ឱ្យ​កូន​ដាំបាយ​ក្លាយជា​អគ្គិភ័យ​ឆេះ​ផ្ទះ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ទំហំ​៥x៦​ម៉ែត្រ សាងសង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ត្រូវ​ភ្លើង​ឆេះ​អស់​រួម​ទាំង​សម្ភារ​មួយ​ចំនួន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ តុលា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ។

ម្ចាស់ផ្ទះ​ឈ្មោះ​សែ​ម អុ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ​មុន ស្រី​ទុំ អាយុ​៣០​ឆ្នាំ មានកូន​៤​នាក់​ក្នុង​នោះ​ស្រី​២​នាក់ ។

អ្នក​ជិតខាង​ឱ្យ​ដឹង​ថា មុន​ពេល​ឆេះ​ឃើញ​ក្មេង​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​អង្គុយ​ដាំបាយ ដោយ​មិនដឹង​ឪពុក​ម្តាយ​ទៅ​ណា​ទេ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​ឡើង បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នក​ភូមិ​ជិតខាង​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់ ។ ទោះបីជា​បែប​ណា​ក្តី​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ទាំងស្រុង ។

ម្ចាស់ផ្ទះ​រៀបរាប់​ថា ទាំង​ពីរ​នាក់​ប្តី ប្រពន្ធ និង​កូន តូច​ៗ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ស៊ីឈ្នួល​គេ ដោយ​ទុក​កូន​អាយុ​៩​ឆ្នាំ​ឱ្យ​ចាំផ្ទះ និង​ដាំបាយ ។ ក្រៅពី​ផ្ទះ ភ្លើង​ឆេះ​អស់​អង្ករ​មួយ​ការុង ទូរស័ព្ទ​មួយ​គ្រឿង ប័ណ្ណ ក្រីក្រ​មួយ​សន្លឹក ទូរទស្សន៍​មួយ​គ្រឿង និង​លុយ​ចំនួន​១​លាន​៥​សែន​រៀល​៕