តោះ​ទៅ​មើល​ក្រុម​គោព្រៃ​កម្ពុជា​ប៉ះ​ក្រុម​តោ​ចម្បាំង​ស្រី​លង្កា​នៅ​ថ្ងៃអាទិត្យខាន​ស្អែក​នេះ​ទាំងអស់​គ្នា​ !

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា «​គោព្រៃ​»​បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ចិន​ហុងកុង​២-០​ក្នុង​ទឹកដី​របស់​ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​៦ តុលា រួច​មក ពេល​នេះ​កំពុង​ត្រៀមខ្លួន​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្រី​លង្កា​ដែល​មាន​រហស្សនាម​ថា​«​តោ​ចម្បាំង​»​នា​ថ្ងៃអាទិត្យ
ខានស្អែក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

លោក ចាន់ មិថុនា មន្ត្រី​ទំនាក់ទំនង​ផ្នែក​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា តាម​ពិត​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្រី​លង្កា​ត្រូវធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៧​តុលា ប៉ុន្តែ​ដោយសារ​ថ្ងៃ​នោះ​ពុំ​មាន​ជើងហោះហើរ​ទើប​សម្រេច​មក​ថ្ងៃ​ទី​៦ តុលា តែ​ម្ដង ។

លោក ឆាំង ពិសិដ្ឋ ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា ក្រុម​គោព្រៃ​កម្ពុជា និង​ក្រុម​តោ​ចម្បាំង​ស្រី​លង្កា ធ្លាប់​ជួប​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៧២​ក្រុម​កម្ពុជា​ឈ្នះ​៦-១ និង​នៅ​ឆ្នាំ​២០០១​ក្រុម​ស្រី​លង្កា​ឈ្នះ​១-០​វិញ ។ ចំណែក​ការ​ជួប​គ្នា​លើក​នេះ លោក​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ដែល​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​៩ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទាំងអស់​គ្នា ។ ចំណែក​សំបុត្រ​ចាប់ផ្ដើម​លក់​ពី​ថ្ងៃនេះ​តទៅ​នៅ​បញ្ជរ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​តម្លៃ​១០.០០០​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង​៥.០០០​រៀល​សម្រាប់​កន្លែង​គ្មាន​ដំបូល ៕