ប្តឹង​គ្នា​ដល់​តុលាការ បែរជា​មក​ដណ្ដើម​កូន​​នៅផ្ទះ

ខេត្តកណ្ដាល ៖ មន្ត្រី​នគរបាល​ក្រសួង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​មន្ត្រី​នគរបាល​ខេត្តកណ្ដាល​បាន​ប្តឹង​ឲ្យ​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ ភោគ រ​ដ្ឋា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល ក្រសួងមហាផ្ទៃ ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​អំពៅព្រៃ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​បន្ត​នីតិវិធី ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម សូ​ដេ​ត អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្តកណ្ដាល មាន​ទីលំនៅ​ភូមិ​តា​ដោល​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​មានកូន​ស្រី​ម្នាក់​ទើបតែ​មាន​អាយុ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​តែងតែមាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ញឹកញាប់​ណាស់ រហូត​ប្ដឹង​លែងលះ​គ្នា​ដល់​តុលាការ​តែ​មិន​ទាន់​ដាច់ស្រេច​ទេ ដោយ​នៅផ្ទះ​ជាមួយ​គ្នា​ដដែល ។

ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្ដី​បាន​ទាមទារ​យក​កូនស្រី​តូច​ទៅ​ជាមួយ​ខ្លួន ប៉ុន្តែ​ប្រពន្ធ​មិន​ព្រមឱ្យ​កូន​នោះ​ទៅ​ប្ដី​តែ ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក រហូត​មានការ​ប្រតាយប្រតប់​គ្នា ។ ពេល​នោះ​បុរស​ជា​ប្ដី​បាន​វាយ​មួយ​កែងដៃ​ត្រូវ​ចំ​មុខ​ប្រពន្ធ​បណ្ដាល​ឱ្យ​បែក​ហូរ​ឈាម​រង​របួស​យ៉ាងដំណំ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ជា​ប្ដី​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

លោក ម៉ែ​ន ច​ន្ទ័​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​ខាងលើ លោក​បាន​ព្យាយាម​ធ្វើការ​សម្រប​ស​ម្រួ​សភា​គី​ទាំង​សងខាង​ឲ្យ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​មិន​ត្រូវ​គ្នា​វិញ​សោះ លោក​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​ទៀត ៕