កម្ពុជា អាចស្តារមុខមាត់ពេលជួបស្រីលង្កា នៅថ្ងៃអាទិត្យ បន្ទាប់ពីចាញ់ក្រុមហុងកុង

ការបន្តចាញ់ក្រុមសម្បូរដោយកីឡាករចូលសញ្ជាតិ ហុងកុង ២-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា បន្សល់ទុកត្រឹមការសុំទោស ចំពោះអ្នកគាំទ្រ ដែលខំអង្គុយទស្សនា និងលលើកទឹកចិត្តទាំងកណ្តាលភ្លៀងនោះ តែក៏មានអ្នកទស្សនាមួយចំនួនទៀត មានការខកចិត្តផងដែរ ព្រោះពួកគេបានមើលឃើញថា ទម្រង់លេងរបស់ក្រុមកម្ពុជា ហាក់មិនសូវស៊ីចង្វាក់គ្នា និងមានភាពយឺតជាងមុន។

mm1

យ៉ាងណាក៏ដោយ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែសរសើរដល់ការលេងកូនក្រុមរបស់លោក ដោយលោកបាននិយាយក្រោយការប្រកួតថា៖«ខ្ញុំដឹងថាអ្នករាល់គ្នាមានគំនិតខុសៗគ្នាចំពោះទម្រង់លេងនៅថ្ងៃនេះ ប៉ុន្តែចំពោះខ្ញុំ មើលឃើញថា កីឡាករទាំងអស់របស់កម្ពុជា លេងបានល្អហើយ។ ចំណែកកំហុសឆ្គងមួយចំនួនទៀត ខ្ញុំនឹងប្រឹងប្រែងកែប្រែឲ្យបានល្អវិញ ដើម្បីត្រៀមការប្រកួតជម្រុះបានរង្វាន់ AFF Suzuki Cup 2016 ខាងមុខនេះ»។

បើទោះបីជាមានការបញ្ជាក់យ៉ាងនេះក្តី ប៉ុន្តែសម្រាប់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់កម្ពុជា នៅតែមានការបារម្ភ ទៅលើការត្រៀមខ្លួនរបស់ក្រុមតំណាងឲ្យកម្ពុជា ក្នុងការប្រកួតប្រជែងដណ្តើមយកកៅអីតែមួយគត់ ជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងនាមជាម្ចាស់ផ្ទះនៃវគ្គជម្រុះ AFF Suzuki Cup 2016 ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលានេះ។

mm2

ជាមួយការធ្លាក់ចុះនៃទំនុកចិត្តនេះ វាជំរុញឲ្យក្រុមកម្ពុជា ត្រូវធ្វើការកាន់តែធ្ងន់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកចុងក្រោយជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកជ័យជម្នះ ក្នុងការផ្តល់កម្លាំងចិត្តចំពោះក្រុមទាំងមូលផង ពិសេសបង្កើនភាពជឿជាក់ដល់អ្នកគាំទ្ររបស់ខ្លួនឡើងវិញ មុនការប្រកួត AFF Suzuki Cup 2016។

បើតាមប្រវត្តិជួបគ្នាកន្លងមក ក្រុមកម្ពុជា ធ្លាប់បានចាញ់ក្រុមម្ចាស់ផ្ទះស្រីលង្កា ១-០ ក្នុងការប្រកួតមិត្តភាព កាលពីឆ្នាំ២០០១ តែកម្ពុជា ធ្លាប់លត់ក្រុមស្រីលង្កា ៦-១ ក្នុងកម្មវិធី Merdeka Tournament កាលពីឆ្នាំ១៩៧២ នៅប្រទេសម៉ាឡេស៊ី។

Sri_Langka_National4

ចំណែកបច្ចុប្បន្ននេះ ក្រុមស្រីលង្កា កំពុងឈរនៅចំណាត់ថ្នាក់ទី១៩៣ ក្នុងតារាង FIFA គឺទាបជាងក្រុមកម្ពុជា ដែលទើបឡើងមកឈរក្នុងចំណាត់ថ្នាក់១៧៣ កាលពីខែកញ្ញា។ បន្ថែមលើនេះ លទ្ធផលនៃការប្រកួតចំនួន៣លើករបស់ក្រុមស្រីលង្កា ក្នុងឆ្នាំ២០១៦នេះ ក៏មិនសូវល្អប៉ុន្មានដែរ គឺក្នុងការប្រកួតពានរង្វាន់ Bangabandhu Cup 2016 កាលពីខែមករា ក្រុមស្រីលង្កា បានចាញ់ក្រុមបង់ក្លាដែស ៤-២ និងចាញ់ក្រុមនេប៉ាល់ ១-០ មុនពេលពួកគេទៅស្មើជាមួយក្រុម Foreigners XI ក្នុងការប្រកួត Exhibition Games នៅប្រទេស Colombo កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមកនេះ។

យោងតាមប្រវត្តិជួបគ្នា និងលទ្ធផលនៃការប្រកួតរបស់ក្រុមស្រីលង្កា ក្នុងឆ្នាំ២០១៦នេះ និងសន្ទះនៃការប្រឹងប្រែងលេងរបស់ក្រុមកម្ពុជា គឺអាចបង្ហាញឲ្យឃើញថា កម្រិតនៃការលេងរបស់ក្រុមទាំង២នេះ ប្រហាក់ប្រហែលគ្នា ប៉ុន្តែកម្ពុជា អាចមានប្រៀបជាងបន្តិច ព្រោះលេងនៅលើទឹកដីរបស់ខ្លួន ដោយមានអ្នកគាំទ្ររាប់ម៉ឺននាក់ កំពុងចាំលើកទឹកចិត្ត។ ហេតុនេះ សម្រាប់ការជួបក្រុមស្រីលង្កា នៅថ្ងៃអាទិត្យនេះ ក្រុមគោព្រៃកម្ពុជា អាចមានភាគរយច្រើន ក្នុងការស្តារមុខមាត់ឡើងវិញ ដើម្បីក្រសោបដួងចិត្តអ្នកគាំទ្រ ឲ្យចូលរួមគាំទ្រខ្លួនកាន់តែច្រើន ក្នុងការប្រកួត AFF Suzuki Cup 2016៕

The post កម្ពុជា អាចស្តារមុខមាត់ពេលជួបស្រីលង្កា នៅថ្ងៃអាទិត្យ បន្ទាប់ពីចាញ់ក្រុមហុងកុង appeared first on CamboSport.