រដ្ឋមន្ត្រី​បរិស្ថាន ប្រាប់​«​ឧកញ៉ា​រកស៊ី​ឈើ​»​ឲ្យ​បញ្ឈប់​… និពន្ធដោយ : ថ្មីៗ       October-07-2016, 5:58 pm         1042

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​បរិស្ថាន ប្រាប់​«​ឧកញ៉ា​រកស៊ី​ឈើ​»​ឲ្យ​បញ្ឈប់​…​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែងប្រាប់​អ្នកកាសែត​អំពី​ផែនការ​សកម្មភាព​ច្រើន​ដំណាក់​កាលដែល​លោក​បាន និង​កំពុង​អនុវត្ត​ដើម្បី​បញ្ចប់​ការកាប់​ឈើ និង​ការជួញដូរ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​។​

​នៅក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ស្តីពី​បញ្ហា​បរិស្ថាន ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​៦​ខែតុលា លោក​រដ្ឋមន្ត្រី​បរិស្ថាន​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បាន​ជួប​ជជែក​គ្នា​ជាមួយ​ក្រុម​អ្នក «​រកស៊ី​ឈើ​»​កម្រិត​ខ្ពស់ និង​បាន​ប្រាប់​ពួកគេ​ឲ្យ​បញ្ឈប់​ជំនួញ​នេះ​។ បើ​គេ​ស្តាប់ឮ​ការរៀបរាប់​របស់លោក​រដ្ឋមន្ត្រី នេះ​គឺជា​វិធានការ​មួយ​នៅក្នុង​យុទ្ធនាការ​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា​។​

«​អ្នកខ្លះ​បាន​ដូរ​មុខរបរ​។ អ្នក​ខ្លះទៀត​មិនទាន់​ច្បាស់​។ យើង​បាន​បង្កើត​គណៈកម្មការ​បង្ក្រាប​តែម្តង​។ អ្នកសម្រេចចិត្ត​ថយ​ចេញ គឺ​ល្អ តែ​អ្នក​មិនទាន់​សម្រេចចិត្ត​ថយ​ទេ ត្រូវបាន​បង្ក្រាប​។ ហើយ​ជា​យុទ្ធសាស្ត្រ គឺ​យើង​បាន​បិទ​ព្រំដែន​តែម្តង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក សាយ សំ​អាល់​នៅក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​គម្រោង​ភាពជា​ដៃគូ​អភិវឌ្ឍន៍​តំបន​ទន្លេមេគង្គ​ដើម្បី​បរិស្ថាន​។​

​នៅក្រោយ​វេទិកា​និពន្ធ​នាយក​នោះ អ្នកកាសែត​បាន​តាម​សួរ​លោក​រដ្ឋមន្ត្រី​អំពី​អត្តសញ្ញាណ​នៃ​ក្រុម​អ្នករកស៊ី​ឈើ​កម្រិត​ខ្ពស់ ដែល​លោក​បាន​ជួប​ជជែក​គ្នា​។ ឆ្លើយ​ទាំង​រារែក​បន្តិច លោក​រដ្ឋមន្ត្រី​វ័យក្មេង​បាន​រៀបរាប់​ឈ្មោះ​អ្នក​ទាំងនោះ​៖«​យើង​បាន​និយាយ​ជាមួយ​ឧកញ៉ា​ខ្នា​, ទ្រី​ភាព​, អុល​, និង ថៃ​ផងដែរ​»​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ពួកគេ​បាន «​ដូរ​មុខរបរ​»​។​

​បើតាម​ការអះអាង​រប​ស់លោក សាយ សំ​អាល់ បន្ទាប់ពី​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម​អ្នករកស៊ី​ឈើ​កម្រិត​ខ្ពស់ លោក​ក៏​កំពុង​តែមាន​ចំណាត់ការ​ទល់នឹង​ក្រុម​ឈ្មួញ​ថ្នាក់​មធ្យម និង​តូច ដែល​អាច​កំពុង​ជ្រក​ក្រោម​ស្លាក ដេប៉ូ​ឈើ​។ ត្រង់នេះ​ដែល​លោក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ឲ្យ​ជួយ​ផ្តល់ព័ត៌មាន​ជាក់លាក់​ដល់​លោក​ផងដែរ ដើម្បី​បង្ក្រាប​ឈ្មួញ​«​រកស៊ី​ឈើ​ខុសច្បាប់​»៕