ឱនភាព​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កើនឡើង​ក្នុង​ខែសីហា

សហរដ្ឋអាមេរិក ៖ ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ច្រើន​ជាង​ការ​គិត​ទុក​មុន​ក្នុង​ខែសីហា ព្រោះតែ​មាន​កំណើន​នៃ​ការ​នាំ​ចូល​មក​ទូទាត់​ជាមួយ​ការ​នាំ​ចេញ ។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចន្លោះ​ពាណិជ្ជកម្ម​បាន​កើនឡើង​៣% មក​ស្មើនឹង​៤០.៧៣​ប៊ី​លាន​ដុល្លារ ។ ការ​នាំ​ចូល​បាន​កើន​ស្មើនឹង​កម្រិត​ដែល​ខ្ពស់​ជាងគេ​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ ខណៈ​ការ​នាំ​ចេញ​បាន​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​តាំងពី​ខែកក្កដា ឆ្នាំ​មុន​។ ចំណែក​ឱនភាព​ពាណិជ្ជកម្ម​ក្នុង​ខែកក្កដា ត្រូវ​បាន​កែ​ពី​៣៩.៤៧​ប៊ី​លាន មក​៣៩.៥៥​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

តាម​ការ​ស្ទង់​មតិ​អ្នក​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ថា ចន្លោះ​ពាណិជ្ជកម្ម​នឹង​ធ្លាក់​ចុះ​មក​ស្មើនឹង ៣៩.២​ប៊ី​លាន​ដុល្លារ​ក្នុង​ខែសីហា ។

ជាមួយ​គ្នា​នេះ តម្លៃ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​តម្លៃ​ប្រាក់​ដទៃ​ទៀត ។ ភាគហ៊ុន​ក្នុង​សហរដ្ឋអាមេរិក ត្រូវ​បាន​ទិញ​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​របស់​រតនាគារ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​វិញ ។

ការ​នាំ​ចេញ​បាន​សាប​ទៅ​វិញ ដោយសារ​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ​លែង​មាន​ប្រសិទ្ធភាព​។ គួរ​បញ្ជាក់​ថា តម្លៃ​ប្រាក់​ដុល្លារ​មាន​ភាពរឹងមាំ​អស់​ប្រមាណ​២​ឆ្នាំ​មក​ហើយ បើ​ធៀប​នឹង​តម្លៃ​ប្រាក់​ដទៃ​ក្នុង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ។

តាម​សេចក្តីរាយការណ៍​មួយទៀត​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​កបាន​បន្ថែម​ការងារ​ប្រមាណ​១៥៤​ពាន់​ក្នុង​ខែកញ្ញា ដែល​តិច​ជាង​ចំនួន​អ្នក​សេដ្ឋកិច្ច​បាន​ព្យាករណ៍ ។

ក្នុង​ខែសីហា ការ​នាំ​ចេញ​ផលិតផល និង​សេវាកម្ម​បាន​កើនឡើង​០,៨% ស្មើនឹង​១៨៧.៨៥​ប៊ី​លាន​ដុល្លារ ។ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​២,៦% និង​១,២% សម្រាប់​សហភាព​អឺរ៉ុប ។ រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​អង់គ្លេស កើនឡើង​២,៤% ។

ចំណែក​ការ​នាំ​ចូល​ផលិតផល និង​សេវាកម្ម​វិញ​បាន​កើនឡើង​១,២% ស្មើនឹង​២២៨.៥៨​ប៊ី​លាន​ដុល្លារ​ក្នុង​ខែសីហា ។ តម្លៃ​ប្រេង​មធ្យម​ស្មើនឹង​៣៩.៣៨​ដុល្លារ​ក្នុង​១​ធុង​ក្នុង​ខែសីហា ធ្លាក់​ចុះ​២០,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ការ​នាំ​ចូល​ពី​ប្រទេស​ចិន​កើនឡើង​៩,៥% ខណៈ​ឱនភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន កើនឡើង​១១,៦% មក​ស្មើនឹង​៣៣.៨៥​ប៊ី​លាន​ដុល្លារ​ក្នុង​ខែសីហា ៕