រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ជា​សេចក្ដី​ព្រាង​ច្បាប់​មួយ​ក្នុង​ចំណោម​សេចក្ដី​ព្រាង​ច្បាប់​នានា​ទៀត ដែល​ត្រូវ​បាន​សមាជិក​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត ក្នុង​កិច្ច​ប្រជុំ​សភា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា។

ទោះ​គ្មាន​ការ​ចូល​រួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បើក​កិច្ច​ប្រជុំ​តាម​ធម្មតា។ តំណាងរាស្ត្រ​ទាំង​អស់​ដែល​មាន​វត្តមាន​ចំនួន ៦៧​រូប បាន​លើក​ដៃ​​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នីមួយៗ ដោយ​គ្មាន​មតិ​ជំទាស់​ឡើយ។ ក្រៅ​ពី​នេះ ក៏​មាន​តំណាង​រដ្ឋាភិបាល​មក​ពន្យល់​បន្ថែម​លើ​សេចក្ដី​ព្រាង​នេះ។

ប្រធាន​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា មុន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចូល​មក​ដល់​កិច្ច​ប្រជុំ​អនុម័ត ក្រុម​ជំនាញ​របស់​រដ្ឋសភា​បាន​ប្រជុំ​ពិនិត្យ និង​កែសម្រួល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ញឹកញាប់។ លោក​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​រៀបចំ​ត្រឹមត្រូវ​តាម ៩១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ ២១​ថ្មី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា ក្នុង​គោលបំណង​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ពលរដ្ឋ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​មាន ៩​ជំពូក ៣៥​មាត្រា។ ក្រៅ​ពី​អនុម័ត​សេចក្ដី​នេះ កិច្ច​ប្រជុំ​របស់​រដ្ឋសភា​ក៏​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤​ទៀត អាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បោះឆ្នោត​ទុក​ចិត្ត​លើ​ការ​តែងតាំង​អគ្គសវនករ និង​អគ្គសវនករ​រង​ផង​ដែរ។

ដោយ​ឡែក សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល កើត​ឡើង​បន្ទាប់​ពី​វិស័យ​សុខាភិបាល​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មហាជន​រិះគន់​ទាំង​ការ​ផ្ដល់​សេវា​របស់​ក្រុម​គ្រូពេទ្យ និង​គុណភាព​ព្យាបាល។ ករណី​ជាក់ស្ដែង គ្រូពេទ្យ​នៅ​ខេត្ត​បាត់ដំបង ដែល​ត្រូវ​ចោទ​ថា ធ្វេសប្រហែស​ធ្វើ​ឲ្យ​មនុស្ស​ស្ទើរ​មួយ​ភូមិ​ឆ្លង​មេរោគ​អេដស៍ និង​ករណី​មនុស្ស​ស្លាប់​ជា​ច្រើន​ករណី​ទៀត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែល​មាន​ពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន។

​ជាក់ស្ដែង​អ្នក​មាន​ទ្រព្យធន​សមរម្យ មន្ត្រី​រដ្ឋ​ធំៗ​របស់​រដ្ឋាភិបាល ឬ​ក៏​លោក ហ៊ុន សែន ក៏​ទៅ​ពិនិត្យ​សុខភាព​នៅ​បរទេស​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និយាយ​ថា យោង​តាម​កិច្ច​ព្រមព្រៀង​អាស៊ាន តម្រូវ​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា​លើ​វិស័យ​សុខាភិបាល​ក្នុង​គោលបំណង​សម្របសម្រួល និង​ធានា​ការ​ទទួល​ស្គាល់​ការ​ប្រកប​វិជ្ជាជីវៈ​នៅ​បណ្ដា​ប្រទេស​អាស៊ាន។  លោក​ថ្លែង​អំណរគុណ​ដល់​ក្រុម​សមាជិកសភា​ដែល​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ៖ «»។

​នៅ​ក្នុង​វិស័យ​សុខាភិបាល​សព្វថ្ងៃ រដ្ឋាភិបាល​មាន​ច្បាប់ ព្រះរាជក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត រួម​ទាំង​គណៈ​គ្រូពេទ្យ គណៈ​ទន្តពេទ្យ គណៈ​គិលានុបដ្ឋាក គណៈ​ឆ្មប និង​គណៈ​ឱសថការី​ជាដើម។ ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ហេតុ​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា គណៈ​វិជ្ជាជីវៈ​ទាំង​អស់​នោះ​មិន​ទាន់​មាន​មូលដ្ឋាន​ច្បាប់ និង​ធនធាន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​គ្រប់គ្រង​សមាជិក​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​នៅ​ឡើយ។ រដ្ឋាភិបាល​រំពឹង​ថា សេចក្ដី​នេះ​នៅ​ក្លាយ​ជា​ច្បាប់ នឹង​ពង្រឹង​រាល់​លិខិត​បទដ្ឋាន​គតិយុត្តិ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ធានា​ទាំង​គុណភាព និង​សុវត្ថិភាព​របស់​ប្រព័ន្ធ​សុខាភិបាល​ទាំង​សាធារណៈ និង​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។