ហេតុអ្វី​ចាំបាច់​ត្រូវ​ផ្ដល់​របប​កាល់ស្យូម​តាម​វ័យ​កូន​របស់​អ្នក?

បុត្រធីតា​របស់​អ្នក​ប្រៀប​បាន​នឹង​គ្រាប់​ពេជ្រ​ក្នុង​កែវ​ភ្នែក​អ្នក ហើយ​អ្នក​តែង​ថែទាំ​ថ្នាក់ថ្នម​គេ​ដោយ​ក្ដី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនុក​បម្រុង​នូវ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ។ ដូច្នេះ​បុត្រ​ធីតា​របស់​អ្នក​នឹង​លូត​លាស់​ធំ​ពេញ​វ័យ​បាន​យ៉ាង​ល្អ។ ទោះ​បី​ក្ដី​ស្រឡាញ់ និង​ការ​ថ្នាក់​ថ្នម ជា​ធម្មជាតិ​របស់​ម្ដាយ ប៉ុន្តែ​ការ​ចិញ្ចឹម​បីបាច់​បុត្រធីតា​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវទាមទារ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ធានា​ថា​កូន​របស់​អ្នក​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​ដែល​ល្អ​ប្រសើរបំ​ផុត។

 

ហេតុអ្វី​ចាំបាច់​ត្រូវ​ផ្ដល់​របប​កាល់ស្យូម​តាម​វ័យ​កូន​របស់​អ្នក?

 

អាហារូបត្ថម្ភ​ល្អ ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​ដែល​រាងកាយ​កូន​របស់​អ្នក​ត្រូវ​ការ​នូវ​ជីវជាតិ​អាហារ​បំប៉ន​ចម្រុះ។ អាហារ​បំប៉ន​ទាំង​នោះ​រួម​មាន កាល់ស្យូម កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែខនិក​ដែល​បាន​មក​ពី​ប្រភេទ​អាហារ​ផ្សេងៗ​គ្នា ដែល​នេះ​ជា​មូលហេតុ​តម្រូវ​ឲ្យ​អ្នក​ធានា​ផ្ដល់​នូវ​របប​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​កូន​អ្នក។

 

1000ថ្ងៃដំបូង
អាហារូបត្ថម្ភ​ល្អ​ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​បង្ក​កំណើត​ក្នុង​ផ្ទៃ​មាតា​រហូត​ដល់​កុមារ​អាយុ​២ខួប ព្រោះ​ថា​វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កូន​របស់​អ្នក​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ជីវិត​របស់​ពួក​គេ។ តាមការសិក្សាជាច្រើនបានបង្ហាញថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ​យូរ​អង្វែង គឺ​អាស្រ័យ​លើ​ការ​រៀបចំ​ក្នុង​ដំណាក់​កាល1000ថ្ងៃ​ដំបូងនៃ​ជីវិត​នេះ​ឯង។

 

ហេតុនេះ​ហើយ​ទើប​ស្ត្រី និង​កុមារ​ចាំបាច់​ត្រូវ​ទទួល​ទាន​អាហារូបត្ថម្ភ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ដំណាក់​កាល​នេះ។ អាហារូបត្ថម្ភ​ត្រឹម​ត្រូវ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង២ឆ្នាំ​ដំបូង​នៃ​ជីវិត​កុមារ ផ្ដល់​នូវ​មូលដ្ឋាន​រឹងមាំ​ដើម្បី​ពង្រឹង​ដល់​ការ​លូតលាស់​ខួរក្បាល ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ។

 

នេះ​ក៏​ជា​ដំណាក់​កាល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង​ផង​ដែរ។ វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព (NIH) និង មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ជំងឺ​ពុកឆ្អឹង និង​រោគ​ឆ្អឹង(ORBDNRC) នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា កង្វះ​អាហារូបត្ថម្ភ​ក្នុង​អំឡុង​ដំណាក់កាល​នេះ អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ឆ្អឹង​របស់​ម្ដាយ និង​ទារក​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត។

 

