ញាក់សាច់ ! សន្តិសុខ​៥​នាក់​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​បាន​ធ្វើ​ឲ្យ​សន្តិសុខ​សាលា​ខណ្ឌមានជ័យ​៥​នាក់​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ខណៈ​ពេល​ចុះ​បង្ក្រាប​ក្រុម​រថយន្ត​តាក់ស៊ី​ដែល​ចត​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា តាម​ធម្មតា​ម្ចាស់​រថយន្ត​ខាងលើ​ក៏​ដូច​ជា​រថយន្ត​តាក់ស៊ី​ផ្សេង​ៗ​ទៀត​តែងតែ​នាំ​គ្នា​ឈប់​ចត​ដណ្តើម​ម៉ូយ​ដាក់​រថយន្ត​យ៉ាង​អនាធិបតេយ្យ​រៀងរាល់ថ្ងៃ​នៅ​លើ​ស្ពាន​ព្រះ​មុ​វង្ស​ថ្មី និង​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ធ្វើ​ឲ្យ​កកស្ទះ​ចរ​រា​ចរណ៍​ណែនណាន់តាន់តាប់​ជា​ញឹកញាប់ ហើយ​អាជ្ញាធរ​ណែនាំ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​ពួក​គេ​នៅ​តែ​ឈប់​ដាក់​ម៉ូយ​ទាំង​បំពាន​ច្បាប់ ។

ប្រភព​បន្ត​ទៀត​ថា ផ្តើម​ចេញពី​បញ្ហា​នេះ​ទើប​នៅ​វេលា​ខាងលើ មន្ត្រី​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ​បាន​ឆ្មក់​ទៅ​ចាប់​រថយន្ត​ខាងលើ​បំណង​ផាកពិន័យ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ដែល​មាន​ចេតនា​គេចវេះ​ពី​ការ​ផាកពិន័យ ទើប​ព្យាយាម​បើករថយន្ត​រត់គេច​ដោយ​ទាំង​សន្តិសុខ​សាលា​ខណ្ឌ​ទៅ​ជាមួយ​ដល់​ក្បែរ​វត្ត​ចំប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ មាន​ចំងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ស្ពាន​ច្បារ​អំពៅ ទើប​សមត្ថ​កិច្ចសហការ​គ្នា​ចាប់​បាន រួច​រំដោះ​សន្តិសុខ​សាលា​ខណ្ឌ​ទាំង​៥​នាក់​មក​វិញ​ទាំង​ព្រលឹង​ចុង​សក់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​តាក់ស៊ី​ដែល​បើក​រត់គេច​ដោយ​ទាំង​សន្តិសុខ​ខណ្ឌ​៥​នាក់​នោះ​ម៉ាក​សាំ​យ៉ុ​ង​១២​កៅអី ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-8355 បើកបរ​ដោយ​ឈ្មោះ សាយ គឹ​ម​ហ័​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ។

ចំពោះ​ករណី​ខាងលើ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ​សម្រេច​ធ្វើការ​អប់រំ​ម្ចាស់​រថយន្ត​ខា​លើ​ដោយ​ធម៌​ត្រជាក់ ហើយ​ផាកពិន័យ​ចំនួន​១០​ម៉ឺន​រៀល​ជា​ការ​ព្រមាន​លើក​ទី​១ ។ តែបើ​ថ្ងៃក្រោយ​មិន​រាងចាល​ទៀត គឺ​ផាកពិន័យ​គុណ​នឹង​២​ដង ឬ​អាច​មាន​វិធានការ​ផ្សេង​ពី​នេះ ៕