ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​៖ សម្ដី​អាក្រក់​របស់លោក Duterte គ្រាន់តែ​ជា «Style» និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-07-2016, 3:01 pm         383

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​៖ សម្ដី​អាក្រក់​របស់លោក Duterte គ្រាន់តែ​ជា «Style»ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Pimentel និងលោក Rodrigo Duterte​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ហ្វីលីពីន បានចេញ​មុខការ​ពារ​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​តែងតែ​ប្រើប្រាស់​ពាក្យសម្ដី​គ្រោតគ្រាត​មិន​សមរម្យ​ដាក់​មេដឹកនាំ​ប្រទេស​ផ្សេង ជាពិសេស​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា តែម្ដង​។ ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ហ្វីលីពីន ចាត់ទុក​ពាក្យសម្ដី​ទាំងនោះ ជា «Style» របស់លោក Duterte ប៉ុណ្ណោះ ហើយ​វា​ក៏​នឹងមិន​ប៉ះពាល់​ទំនាក់ទំនង​ការទូត​អ្វី​ដែរ​។

​ជាច្រើនលើក​ច្រើនសារ​ម​ក​នោះ ប្រធានាធិបតី​ហ្វីលីពីន តែង​ប្រើ​សម្ដី​មិន​ពិ​រោះ ដាក់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ហ្វីលីពីន​-​អាមេរិក ធ្លាក់ចុះ​គួរកត់សម្គាល់​។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​លោក Aquilino Pimentel III និង​ប្រធាន​មតិ​ភាគច្រើន​លោក Vicente Sotto III បានចាត់ទុក​ពាក្យសម្ដី​ទ្រគោះបោះបោក គ្រាន់តែ​ជាការ​ប្រើ​វោហារសាស្ត្រ​ប៉ុណ្ណោះ​។

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៥ ខែតុលា លោក Pimentel ដែល​មកពី​បក្ស​តែមួយ​ជាមួយ​លោក Duterte និយាយថា វា​ជា Style របស់​ប្រធានាធិបតី ហើយ​លោក Duterte ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ក៏​ដោយសារ​ពាក្យសម្ដី​នេះដែរ​។ លោក​បន្តថា​៖ « ឲ្យ​គាត់ (​លោក Duterte) ធ្វើ​អ្វី​តាមចិត្ត​ទៅ ព្រោះ​គាត់​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ការងារ​។​»

​បើតាម​សារព័ត៌មាន Rappler ប្រធានព្រឹទ្ធសភា​រូបនេះ ក៏​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់ អនុញ្ញាត​ឲ្យ​លោក Duterte ធ្វើ​អ្វី​ដែលជា​ចរិត​របស់លោក​ទៅ​។ ហើយ​លោក​អះអាង​ដែរ​ថា ពេលខាងមុខ លោក Duterte នឹង​ផ្លាស់ប្ដូរ​ការប្រើ​សម្ដី​បែបនេះ​មិន​ខាន​។ នេះ​ក៏​ព្រោះតែ លោក Duterte នឹង​រៀន​ពីបទ​ពិសោធន៍ និង​កំហុស​ពីមុន ហើយ​លោក​នឹង​ពិចារណា​លើ​មតិ​សាធារណជន ដើម្បី​កែប្រែ​ពាក្យសម្ដី​មិន​សមរម្យ​ទាំងនោះ​។

​ដោយឡែក​ប្រធាន​មតិ​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក Sotto វិញ ចាត់ទុក​សម្ដី​ចម្រូងចម្រាស​របស់​ប្រធានាធិបតី Duterte ជាការ​បង្ហាញ​អារម្មណ៍​ប៉ុណ្ណោះ ដែល​វា​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​ឡើយ​។ លោក​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជាការ​បញ្ចេញ​អារម្មណ៍​មួយ​ប៉ុណ្ណោះ​។ ហេតុអ្វី​បានជា​ត្រូវ​ខ្វល់​ពី​វា​ម្ល៉េះ​? លោក​អាច​ប្រាប់​អ្នកណា​ឲ្យ​ចុះ​នរក ហើយ​លោក​ក៏​អាច​ប្រាប់​ឲ្យ​អ្នកណាម្នាក់ ឡើងឋានសួគ៌​បានដែរ​»​។ 

​បន្ថែម​ពីលើ​នេះ ទាំង​លោក Pimentel និង​លោក Sotto ក៏បាន​បង្ហាញ​ជំហរ​ដូចគ្នា​ថា ទំនាក់ទំនង​ការទូត​របស់​ហ្វីលីពីន ពិសេស​ជាមួយ​អាមេរិក នឹងមិន​ធ្លាក់ចុះ​ឡើយ​។ លោក Pimentel អះអាងថា ការលើកឡើង​របស់លោក Duterte ទំនង​មានន័យថា លោក​ចង់បាន​បាន​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ប៉ុណ្ណោះ ដោយ​មិន​ចង់​ពឹងផ្អែក​ខ្លាំង​តែ​លើ​អាមេរិក​នោះឡើយ​។​

​ចំណែក​លោក Sotto ក៏​បន្ថែមថា លោក​មិន​បារម្ភ​ឡើយ ហើយ​លោក​ប្រធានាធិបតី ក៏​កំពុង​គិតពី​បញ្ហា​នេះដែរ​ហើយ​។ ដោយ​សំដៅលើ​កិច្ចព្រមព្រៀង​រវាង​ហ្វីលីពីន និង​អាមេរិក លោក​បន្តថា អ្វីៗ​នៅ​មិនទាន់​អនុវត្ត ឬ​ចូល​ជា​អចិន្ត្រៃយ៍​នៅឡើយ​ទេ ហើយ​ច្បាប់​ក៏​មិនទាន់​ចូល​ជា​ធរមាន​ដែរ​៕