លោក​ ហ៊ុន សែន​ បញ្ជា​ឲ្យ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ដែល​កំពុង​កើន​ឡើង

ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ នៅថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន សែន លើកឡើងថា គ្រឿងញៀនបាននិងកំពុងធ្វើឲ្យមានបញ្ហាយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសទៅលើយុវវ័យ។

ភ្នំពេញ — នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បង្ក្រាបឲ្យបានរាល់ករណីគ្រឿងញៀនដែលកំពុងកើតមាននៅកម្ពុជា ជាពិសេសករណីគ្រឿងញៀនឆ្លងប្រទេស។ សម្រាប់អ្នកវិភាគពីបញ្ហាសង្គមយល់ថា ការបញ្ជានេះនឹងគ្មានប្រសិទ្ធភាពនោះទេ ប្រសិនសមត្ថកិច្ចថ្នាក់ក្រោមមិនធ្វើការតាមតួនាទីច្បាប់។

Loading...

ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ នៅថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន សែន លើកឡើងថា គ្រឿងញៀនបាននិងកំពុងធ្វើឲ្យមានបញ្ហាយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសទៅលើយុវវ័យ។ លោកបន្ថែមថា បញ្ហាគ្រឿងញៀននៅកម្ពុជាមានស្ថានភាពប្រហាក់ប្រហែលនឹងករណីគ្រឿងញៀននៅប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដូចជាការជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ និងការបញ្ជាឲ្យជួញដូរគ្រឿងញៀនពីក្នុងពន្ធនាគារជាដើម។

លោក ហ៊ុន សែន បន្ថែមថា រដ្ឋាភិបាលប្រទេសទាំងនោះកំពុងចាត់វិធានការក្តៅដើម្បីបង្រ្កាបបទល្មើសគ្រឿងញៀនតាមរយៈការដាក់ទោសប្រហារជីវិត ប៉ុន្តែលោកថា កម្ពុជានឹងមិនកែរដ្ឋធម្មនុញ្ញដើម្បីដាក់ទោសប្រហារជីវិតលើអ្នកប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។

លោកនាយករដ្ឋមន្ត្រីខ្មែរបញ្ជាក់ថា៖

«សុំយកឱកាសនេះអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានទៅបង្ក្រាបគ្រឿងញៀនដែលកំពុងរីករាលដាល។ ពីប្រទេសមួយទៅកាន់ប្រទេសមួយ។ ប្រទេសនីមួយៗយកវិធានការមិនខុសគ្នាប៉ុន្មានទេ ក៏ប៉ុន្តែសម្រាប់យើង ជាប់គុកអស់មួយជីវិតគឺគ្រប់គ្រាន់ណាស់ហើយសម្រាប់អ្នកដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ»។

លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ VOA ថា ការចរាចរគ្រឿងញៀនមានការកើនឡើងទាំងនៅក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៦នេះ ជាពិសេសនៅតាមទីប្រជុំជន ដោយសារការអូសទាញពីជនខិលខូច និងចំណេះដឹងរបស់ប្រជាពលរដ្ឋលើវិបត្តិដែលបង្កឡើងដោយគ្រឿងញៀននៅទាប។ លោកបន្ថែមថា ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖

«ឥឡូវហ្នឹង យើងបានទទួលស្គាល់ថា ការរីករាលដាលបានបម្លាស់ទីពីទីប្រជុំជននិងទីក្រុងទៅជនបទ ទៅតំបន់ដាច់ស្រយាលមួយចំនួន ដោយសារការអូសទាញរបស់ក្រុមឧក្រិដ្ឋជន ក៏ដូចជាការចង់ប្រើប្រាស់សាកល្បងដោយសារការចាញ់ល្បិចរបស់ក្រុមជួញដូរគ្រឿងញៀនជាមួយនឹងភាពខ្វះការយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កដោយសារការប្រើប្រាស់គ្រឿងញៀន»។

លោកបន្ថែមថា អាជ្ញាធរគ្រឿងញៀនកំពុងធ្វើផែនការដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រ៥គឺ កាត់បន្ថយតម្រូវការគ្រឿងញៀន ទី២ កាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន កុំឲ្យគ្រឿងញៀនហូរចូលដល់ដៃអ្នកប្រើប្រាស់ ទី៣ ពង្រឹងប្រសិទ្ធភាព ព្យាបាលស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម ទី៤ ពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ ទី៥ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ។

អ្នកវិភាគពីការអភិវឌ្ឍសង្គម លោក មាស នី ប្រាប់ VOA ថា លោកហាក់គ្មានជំនឿលើការបញ្ជារបស់លោកនាយករដ្ឋមន្រ្តីនោះទេ ដោយលោកថា ប្រព័ន្ធនៃការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរស្ថិតនៅតែលើការបញ្ជារបស់មេដឹកនាំ ហើយមិនអនុវត្តច្បាប់តាមឆន្ទៈ។

លោកបញ្ជាក់ថា៖

«ប្រព័ន្ធនឹងវាហាក់ដូចជានៅតែពឹងផ្អែកលើអ្នកដឹកនាំ បើអ្នកដឹកនាំស្រែកទៅ ថាទៅបានផ្អើលបន្តិចទៅ បើអ្នកដឹកនាំមិនថា មិននិយាយទេ រឿងហ្នឹងវាវិលទៅខាងក្រោយវិញ អញ្ចឹងយើងត្រូវពិនិត្យឡើងវិញទៅលើដំណើរការរបស់ប្រព័ន្ធហ្នឹង ហើយធ្វើម៉េចរុញប្រព័ន្ធហ្នឹងឲ្យធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយរឿងសំខាន់បំផុតអ្នកណាដែលធ្វើខុសហ្នឹងត្រូវតែទទួលទោសទណ្ឌ ឧទាហរណ៍ដូចក្នុងថ្ងៃនេះយើងឃើញថាទោសទណ្ឌហ្នឹងវាបានត្រឹមតែដាក់ទៅលើអ្នកតូចតាច ប៉ុន្តែសម្រាប់អ្នកធំមានអំណាចដូចជាមិនឃើញមានអីសម្រាប់បង្ក្រាប ឬគ្រប់គ្រង»។

បើតាមរបាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៦ បង្ហាញថា កម្ពុជាមានអ្នកប្រើប្រាស់គ្រឿងញៀនចំនួនប្រមាណ១៧.០០០នាក់ក្នុងនោះ ៧០ភាគរយនៃបទល្មើសក្នុងសង្គមដូចជាការឆក់ប្លន់ជាដើម បង្កដោយបុគ្គលដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

កាលពីឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួនជាង៣.០០០ករណី។ ចំនួននេះ មានការកើនឡើងនេះ ប្រហែល១២៨ភាគរយធៀបនឹងឆ្នាំ២០១៤។

យោងតាមរបាយការណ៍គ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្នុងឆ្នាំកន្លងមកនេះ ការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងទាំងក្នុងកម្រិតថ្នាក់តំបន់ និងសាកលលោក៕

ប្រភព៖ VOA