ប៉ូលិស​ចាប់​យី​ឌុ​ប​ដឹកឈើ​របស់​ឧកញ៉ា​ម្នាក់ រួច​ដោះ​លែង​វិញ​នៅ​ក្រុង​សែន​មនោ​រម្យ

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​សង្ស័យ​ខុសច្បាប់ រយៈពេល​ប្រមាណ​៣​ម៉ោង ក៏​ដោះ​លែង​វិញ ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ណា​អះអាង​ថា មានច្បាប់​ឬ​អត់​ច្បាប់​នោះ​ទេ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្បួន​រថយន្ត​យី​ឌុ​ប​ចំនួន​០៤​គ្រឿង​ដែល​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឃាត់​ចាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ តុលា ២០១៦ ចំណុច​ផ្លូវ​ចំណោត​អូរ​រ​មី​ស ក្នុងភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែ​មនោ​រម្យ​នោះ គឺ​របស់​លោក​ឧកញ៉ា វី​ដា ដែល​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​មិនដឹង​ថា ដឹក​យក​ទៅ​ណា​ឲ្យ​ប្រាកដ​ទេ​។

ជា​ការ​កត់សម្គាល់ ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ត្រូវ​បាន​គេ​ដឹង​ថា មាន​សកម្មភាព​ប្រមាណ​១​ស​ប្តា​ហ៏​មក​ហើយ ខណៈ​មន្ត្រី​ជំនាញ​ព្រៃឈើ​និយាយ​ថា ឈើ​ទាំងនោះ​គេ​មានច្បាប់​ត្រឹមត្រូវ​។ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា វី​ដា ឬ​អ្នកតំណាង​របស់​លោក​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា​។

ចំណែក​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ប្រហែល​ត្រូវ​ដង​ត្រូវ​ផ្លែ​អស់​ទៅ​ហើយ​។ ប្រជា​សហ​គម​ន៏​នៅ​ស្រុក​កោះ​ញែក​បាន​និយាយ​ថា មុន​ពេល​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​បរប​ស់លោក​ឧកញ៉ា គេ​បានឃើញ​ក្រុម​ឈ្មួញ​ជា​ច្រើន​បាន​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ​យក​ទៅ​ទម្លាក់​ក្នុង​ឃ្លាំ​មួយ​កន្លែង​ដែល​ហ៊ុំ​ព័​ទ្ឋ​បិទ​ជិត​ទៅ​ដោយ​របង​ស័ង្កសី​ព​ណ័​ខៀវ ។ ប្រជា​សហ​គម​ន៏​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​យី​ឌុ​ប​ទាំងនោះ អាច​មាន​ភាព​មិន​ប្រក្រតី ព្រោះ​តាំងពី​មួយ​ឆ្នាំ​មុន គេ​ឮ​តែ​ឧកញ៉ា វី​ដា ព្យាយាម​រត់ការ​សុំ​ជំនាញ​និង​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដើម្បី​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​ត្រូវ​បរាជ័យ ព្រោះ​មាន​យុ​ទ្ឋ​ការ​បង្ក្រាប​ការ​រត់​ព​ន្ឋ​ឈើ​ទូ​ទាំង​ប្រទេស ទើប​ធ្វើ​ឲ្យ​ដំណើរការ​ដឹក​ជញ្ជូន​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់​នោះ ត្រូវ​អាក់ខាន​រហូត​មក​ដល់​ពេល​នេះ ទើប​ឃើញ​មានការ​ដឹក​ជញ្ជូន​ឡើង​វិញ ។

មហាជន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ចាត់វិធានការ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​ផង បើសិនជា​ឈើ​ទាំងនោះ​ពិតជា​បាន​បង់​ព​ន្ឋ​ចូល​រដ្ឋ​ពិតមែន ក៏​គួរ​សាលាខេត្ត​មណ្ឌលគិរី​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប ព្រោះ​សព្វថ្ងៃ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មាន​ច្រើន​មិន​ពិបាក​នោះ​ទេ ឬ​មួយ​ថា​ឈើ​ទាំងនោះ​ពិតជា​ខុសច្បាប់​ដូច​គេ​ដាក់​ការ​សង្ស័យ​មែន?៕