Duterte ប្រាប់​អាមេរិក​និង​អឺរ៉ុប​៖«​បើ​ចង់​ផ្តាច់ជំនួយ ក៏​ផ្តាច់​ទៅ​! យើង​មិន​អង្វរ​ទេ​!» និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-07-2016, 7:39 pm         212

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Duterte ប្រាប់​អាមេរិក​និង​អឺរ៉ុប​៖«​បើ​ចង់​ផ្តាច់ជំនួយ ក៏​ផ្តាច់​ទៅ​! យើង​មិន​អង្វរ​ទេ​!»​ការរិះគន់​របស់​អាមេរិក និង​អឺរ៉ុប​លើ​ចំណាត់ការ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​ដែល​បាននិងកំពុង​តែ​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សិទ្ធិមនុស្ស បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Rodrigo Duterte មិន​សប្បាយចិត្ត​ឡើយ ហើយ​លោក​ថែមទាំង​ទិតៀន​អឺរ៉ុប​និង​អាមេរិក​វិញ​ផង​។ នៅពេលនេះ លោក​ប្រធានាធិបតី​ហ្វីលីពីន Duterte ក៏​ផ្ញើ​សារ​ទៅ​អាមេរិក និង​អឺរ៉ុប ឲ្យ​ដក​ជំនួយ​ដែល​ផ្ដល់​ឲ្យ​ហ្វីលីពីន ហើយ​លោក​ក៏​មិន​ខ្ចី​អង្វរ​សុំ​ជំនួយ​ទាំង​នោះដែរ​។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

​បន្ទាប់ពី​លេចលឺ​ព័ត៌មាន​ថា ពាក្យសម្ដី​គ្រោតគ្រាត​របស់លោក​នាពេល​កន្លងមក អាច​ប៉ះពាល់​ដល់​ជំនួយ​អន្តរជាតិ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ហ្វីលីពីន ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏បាន​ប្រាប់​ចំៗ​ទៅកាន់​អឺរ៉ុប និង​អាមេរិក ឲ្យ​ដក​ជំនួយ​របស់​ពួកគេ បើ​ពួកគេ​មិន​ពេញ​ចិត្តនឹង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ទេនោះ​។ ហើយ​លោក​បាន​ប្រាប់ទៀតថា ហ្វីលីពីន ក៏​អាច​រស់​ដោយ​គ្មាន​ជំនួយ​បាន​។

​ប្រធានាធិបតី​ហ្វីលីពីន លើកឡើង​ដូចនេះ​នៅពេល​លោក​ទស្សនកិច្ច​នៅ​បន្ទាយ​ប៉ូលិស​មួយ កាលពី​ថ្ងៃទី​៦ ខែតុលា​។ លោក Duterte ថ្លែង​ទៅកាន់​មន្ត្រីប៉ូលិស​ថា ប្រសិនបើ​អាមេរិក និង​អឺរ៉ុប​គិតថា វា​ដល់ពេល​ត្រូវ​ដក​ជំនួយ​នោះ ពួកគេ​ដកចេញ​ទៅ​។ លោក​មិន​អង្វរ​ចង់បាន​ជំនួយ​នោះឡើយ​។ លោក​បន្តថា ហ្វីលីពីន ដែលជា​ប្រទេស​លោក​ទី​បី​នោះ នឹង​បន្តដំណើរ​ទៅមុខទៀត ដោយ​មិនចាំបាច់​មាន​ជំនួយ​បរទេស​ឡើយ​។​

​យ៉ាងណាក្ដី លោក​ប្រធានាធិបតី Duterte ក៏​អះអាង​ដែរ​ថា ក្នុងករណី​អាក្រក់​ដែល​ជំនួយ​ត្រូវ​ដក​មែន លោក​នឹង​ក្លាយជា​មនុស្ស​ដំបូង​ដែល​ស្លាប់​ដោយសារ​អត់​អាហារ​។ ហើយ​លោក​មិន​សម្រុះសម្រួល​ភាពថ្លៃថ្នូរ​របស់​ប្រជាជន​ហ្វីលីពីន ជាមួយ​អ្នកណា​ឡើយ​។ បើតាម​សារព័ត៌មាន Rappler បុរស​ខ្លាំង​រូបនេះ​បញ្ជាក់ថា អាមេរិក និង​អឺរ៉ុប មិនដែល​ដឹង​ពី​ការឈឺចាប់​របស់​ប្រជាជន​ហ្វីលីពីន​នោះទេ​។

​ប្រភពព័ត៌មាន​ដដែល​បន្ថែមថា ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ឲ្យ​ប្រជាជន​ហ្វីលីពីន ជ្រើសរើស​រវាង​ជំនួយ និង​ការរស់នៅ​ដោយ​ខ្លួនឯង​។ នោះ គឺ​ជម្រើស​រវាង​ប្រជាជន​ហ្វីលីពីន ដែល​ត្រូវ​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ជំនួយ​សេសសល់​ពី​ប្រទេស ឬក៏​ប្រកាន់​ជំហរ​ហ្វីលីពីន​អាច​រស់​ដោយ​ខ្លួនឯងបាន និង​ក្លាយជា​ប្រទេស​ដែល​ក្មេងជំនាន់ក្រោយ​ត្រូវបាន​ការពារ​នោះ​។​

​សូម​រម្លឹកថា ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​នោះ អាមេរិក បានផ្ដល់​ជំនួយ​យ៉ាងច្រើន​ដល់​ហ្វីលីពីន ជាពិសេស​លើ​វិស័យ​យោធា ខណៈដែល​ហ្វីលីពីន​កំពុង​ប្រឈមមុខ​ជាមួយ​ចិន ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ កងទ័ព​ហ្វីលីពីន ក៏​ទទួលបាន​ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង ហើយ​នេះ​មិនទាន់​រាប់បញ្ចូល​ជំនួយ​លើ​វិស័យ​ផ្សេង​ទៀតឡើយ​។ ចំណែក​សហភាព​អឺរ៉ុប​វិញ ក៏បានផ្ដល់​ជំនួយ​មិនតិច​ដែរ​ដល់​ហ្វីលីពីន ប៉ុន្តែ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​របស់លោក Duterte ធ្វើ​ឲ្យ​ហ្វីលីពីន និង​អឺរ៉ុប​មើលមុខ​គ្នា​មិនត្រូវ​៕