រន្ធត់ ! កំពុង​ឈរ​មុខ​ផ្ទះ ស្រាប់តែ​​មក​កាប់​របួស​សុស​ខ្លួន

ខេត្តកណ្តាល ៖ ពិតជា​រន្ធត់​ខ្លាំង​ណាស់ ដែល​ខណៈ​កំពុង​ឈរ​មុខ​ផ្ទះ​សុខ​ៗ​ស្រាប់តែ​បុរស​ម្នាក់​កាន់​កាំបិត​ផ្គាក់​២​មក​កាប់​បណ្ដាល​ឲ្យ​រង​របួស​សុសសាច់ ។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ឆែម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ជនល្មើស​ឈ្មោះ អ៊ុ​ក សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​វត្ថុ​តាង​កាំបិត​ផ្គាក់​២​។

តាម​របាយការណ៍​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​កាន់​កាំបិត​ផ្គាក់​២(​កាន់​ដៃ​សងខាង​)​ដើរ​ឡូឡា​ពេញ​ភូមិ ខណៈ​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក៏​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​រង​របួស​ចំនួន​៦​កន្លែង ចំ​ក្បាល​២​កាំបិត ដេរ​១៤​ថ្នេរ​, ចំ​ស្មា​ខាងស្ដាំ​១​កាំបិត ដេរ​២​ថ្នេរ​, ចំ​ខ្នងដៃ​ខាងស្ដាំ​១​កាំបិត ដេរ​៦​ថ្នេរ​, ចំ​កែងដៃ​ខាងស្ដាំ​៦​កាំបិត ដេរ​៦​ថ្នេរ និង​ចុង​ចិញ្ចើម​ខាងឆ្វេង​១​កាំបិត ដេរ​២​ថ្នេរ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចាប់​ជនសង្ស័យ​ចងដៃ​ចងជើង​ទុក​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន ហើយ​បាន​ប្រើ​អំពើ​ហិង្សា​ម្នាក់​១​ដៃ​១​ជើង​បណ្តាល​ឲ្យ​មាន​របួសស្រាល បន្ទាប់​មក​ក៍បាន​ទៅ​បឹ្ត​ង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ចាត់ការ​តាម​នីតិវិធី ៕