ជនពិការ​នឹង​ទទួលបាន​សេវា​ថែទាំ​ដល់​មូលដ្ឋាន​ និពន្ធដោយ : អ៊ីសា រ៉ហានី       October-07-2016, 3:10 pm         183

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជនពិការ​នឹង​ទទួលបាន​សេវា​ថែទាំ​ដល់​មូលដ្ឋាន​​សៀមរាប​៖ មូលនិធិ​ជនពិការ​ខេត្តសៀមរាប បានរៀបចំ​ឲ្យ​មាន​រថយន្ត​ចល័ត​សម្រាប់​ថែទាំ​ជនពិការ​ដល់​មូលដ្ឋាន​។ គម្រោង​នេះ នឹង​ប្រើប្រាស់​រថយន្ត​ចល័ត ដោយមាន​បំពាក់​នូវ​ឧបករណ៍ សម្ភារ​ជាច្រើន ដើម្បី​ថែទាំ​សុខភាព​ជនពិការ​ចំនួន​៣​ខេត្ត មាន​ខេត្តសៀមរាប ព្រះវិហារ និង​កំពង់ធំ ដែល​គោលបំណង​សំខាន់ គឺ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា​របស់​ជនពិការ​។​

​គម្រោង​បំពាក់​សម្ភារ​ថែទាំ​សុខភាព​ជនពិការ​លើ​រថយន្ត​ចល័ត បាន​ចាប់ដំណើរការ ក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥ ដោយមាន​ការគាំទ្រ​ពី បុគ្គលិក និង​មណ្ឌល​ស្តារ​ខេត្តបាត់ដំបង​។ គម្រោង​នេះ​ចាប់​ផ្តើមដំបូង ដោយ​ជ្រើសរើស​ស្រុក​ក្រឡាញ់ និង​ស្រុក​ជីក្រែង សម្រាប់​អនុវត្តន៍​គម្រោង​របស់​ខ្លួន​។

​កាលពី​ខែសីហា និង​ខែកញ្ញា​កន្លងទៅ រថយន្ត​ចល័ត​ដោយ​បំពាក់​រាល់​ឧបករណ៍​សម្រាប់​ថែទាំ​សុខភាព និង​ជួសជុល​ដល់​ជនពិការ ដំណើរការ​សាកល្បង​លើ​រថយន្ត​ថ្មី ដែល​ឧបត្ថម្ភ​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC)​។ ក្នុង​រយៈពេល​២​ខែ​ដំបូង សេវា​រថយន្ត​ចល័ត​ដែល​គ្រប់គ្រង​ដោយ​មូលនិធិ​ជនពិការ​ខេត្តសៀមរាប បាន​ចុះ​ទៅដល់​ស្រុក​ចំនួន​៣ មានស្រុក​ក្រឡាញ់ ស្រីស្នំ និង​អង្គរជុំ និង​បានផ្តល់​សេវា​ដល់​ជនពិការ​បាន​ចំនួន​ជាង​មួយរយ​នាក់​។​

ជនពិការ​នឹង​ទទួលបាន​សេវា​ថែទាំ​ដល់​មូលដ្ឋាន​ និពន្ធដោយ : អ៊ីសា រ៉ហានី       October-07-2016,  3:10 pm         183

​នៅ​ព្រឹក​ថ្ងៃទី​៧ តុលា រថយន្ត​ចល័ត​សម្រាប់​ជួសជុល និង​ថែទាំ​សុខភាព​ជនពិការ បានដាក់​សម្ពោធ​សម្រាប់​សេវា​ប្រើប្រាស់​របស់ខ្លួន​។ រថយន្ត​នេះ នឹង​បំពេញបេសកកម្ម​ក្នុង​ខេត្ត​ចំនួន​៣ មាន​ខេត្តសៀមរាប ព្រះវិហារ និង​កំពង់ធំ​។ ពិធី​សម្ពោធ​រៀ​បំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច តំណាង ICRC បុគ្គលិក និង​ជនពិការ ដែល​កំពុងស្នាក់នៅ​ក្នុង​អាការ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​។​

​តំណាង ICRC បាន​ឲ្យ​ដឹងថា ជាង​២០​ឆ្នាំ​មកហើយ ដែល ICRC ជួយ​រាជរដ្ឋាភិបាល​លើ​បញ្ហា​ជនពិការ​។ លោក បាត វើ​មី​រេ​ន (Bart Vermeiran) បាន​កោតសរសើរ​ចំពោះ​កិច្ចសហការ​ល្អ​លើ​ការអនុវត្ត​គម្រោង​នានា ដែល​បាន​ចូលរួម​ពី​ក្រសួង​សង្គមកិច្ច ក៏ដូចជា​មូលនិធិ​ជនពិការ​។ តាម​លោក​តំណាង ICRC គម្រោង​ផ្តល់​រថយន្ត​ចល័ត​នេះដែរ គឺ​បាន​កិច្ចសហការ​ពី​អង្គការ​ដៃគូរ​របស់ខ្លួន​មួយទៀត ដែលជា​អ្នក​ដំឡើងរថយន្ត និង​រាល់​ឧបករណ៍ប្រើប្រាស់​ក្នុង​រថយន្ត​ទាំងមូល​។ លោក បាត វើ​មី​រេ​ន បាន​ប្រាប់​ដល់​ក្រុមការងារ​អនុវត្តន៍​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ផ្តល់​សេវាកម្ម​ដល់​ជនពិការ​ឲ្យ​មានគុណ​ភាពល្អ ទៅតាម​បច្ចេកវិទ្យា​ថ្មី​នាពេល​បច្ចុប្បន្ន​។​

​ដូចគ្នានេះដែរ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន យុវនីតិសម្បទា លោក សែម សុខា ក៏បាន​លើកទឹកចិត្ត​សម្រាប់​ជនពិការ​ទាំងមូល​ផងដែរ​។ លោក​បញ្ជាក់ថា​៖« យើង​ត្រូវ​ធានាថា ជនពិការ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ​តទៅ​មុខ ជនពិការ​លែង​ជា​ជនពិការ​ទៀតហើយ​»​។ ត្រង់ចំណុច​នេះ​ដោយ​ចង់​បញ្ជាក់ថា មន្ត្រី​និង​បុគ្គលិក​ទាំងអស់ ត្រូវ​មើល​លើ​រាល់​តម្រូវការ​របស់​ជ​ន​ពិការ និង​ត្រូវបំពេញ​រាល់​តម្រូវការ​របស់​ពួកគេ ដូច្នេះ​តទៅ​មុខ ជនពិការ​លែង​ខ្វះខាត​អ្វី​ទៀតហើយ​៕