លោកប៉ា សុ​ជាតិ​វង្ស ត្អូញត្អែរខ្លាំង​ថា… ​

រាជធានី​ភ្នំពេញ ​៖ បច្ចុប្បន្នរាជធានី​ភ្នំពេញ មាន​រថយន្ត​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី​ផ្លូវការ ក្នុង​នោះ​រថយន្ត​ធំ​មាន​ប្រមាណ​៤​ម៉ឺន​គ្រឿង ​ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍ដោយ​បំផ្លាញ​ផ្លូវ​ថ្នល់ និង​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៍​ស្ទើ​ររាល់ថ្ងៃ និង​ធ្វើ​ឱ្យអាជ្ញាធរ​មាន​ការ​លំបាក ​ក្នុង​វិធានការ​បង្ក្រាប ឬ​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​​ពី​ប្រជាពលរដ្ឋ​ស្ទើរ​រាល់ថ្ងៃ​ផង​ដែរ ។

ថ្លែង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋខណ្ឌចំការមន ក្នុង​វេទិការ​សាធារណៈ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ពេល​ថ្មី​ៗ​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​​ បានសម្តែង​នូវ​ការ​ត្អូញត្អែរ​ជា​ខ្លាំង ​ចំពោះ​វិធានការ​បង្ក្រាប​រថយន្ត​ធំ​ចូល​ក្នុង​ក្រុង ដែល​អាជ្ញាធរ​ពិតជា​មានការ​លំបាក​ ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​​នោះ ។

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញបាន​លើក​ឡើង​ថា បញ្ហា​រថយន្ត​ធំ​ៗ​ចូល​ក្រុង​មិន​ទាន់​អាច​ទប់ស្កាត់​បាន​នោះ​ទេ ដោយសារ​ភ្នំពេញ​នូវ​មាន​តម្រូវការ​ផ្នែក​អភិវឌ្ឍន៍​សំណង់​ទៅ​លក្ខណៈ​ក្រុមហ៊ុន អង្គភាព និង​ឯកជន​របស់​ប្រជាពលរដ្ឋ ។​

លោក​បាន​លើក​ជា​សំនួ​រថា ក្នុង​រាជធានី​ភ្នំពេញ មាន​រថយន្ត​ប្រមាណ​៤០​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី និង​ធ្វើ​ចរាចរណ៍ ក្នុង​ចំណោម​​នេះ មាន​រថយន្ត​ធន់​ធំ​ប្រមាណ​៤​ម៉ឺន​គ្រឿង ឥឡូវនេះ​យើង​ទប់ស្កាត់​បាន​ប្រមាណ​៩០% នៃ​ឡាន​ធំ​មិន​ឲ្យ​ចូល​ក្រុង ប៉ុន្តែ​នៅ​សល់​១០%​ទៀត​ដែល​អាជ្ញាធរ​មានការ​លំបាក និង​ចាំបាច់​ត្រូវ​ចូល ដោយសារ យើង​ឲ្យ​គេ​សាងសង់ ដូច​ជា កោះ​ពេជ្រ ត្រូវ​សួរ​ថា តើ​ឲ្យ​គេ​ដឹក​ដែក ដឹក​ថ្ម ឬ​ខ្សាច់​ចូល​ទេ ? ត្រូវ​តែ​ឲ្យ​គេ​ចូល ជប៉ុន​ធ្វើ​លូ ជួយ​ឥត​សំណង គេ​សុំ​អាទិភាព​ឡាន​ធំ​ចូល​២០​ឬ​៣០​ឡាន តើ​ឲ្យ​គេ​ចូល​ទេ ?​បើ​មិន​ឲ្យ​ចូល​វា​ប៉ះពាល់​គម្រោង​គេ ចឹ​ង​មាន​តែ​ឲ្យ​គេ​ចូល និង​បងប្អូន​ប្រជាជន​យើង​ធ្វើ​ផ្ទះ​តើ​ឲ្យ​ដឹក​ចូល​ទេ ? ត្រូវ​តែ​ឲ្យ​គាត់​ចូល ។ ​ស្ថានទូត​អា​មេ​រិ​ក​ស្នើ​សុំ​ដឹក​សាំង​១​ស៊ីទែន​ម្តង​២​ម៉ឺន​លី​ត្រ ដែល​ខ្នាត​នេះ​ហាម​មិន​ឲ្យ​ចូល​ទេ តែបើ​មិន​ឲ្យ​គាត់​ចូល គាត់​ថា នេះ​ជា​គម្រោង​ស្ថានទូត​របស់​គាត់ ចឹ​ង​មាន​តែ​ឲ្យ​ចូល ដែល​មិន​អាច​ចៀស​ផុត តែ​ក្នុង​នោះ​ក៏​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​មូលដ្ឋាន​យើង​ខ្លះ និង​អ្នក​រកស៊ី​មួយ​ចំនួន​តូច​ដែល​ឈ្លាតឱកាស​ផង​ដែរ ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា បងប្អូន​យើង​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​អំពី​បញ្ហា​ខាងលើ​នេះ​ទេ មើល​តែ​មួយ​ជ្រុង ថា អាជ្ញាធរ​នេះ​ធូរ​លង់ តែ​តាម​ការ​ពិត​យើង​ធ្វើ​ការងារ​នេះ​យ៉ាង​ម៉ត់ចត់  តែ​មិន​អាច​ចៀស​ផុត តែ​ការ​ដែល​ឲ្យ​គាត់​ចូល​ចឹ​ង​បាន​ធ្វើ​ឲ្យ​ផ្លូវ​៥០+៥០ ឬ​ផ្លូវ​បេតុង​ឆ្អឹង​ឬ​ស្សី​មិន​អាច​ទ្រាំទ្រ​បាន​គឺ​ឆាប់​ខូច និង​មានការ​កកស្ទះ​ចរាចរ​ណ៏​បែប​នេះ ចឹ​ង​ស្ថានភាព​គ្រប់គ្រង​ឡាន​ធំ​មិន​ទាន់​បាន​ល្អ​នោះ​ទេ តែ​ពេល​នេះ​យើង​បាន​ធ្វើ​ផ្លូវ​ចាក់​បេតុង​ឆ្អឹង​ដែក​ត្រូវ​តាម​ស្តង់ដា ដែល​មិន​ឲ្យ​ខ្លាច​ឡាន​ដូច​មុន​ទៀត​ទេ ។​

ជាក់ស្តែង ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ធ្វើ​ផ្លូវ​បាន​ជាង​៣៨០​គីឡូ ស្តារ​ប្រឡាយ​ជាង​៣០​គីឡូ ដាក់​លូ​បាន​ជាង​២៤៦​គីឡូ និង​ធ្វើ​ការងារ​ជា​ច្រើន​ទៀត ។