធបរិស័ទចំណុះជើងវត្តបាននិយាយជាចំហថា ព្រះគ្រូសូត្រស្តាំក៏មានថេរដីកា មិនល្អដាក់ពុទ្ធបរិស័ទឬគណៈកម្មការវត្តព្រមទាំងធ្វើអាជីវកម្មផលិតសាប៊ូលាង ចានលក់ដាក់ទីតាំងនៅក្នុងវត្តផងដែរ។

តែព្រះអង្គបានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះថា គឺមិនពិតនោះទេ ដោយសារតែក្មេងៗទាំងនោះជាកូនកំព្រា មានទាំងស្រីមានទាំងប្រុសដែលត្រូវបានព្រះអង្គយកមកចិញ្ចឹម។

លោកតា ហុន ហ៊ួន អាយុ៧៥ឆ្នាំ ជា ប្រជាពលរដ្ឋរស់នៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ បាននិយាយថា ចៅស្រីគាត់ម្នាក់អាយុ១៨ឆ្នាំចេញចូលកុដិព្រះអង្គ ញឹម ខេមរៈ ហើយថ្ងៃមួយគាត់ បាត់ចៅស្រីនៅម៉ោងប្រហែលជាជិត៩ យប់គាត់បានតាមរកលុះមកជិតដល់កុដិព្រះអង្គ ញឹម ខេមរៈ ស្រាប់តែឃើញចៅស្រី រត់ចេញពីកុដិ។មួយសន្ទុះក្រោយមកស្រាប់តែឃើញក្មេងស្រីម្នាក់ទៀតបានចេញតាមក្រោយគេចបាត់ ហើយគាត់បានណែនាំចៅស្រីគាត់ជារឿយៗកុំឲ្យចូលតែវាមិនស្តាប់ទេ។

លោកតាបានបន្តថា មិនត្រឹមតែ ប៉ុណ្ណោះព្រះគ្រូសូត្រស្តាំអង្គនេះបានមានថេរដីកាមិនល្អដាក់អាចារ្យវត្តគណៈកម្មការវត្តឬពុទ្ធបរិស័ទចំណុះជើងវត្តដែលទង្វើបែបនេះធ្វើឲ្យពួកគាត់មានការមិនពេញចិត្តនិង បានផ្តិតមេដៃសុំឲ្យអាជ្ញាធរឬធម្មការខេត្តជួយពិនិត្យចំពោះព្រះអង្គញឹម ខេមរៈ ផង។

 ពុទ្ធបរិស័ទចោទប្រកាន់ព្រះគ្រូសូត្រស្តាំចិញ្ចឹមស្រីក្មេងតែព្រះអង្គបដិសេធ

លោក តួ ហៃ មេភូមិអាចម៌កុក បានឲ្យ ដឹងដែរថា ចំពោះព្រះសង្ឃ ញឹម ខេមរៈ ដែល ប្រជាពលរដ្ឋបានលើកឡើងនោះគឺមាន សភាពបែបហ្នឹងមែនលោកក៏មិនពេញចិត្តដែរ។

ទាក់ទិននឹងការចោទប្រកាន់របស់ប្រជាពុទ្ធបរិស័ទនិងមេភូមិខាងលើនោះព្រះតេជគុណ ញឹម ខេមរៈ មានថេរដីកាបដិសេធការចោទប្រកាន់ទាំងនោះភ្លាមៗ។ ព្រះអង្គបាន មានថេរដីកាថា “នេះជារឿងមិនពិតទេ ក្មេងៗដែលអាត្មាយកមកចិញ្ចឹមនោះគឺសុទ្ធតែជាកូនកំព្រា គ្មានទីពឹងទាំងស្រី ទាំង ប្រុស ហើយបានបង្ហាត់បង្រៀនឲ្យជួយ ផលិតសាប៊ូលាងចាន ដើម្បីទុកជាទុន សម្រាប់ប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងទៅថ្ងៃក្រោយ។ម្យ៉ាងវិញទៀតក្មេងៗទាំងអស់បានចំណេះទៀតផង ចំណែកវត្តចំណេញមិនចាំបាច់ទិញគេអាចប្រើប្រាស់បោកខោអាវ បោកស្បង់ចីពរបានផងដែរ”។

ប្រជាពលរដ្ឋស្នើថ្នាក់ដឹកនាំមន្ទីរធម្មការនិងអាជ្ញាធរពាក់ព័ន្ធចុះទៅស្រាវជ្រាវរកការពិត តើពិតដូចការលើកឡើងរបស់ពុទ្ធបរិស័ទឬពិតដូចព្រះអង្គមានថេរដីកា?

គួរបញ្ជាក់ថាវត្តខ្ពបអណ្តែតឬវត្តក្របៅស្ថិតក្នុងភូមិអាចម៍កុកសង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ហេង នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ពុទ្ធបរិស័ទចោទប្រកាន់ព្រះគ្រូសូត្រស្តាំចិញ្ចឹមស្រីក្មេងតែព្រះអង្គបដិសេធ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: