អភិបាលខេត្ត​កំពង់ឆ្នាំង គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង ខ្លះ​ផង​

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង បាន​យក​តម្លៃ​សំបុត្រ​ចម្លង​រថយន្ត​ធុន​តូច​ក្នុង​១​គ្រឿង​ដល់​ទៅ​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​អាមេរិក ដែល​តម្លៃ​នេះ​មិន​មានចែង​នៅក្នុង​សៀវភៅ​បន្ទុក​ឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ម្ចាស់​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង កំណត់​យក​ថ្លៃ​ឆៅៗ​តាម​ទំនើងចិត្ត​របស់ខ្លួន​តែម្តង ហើយ​មន្ត្រី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។

មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា ការដែល​ថៅកែ​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង យក​តម្លៃ​ចម្លង​រថយន្ត​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺអាច​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង​ផងដែរ ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ក៏​អាច​ជាប់ទាក់ទង​នឹង​ផលប្រយោជន៍​ដូចគ្នា ទើប​បើកដៃ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង យក​ថ្លៃ​ចម្លង​រថយន្ត​ធុន​តូច​ក្នុង​១​គ្រឿង​ដល់​ទៅ​៨​ម៉ឺន​រៀល​។ មានការ​រិះគន់​ខ្លាំងៗ​ថា​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង មិនបាន​ចំណាយ​ដើមទុន​សម្រាប់​អភិវឌ្ឍន៍​កំពង់ដ​ឡើយ គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​រាប់រយ​លាន​ដុល្លារ​ដើម្បី​ជីក​ព្រែក​កាត់​កោះ​ធ្វើ​ផ្លូវ​ឆ្លងកាត់ ដើម្បី​ងាយស្រួល​ចម្លង​អ្នកដំណើរ​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង ហើយ​ទីបំផុត​ក្រុមហ៊ុន​គឺជា​អ្នកទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​កាណូត​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង មាន​ចម្ងាយ​ជិត​ជាង​មុន​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ទាំង​ពេលវេលា​ទាំង​លុយកាក់ ហើយ​តម្លៃ​ប្រេងឥន្ធនៈ​ក៏​ធូរ​ជាង​មុន​ផងដែរ ប៉ុន្តែ​ក្រុមហ៊ុន​បែរជាយក​ថ្លៃ​ចម្លង​រថយន្ត​ធុន​តូច​ដល់​ទៅ​៨​ម៉ឺន​រៀល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​ទង្វើ​មិន​ប្រក្រតី​របស់​ថៅកែ​ក្រុមហ៊ុន​កាណូត​ដ​ទទឹង​កំពង់ឆ្នាំង​-​កំពង់​បឹង​។ បើ​មិន​ដូច្នេះ​ទេ​គេ​អាច​បន្ត​ឃុបឃិត​ជាមួយ​ក្រុមមន្ត្រី​ពុករលួយ​ឆ្លៀតឱកាស​ប្រមូល​លុយ​តាម​អំពើ​ចិត្ត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​កាន់តែខ្លាំង​ក្នុងការ​ឆ្លង​ដ​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង និង​ពី​ស្រុក​កំពង់លែង មក​ក្រុង​កំពង់ឆ្នាំង​វិញ​៕

k-ship-chnang1 k-ship-chang