ដំណាក់កាលទាំង៣នៃការលូតលាស់ខ្លាំង៖

បុត្រធីតា​របស់​អ្នក​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ដោយ​ឡែកៗ នៅ​ពេល​គេ​លូតលាស់​ធំធាត់​គឺ វ័យ​កុមារ​តូច វ័យ​កុមារ និង​វ័យ​ជំទង់។ វ័យ​កុមារ​តូច​ជា​វ័យ​ដែល​គិត​ចាប់​ពី​ពេល​កើត​ដល់​អាយុ​ប្រាំបីឆ្នាំ ដែល​ក្នុង​វ័យនេះ​ពិត​ជា​ចាំបាច់​ណាស់​សម្រាប់​ការ​លូតលាស់​ផ្នែក​រូបរាង​កាយ សុខភាព និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​ចិត្តសាស្ត្រ​សង្គម។ ការ​លូតលាស់​ផ្នែក​ខួរក្បាល​គឺ​លឿន​បំផុត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត។

 

វ័យ​កុមារ គិត​ចាប់​ពី​អាយុ៨​ឆ្នាំ ដល់​១២ឆ្នាំ គឺ​ជា​ពេល​ដែល​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​ផ្នែក​បញ្ញា​ស្មារតី​យឺត​សន្សឹមៗ ប៉ុន្តែ​សន្ទុះ​នៃ​ការ​លូតលាស់​នៅ​តែ​បន្ត​ថេរ​រហូត​ដល់​វ័យ​គ្រប់ការ។ កុមារ​ក្នុង​ដំណាក់​កាល​នេះកំពុង​លូត​លាស់​ផ្នែក​សមត្ថភាព​ទំនាក់​ទំនង​អន្តរបុគ្គល និង​ទំនាក់​ទំនង​សង្គម។

 

ចាប់​ពី​អាយុ​១២ ដល់​១៨​ឆ្នាំ បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ឆ្លង​កាត់​វ័យ​ជំទង់​ដែល​ជា​ដំណាក់​កាល​មួយ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​ពិសេស។ ពួក​គេ​មាន​ការ​ផ្លាស់ប្ដូរ​ទាំង​ផ្នែក​រូបរាង​កាយ និង​បញ្ញា​ស្មារតី​នៅ​ពេល​ពួក​គេ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ។ ខួរក្បាល​ស្ថិត​ក្នុង​ដំណាក់​កាល​លូតលាស់​យ៉ាង​សំខាន់​ដែល​ជះឥទ្ធិពល​ដល់​សមត្ថភាព​ជំនាញ​ផ្នែក​សញ្ចេតនា​ផ្លូវចិត្ត ក៏​ដូចជា​សមត្ថភាព​ផ្នែក​បញ្ញា​ស្មារតី និង​រូបរាង​កាយ​ផង​ដែរ។

 

អាហារូបត្ថម្ភ​ត្រឹមត្រូវ​ក្នុង​បរិមាណ​ដ៏​សមស្រប៖
អាហារូបត្ថម្ភ​ល្អ ដើរ​តួនាទី​សំខាន់​គ្រប់​ដំណាក់កាល​នៃ​ការ​លូតលាស់។ ទន្ទឹម​នឹង​ពេល​ដែល​កូន​អ្នក​ទាមទារ​ការ​ផ្ដល់​នូវ​អាហារ​បំប៉ន​ច្រើន​ប្រភេទ ពួកគេ​ក៏​ទាមទារ​នូវ​បរិមាណ​ដ៏​សមស្រប​ផងដែរ​ដើម្បី​ឲ្យ​ការ​លូតលាស់​មាន​សុខភាព​ល្អ។ ការ​ផ្ដល់​អាហា​រូបត្ថម្ភ​ច្រើន​ពេក ឬ​តិច​ពេក អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​ជា​ធាត់​ជ្រុល ឆ្អឹង​ស្រួយ និង​ពុក​ធ្មេញ​ជា​ដើម។

 

ក្នុង​ចំណោម​អាហារូបត្ថម្ភ​ទាំង​អស់ កាល់ស្យូម​ជា​អាហារូបត្ថម្ភ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខភាព​ល្អ រឹងមាំ ព្រម​ទាំង​សារធាតុ​រ៉ែខនិក​ដ៏​សំខាន់​ដល់​សុខភាព និង​សុខុមាល​ភាព​បុត្រធីតា​របស់​អ្នក។ កាល់ស្យូម​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​ដែល​ឆ្អឹង​មាន​ស្ថានភាព​ខ្សោយ​វា​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង ការពារ​ជំងឺ​ក្រិស​ចំពោះ​កុមារ​ដែល​ស្ដែង​ឡើង​ដោយ​ឆ្អឹង​ទន់ និង​ជំងឺ​ឆ្អឹង​ទន់។​

