និស្សិត​ខ្មែរ​ជាប់​ក្នុង​ចំណោម​៣ក្រុម​ចុង​ក្រោយ​ ការ​ប្រកួត​គំនិត​​​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង

និស្សិត​កម្ពុជា​១​ក្រុម ​​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលា​តិច​ណូ) ថ្មី​ៗ​​នេះ​បាន​​ជាប់​ក្នុង​វគ្គ​ជម្រុះ​៣​ក្រុម ចុង​ក្រោយ​ ក្នុង​កម្មវិធី​​ប្រកួត​​​បង្ហាញ​គំនិត​​​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ ​ដែល​មាន​ឈ្មោះ​ថា​ The YSEALI World of Food Innovation Challenge។

 

និស្សិត​ខ្មែរ​ជាប់​ក្នុង​ចំណោម​៣ក្រុម​ចុង​ក្រោយ​ ការ​ប្រកួត​គំនិត​​​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង
 

យុវជន​​ ថៃ​ សេរីវុឌ្ឍ និង​យុវតី ដឿន សីហា ដែល​ជា​សមាជិក​​​ពីរ​រូប​ក្នុង​ក្រុម​ ​​បាន​​​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ជ្រើស​រើស​ការ​បង្កើត​ ឧបករណ៍​នៃ​ការ​បង្កើត​មេ​ ដែល​​ជួយ​កសិករ​​ក្នុង​ការ​ធ្វើ​ជ្រក់​ប្រកប​ដោយ​គុណភាព អនាម័យ និង​ស្តង់​ដារ​ខ្ពស់​។

 

ការ​បង្កើត​គំនិត​​​ដោះ​ស្រាយ​​​របស់​ពួក​គេ​​ ​​ បាន​​យក​ឈ្នះ​លើ​បេក្ខភាព​​​ក្រុម​និស្សិត​ជា​ច្រើន​ក្នុង​​បណ្ដា​​​ប្រទេស​អាស៊ាន ដូច​ជា​ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម ។

 

៣​​ក្រុម​ចុង​ក្រោយ គឺ​នៅ​សល់ ក្រុម Cam Fermentation Kits (CFKs) ដែល​ជា​​ក្រុម​​កម្ពុជា​ខាង​លើ ក្រុម​ MINO Microbubble Technology របស់​ ឥណ្ឌូណេស៊ី និង​ក្រុម​ iSEA Forces របស់​ម៉ាឡេស៊ី។ បេក្ខភាព​ក្រុម​ទាំង​បី នឹង​​ឡើង​ធ្វើ​បទ​បង្ហាញ​​គំនិត​របស់​ពួក​គេ​នៅ​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​វិទ្យាសាស្ត្រ និង​​បច្ចេកវិទ្យា​ ដែល​នឹង​ធ្វើ​​ឡើង​នា​ចុង​ខែ​តុលា​ ខាង​មុខ​នេះ។ ​​​​​​​​​​​​​

 

​​​សម្រាប់​ក្រុម​ដែល​​ឈ្នះ​នឹង​ទទួល​បាន​ទស្សន​កិច្ច​សិក្សា​នៅ​ទី​ក្រុង​ Austin រដ្ឋ​ តិចសាស់ ជា​ទី​កន្លែង​បច្ចេកវិទ្យា​​សំខាន់​មួយ​របស់​​សហរដ្ឋអាមេរិក៕

 

 

អត្ថបទ៖ មាន រតនា​​​​​​​