កូរ៉េ​ខាងត្បូង​អំពាវនាវ​ឱ្យ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាងជើង

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​៧ តុលា​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​YONHAP រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង​លោក YUN BYUNG SE ថ្លែង​ថា ដល់​ពេល​ត្រូវ​ចាត់វិធានការ​កាន់តែ​ក្តៅ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាងជើង​ហើយ ។

រដ្ឋមន្ត្រី​រូប​នោះ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ពង្រឹង​វិធានការ​ប្រឆាំង​កូរ៉េ​ខាងជើង​រហូត​ដល់​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​មក​ពី​ការ​បន្ត​របស់​ក្រុង​ព្យុ​ង​យ៉ាង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក ដែល​រំលោភ​បំពាន​លើ​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ លោក​លើក​ពី​មាត្រា​ទី​៤១ នៃ​ធម្មនុញ្ញ​អ​.​ស​.​ប ដែល​គ្រោង​ឱ្យ​មានការ​កាត់​ផ្តាច់​ទាំងស្រុង ឬ​មួយ​ផ្នែក​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច គមនាគមន៍​ផ្លូវដែក ផ្លូវ​សមុទ្រ ផ្លូវអាកាស ប្រៃសណីយ៍ ទូរគមនាគមន៍ វិទ្យុ​អេ​ឡិច​ត្រូ​និក និង​មធ្យោបាយ​គមនាគមន៍ ឯទៀត​ៗ ព្រមទាំង​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ដើម្បី​ឱ្យ​សេចក្តីសម្រេច​ទាំងឡាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប មាន​ប្រសិទ្ធភាព ។

សរុប​កូរ៉េ​ខាងជើង​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​១៦៤ ទោះបីជា​មាន​រដ្ឋ​ត្រឹម​២៤ មាន​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្រុង ព្យុ​ង​យ៉ាង​ក្តី រួច​ស្ថានទូត​កូរ៉េ​ខាងជើង​មាន​បើក​ក្នុង​ប្រទេស​៤៦ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ទាមទារ​ជា​ច្រើន​លើក​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​ផលិត​និង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ផ្គើន​សេចក្តី​សម្រេចចិត្ត​ទាំងនោះ​ហើយ​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ដោយ​លើក​ហេតុផល​ថា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ប្រឆាំង​ការ​គំរាមកំហែង​របស់​អា​មេ​រិក៕