 

ផ្ដល់​របប​កាល់ស្យូម​ទៅ​តាម​វ័យ៖
នៅ​ពេល​កូន​អ្នក​ទទួល​បាន​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់​តាំង​ពី​កុមារ​ភាព​រហូត​ដល់​អាយុ​ជាង១០ឆ្នាំ ពួកគេ​ចាប់​ផ្ដើម​ធំ​ពេញ​វ័យ​ដោយ​មាន​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការ​ផ្ដល់​នូវ​ជាតិ​កាល់​ស្យូម​សម​ស្រប​តាម​វ័យ​កូន​របស់​អ្នក។ ការ​ផ្ដល់​សារធាតុ​កាល់ស្យូម​សំខាន់​តិច​ពេក នឹង​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​នា​ពេល​អនាគត​ ប៉ុន្តែ​ការ​ផ្ដល់​កាល់ស្យូម​ច្រើន​អាច​បណ្ដាល​ឲ្យ​ចុកពោះ ទល់​លាមក ឬរាក។
របប​កាល់ស្យូម​ជា​ទូទៅ​កម្រ​ប៉ះពាល់​សុខភាព​ណាស់ ប៉ុន្តែ​បើ​ច្រើន​ពេក​ក៏​វា​មិន​ល្អ​ដែរ។ កាល់ស្យូម​ហួស​កម្រិត​មិន​បាន​ផ្ដល់​ការ​ការពារ​ឆ្អឹង​បន្ថែម​ទេ។ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​កាល់ស្យូម​ទាប​ជា​កត្តា​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប និង​អត្រា​គ្រោះថ្នាក់​ឆ្អឹង​បាក់​កម្រិត​ខ្ពស់។

 

នេះ​ជា​កម្រិត​របប​អាហារ​ណែនាំ​ប្រចាំថ្ងៃ (RDAs) សម្រាប់​ការ​ទទួល​ទាន​ជាតិ​កាល់​ស្យូម​អាស្រ័យ​តាម​វ័យ​បុត្រ​ធីតា​របស់​អ្នក។ កម្រិត​របប​អាហារ​ណែនាំ​ប្រចាំថ្ងៃ គឺ​ជា​កម្រិត​ប្រចាំថ្ងៃ​គិត​ជា​មធ្យម​នៃ​ការ​ទទួលទាន​ជីវ​ជាតិ​អាហារ​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ទ្រទ្រង់​សុខភាព​រាងកាយ​បុគ្គល​ម្នាក់ៗ(97-98%)។

 

ទឹកដោះ​គោ និង​ផលិត​ផល​ធ្វើ​ពី​ទឹកដោះ​គោ​ផ្សេង​ទៀត​សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​កាល់ស្យូម​ដ៏​ល្អ​បំផុត។ ផលិត​ផល​ភាគ​ច្រើន​ទាំង​នេះ​ក៏​មាន​វីតាមីន​ដេ​ផង​ដែរ ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង។​ យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​ប្រភព​អាហារ​សុខភាព​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដទៃ​ទៀត​មាន​ដូចជា ទឹកក្រូច​ស្រស់ ផលិត​ផល​អាហារ​ធ្វើ​ពី​សណ្តែក និង​ត្រី​ផង​ដែរ។

 

កុមារ​គួរ​ទទួល​ទាន​បរិមាណ​កាល់ស្យូម​ឲ្យ​បាន​សមស្រប​បំផុតពី​របប​អាហារ​របស់​ខ្លួន។ កាល​ណា​មិន​គ្រប់​គ្រាន់ ការ​ទទួល​ទាន​ផលិត​ផល​ជំនួយ​ជាតិ​កាល់​ស្យូម​បំពេញ​បន្ថែម ក៏​អាច​ជួយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​ពួកគេ​បាន​ដែរ។ ផលិត​ផល​បំពេញ​បន្ថែម​ទាំង​នេះ នឹង​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូន​របស់​អ្នក ព្រម​ទាំង​ជួយ​ឆ្អឹង និង​ធ្មេញ​របស់​ពួក​គេ​ឲ្យ​លូត​លាស់​រឹងមាំ​មាន​សុខភាព​ល្អ​ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​សុខភាព​បាន​ប្រសើរ​នា​ពេល​អនាគត៕

 

 

ប្រភពៈ  niams.nih.gov

អត្ថបទៈ ពាណិជ្ជកម្ម