វីង​ទទួល​បាន​ពាន​រង្វាន់​ធនាគារ​ឯកទេស​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា

ធនាគារ​ឯកទេស​វីង ខេមបូឌា ដែល​ជា​ធនាគារ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា បាន​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឯកទេស​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​ ដែល​ផ្ដល់​ដោយ​ស្ថាប័ន Global Business Outlook។

 

សេវា​ហិរញ្ញ​វត្ថុ​បាន​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ ក៏​ដូចជា​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ផង​ដែរ។ ទន្ទឹម​នឹង​ការ​ឈរ​លើ​ទស្សនៈ​វិស័យ​របស់​ខ្លួន វីង​ទទួល​បាន​ស្នាដៃ​នេះ​ក៏​ដោយ​សារ​តែ​ការ​ផ្ដល់​ជូន​នូវ​សេវា​ហិរញ្ញ​វត្ថុ​ដែល​មាន​តម្លៃ​សមរម្យ ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​មិន​មាន​គណនី​ធនាគារ ដែល​ភាគ​ច្រើន​ជា​ប្រជាជន​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ដែល​ការ​ជ្រៀត​ចូល​របស់​វិស័យ​ធនាគារ​នៅ​តំបន់​ទាំង​នោះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

 

វីង​ទទួល​បាន​ពាន​រង្វាន់​ធនាគារ​ឯកទេស​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា

 

រង្វាន់​នេះ បង្ហាញ​ថា វីង បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​ជំរុញ​សេវា​ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​ដែល​មាន ឬ​ក៏​គ្មាន​គណនី​ធនាគារ។ ជាមួយ​​ភ្នាក់ងារ​វីង ជិត ៥០០០ កន្លែង​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​បង់​វិក្កយបត្រ ឬ​ទទួល​ប្រាក់​ពី​សាច់​ញាតិ​ដែល​ធ្វើការ​នៅ​ទីក្រុង ឬ​ក៏​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​បាន​ដោយ​ងាយ​ស្រួល។

 

“រង្វាន់​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា វីង មិន​ត្រឹម​តែ​ជា​ធនាគារ​ឈាន​មុខ​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ធនាគារ​ឯកទេស​ដែល​មាន​ទំនុក​ចិត្ត និង​មាន​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ឈាន​មុខ​គេ​ក្នុង​ប្រទេស​ផង​ដែរ។ នេះ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​សេវាកម្ម​ដែល​មាន​ភាព​ងាយ​ស្រួល រហ័ស និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា”។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង។

 

លោក​បាន​បន្ត​ទៀត​ថា៖ “យើង​មាន​គោល​បំណង​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​សេវា​ហិរញ្ញ​វត្ថុ​ចល័ត ដូចជា ការ​ផ្ទេរ​ប្រាក់ បញ្ចូល​លុយ​ទូរសព្ទ បង់​វិក្កយបត្រ និង​សេវា​ទូទាត់​ប្រាក់​តាម​អនឡាញ ជាដើម។​ ជាមួយ​គ្នា​នេះ​ដែរ វីង​មាន​គោល​បំណង​ក្នុង​ការ​រក្សា​កិត្តិនាម​ជា​ធនាគារ​ឯកទេស​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ និង​ល្អ​បំផុត​លើ​វិស័យ​ផ្ទេរ​ប្រាក់​នៅ​កម្ពុជា”។

 

Global Business Outlook គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ចក្រភព​អង់គ្លេស​ និង​ធ្វើការ​ផ្ដោត​លើ​វិស័យ​ធនាគារ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​ឧស្សាហកម្ម​សំខាន់ៗ​ផ្សេងៗ​ទៀត៕

 

អត្ថបទ៖ ពាណិជ្ជកម្ម