នៅ​ព្រឹកស្អែក កញ្ញា ធី សុវណ្ណ​ថា នឹង​ធ្វើ​សន្និសីទកាសែត

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ថា នៅ​សណ្ឋាគារ​សាន់​វ៉េ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៩៨ តុលា ២០១៦ កញ្ញា​នឹង​ធ្វើ​សន្និសីទកាសែត​ស្តី​ពី​«​ផែនការ​សកម្មភាព​អង្គការ​យុវជន​កិច្ច​សង្គម​» ។

កាលពី​ថ្ងៃ​ម្សិលមិញ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ជូន​ដល់​សិស្ស​ក្រីក្រ​ចំនួន​១,០០០​កន្លែង ដោយ​ឥត​គិតថ្លៃ ។

បើ​តាម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក្នុង​ចំណោម​១០០០​កន្លែង​សម្រាប់​សិស្ស​ក្រីក្រ​ដែល​ចង់​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ​រួម​មាន​៖ ៤៩០​កន្លែង សម្រាប់​សិស្ស​ធ្លាក់​បាក់​ឌុ​ប (​បរិញ្ញាបត្រ​រង ២​ឆ្នាំ​) ៤៩០​កន្លែង សម្រាប់​សិស្ស​ជាប់​បាក់​ឌុ​ប (​បរិញ្ញាបត្រ ៤​ឆ្នាំ​) និង ២០​កន្លែង បរិញ្ញាបត្រ​ផ្នែក​សុខាភិបាល​(​ពេទ្យ​)  សម្រាប់​សិស្ស​ជាប់​និទ្ទេស ABCD ។ បើ​តាម​កញ្ញា ធី សុវណ្ណ​ថា សិស្ស​ក្រីក្រ​ដែល​ទទួល​បាន​អាហារូបករណ៍​ក៍​នឹង​មាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

ប្រភព​មួយទៀត​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា សន្និសីទកាសែត​នៅ​ព្រឹកស្អែក​នេះ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម​រូប​នេះ ក៍​នឹង​អាច​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​របស់​កញ្ញា និង​សាកលវិទ្យាល័យ​អន្ដរជាតិ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ការ​រួម​គ្នា​បង្កើត​សាកលវិទ្យាល័យ​អន្តរជាតិ​មួយ​នៅ​កម្ពុ​ជានា​ពេល​ឆាប់​ៗ​ខាង​មុខ​ផង​ដែរ ៕