ប៉ូលិស​ថា ជា​ករណី​ឃាតកម្ម ករណី​បុរស​ម្នាក់​ដែល​គេ​ថា ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ដួល ស្លាប់

(ពោធិ៍សាត់)៖ មន្ដ្រីនគរបាល ស្រុកក្រគរ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា ករណីនេះមិនមែនជាករណី ជិះម៉ូតូដួលបោកក្បាលស្លាប់នោះទេ ការពិតវាជាករណីឃាតកម្ម ព្រោះថាជនរងគ្រោះបានស្លាប់ដោយសារឃាតករ វាយក្បាលពីក្រោយនឹងរបស់រឹង បណ្តាលឲ្យដួលស្លាប់នៅ នឹងសសរជើងតាង ផ្ទះរបស់ជនសង្ស័យ ហើយយកម៉ូតូសង្កត់ពីលើ។
បុរសម្នាក់ដែលពីដំបូងគេសង្ស័យថា បានផឹកស្រាវឹងហើយជិះម៉ូតូ ដួលបោកក្បាលស្លាប់នៅថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ឥឡូវត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញមូលហេតុពិតហើយ គឺជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ មានខោខូវប៊យ របស់ជនសង្ស័យប្រឡាក់សុទ្ធតែឈាម និងដំបងគល់ឫស្សី ប្រឡាក់សុទ្ធតែឈាម ហើយមូលហេតុដែលនាំឲ្យ មានអំពើឃាតកម្ម កើតឡើង ព្រោះតែជនរងគ្រោះ ឈ្មោះ សាំង កុសល អាយុ២៧ឆ្នាំ បានចូលទៅផ្ទះជនសង្ស័យ ដោយសារតែតាមស្រលាញ់កូនរបស់ជនសង្ស័យ។
ក្រោយពេល ស្រាវជ្រាវចប់សព្វគ្រប់ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប។
សាកសពជនរងគ្រោះដែលស្រវឹងស្រាជោក ឡើងបើកម៉ូតូទប់មិនជាប់ ដួលបោកក្បាលស្លាប់នោះមានឈ្មោះ សាំង កុសល ហៅមួយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគពេញមួយថ្ងៃ ហើយបានជិះម៉ូតូមកលេងផ្ទះគូកនឈ្មោះ ហ៊ីម ម៉ាណ ភេទប្រុស ជនជាតិខ្មែរឥស្លាម ពេលអង្គុយបានមួយសន្ទុះ ជនរងគ្រោះបានឡើងបញ្ជាម៉ូតូបម្រុងត្រឡប់ទៅវិញក៏ទប់មិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើតែម្តង៕
ប៉ូលិស​ថា ជា​ករណី​ឃាតកម្ម ករណី​បុរស​ម្នាក់​ដែល​គេ​ថា ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ដួល ស្លាប់