រុស្ស៊ី​ប្រកាស​ព្រមានបាញ់​ទម្លាក់​រាល់​មីស៊ីល​អាមេរិក​ដែល​គំរាម​កំហែង​ស៊ីរី

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ព្រមាន​កាលពី​ថ្ងៃ​ទី​៦ តុលា​ថា អាច​ស្ទាក់​កម្ទេច​បណ្តា​មី​ស៊ី​ល​អា​មេ​រិ​ក​នៅ​ស៊ី​រី​ប្រសិនបើ​មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។

ក្រោយ​ពី​ព័ត៌មាន​នានា​ដែល​ថា​ក្រុង​វ៉ា​ស៊ី​ន​តោន​ពិចារណា​ពី​ការ​វាយប្រហារ​ប្រឆាំង​កងទ័ព​ស៊ី​រី ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ពី​ផែនការ​បាញ់​ទម្លាក់​រាល់​របស់​ដែល​ហោះ​ហើរ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅ​ស៊ី​រី​ក្នុង​គោលបំណង​ការពារ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នោះ​និយាយ​ថា កងការពារ​អាកាស​រុ​ស្ស៊ី​នឹង​បាញ់​ទម្លាក់​រាល់​អ្វី​ដែល​ហោះហើរ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅ​ស៊ី​រី​ដោយ​គូសបញ្ជាក់​ថា ប្រព័ន្ធ​ការពារ​អាកាស S-300 និង S-400 ពុំ​មាន​ពេល​កំណត់​អត្តសញ្ញាណ​ថា​តើ​របស់​ទាំងនោះ​មកពីណា​ឬ​ជា​របស់​អ្នក​ណា​ឡើយ ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ឧត្តមសេនីយ៍​អីុ​ហ្គ័​រ គូ​ណា​ឆេ​ន​កូវ អះអាង​ថា គេ​ត្រូវ​ដឹង​ថា បណ្តា​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​នឹង​ពុំ​មាន​ពេល​កំណត់​ពី​ទិស​ដៅ​នៃ​ការ​ហោះហើរ​ច្បាស់លាស់​របស់​បណ្តា​មី​ស៊ី​ល​និង​ថា តើ​មី​ស៊ី​ល​ទាំងនោះ​មកពីណា​ឡើយ ។ ចំពោះ​ពួក​អ្នក​ដែល​ចង់​និយាយ​ថា មាន​បណ្តា​យន្តហោះ​បំបាំងកាយ​នោះ​វារិ​ត​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ​វិញ អះអាង​ថា បណ្តា​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី S-300 និង​S-400 ដែល​ផ្តល់​នា​ពេល​ថ្មី​ៗ​នេះ​ដល់​ស៊ី​រី​ពុំ​ចោទ​ជា​ការ​គំរាមកំហែង​ណាមួយ​ឡើយ​និង​ថា​គេ​នឹង​ប្រើ​វា​តែ​ក្នុង​គោលបំណង​ការពារ​សុទ្ធសាធ ។

លោក​គូ​ណា​ឆេ​ន​កូវ បញ្ជាក់​ថា រាល់​ការ​វាយប្រហារ​តាម​អាកាស ឬ​ការ​បាញ់​មី​ស៊ី​ល​ប្រឆាំង​ដែនដី​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ស៊ី​រី នឹង​ចោទ​ជា​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​មួយ​ចំពោះ​កង​យោធា​រុ​ស្ស៊ី ។

មុន​នេះ​ក្រុង​មូ​ស្គូ អះអាង​ពី​ការ​បញ្ជូន​ប្រព័ន្ធ S-300 មក​ស៊ី​រី ដោយ​លើក​ហេតុផល​ថា វា​ជា​វិធានការ​ជាក់ស្តែង​ដើម្បី​ចៀសវាង​រាល់​ការ​វាយប្រហារ​ច្រឡំ​ប្រឆាំង​កង​យោធា​រុ​ស្ស៊ី​ដូច​គ្នា​នឹង​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក​នៅ​តំបន់ DEIR EZZOR ប្រឆាំង​កងទ័ព​ស៊ី​រី ។ ដូច្នេះ​កងទ័ព​ស៊ី​រី​ត្រូវ​បំពាក់​ប្រព័ន្ធ​ការពារ​អាកាស​ដែល​មាន​ប្រសិទ្ធភាព​រួច​បណ្តា​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​អាច​កម្ទេច​គ្រប់​របស់​ដែល​ហោះហើរ​ពុំ​ដឹង​អត្តសញ្ញាណ​លើ​ដែនអាកាស​ស៊ី​រី ។

បច្ចុប្បន្ន​មាន​ទាហាន​រុ​ស្ស៊ី​ប្រមាណ​ជា​៤.៣០០​នាក់ ដាក់​ពង្រាយ​នៅ​ស៊ី​រី ។ ពួក​គេ​ជា​អ្នក​បើក​យន្តហោះ​ប្រដេញ​ជា​អ្នក​បាញ់កាំភ្លើង​ធំ ជា​កង​កុំម៉ង់ដូ​ម៉ា​រី​ន ឬ​អ្នកបម្រើ​ការ​ឯទៀត​ៗ ដែល​ភាគច្រើន​ស្ថិត​នៅ​មូលដ្ឋាន​អាកាសចរណ៍  HMEIMIM ។ បណ្តា​ទីប្រឹក្សាយោធា​រុ​ស្ស៊ី​ក៏​ចេញ​ជួយ​នៅ​លើ​បណ្តា​ទីលានប្រយុទ្ធ​ដល់​កងទ័ព​ស៊ី​រី​ដែរ ។

ទាហាន​រុ​ស្ស៊ី​២០​នាក់​ស្លាប់​នៅ​ស៊ី​រី​តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​យោធា​នៅ​ប្រទេស​នោះ​ពី​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៥​មក ៕