ធនាគារអភិវឌ្ឍន៍អាស៊ី និង​កម្ពុជា ចុះហត្ថលេខា​ ផ្តល់​កម្ចី​ទឹកប្រាក់ ១២៥ លាន​ដុល្លារ

ធនាគារអភិវឌ្ឍន៍អាស៊ី និង​កម្ពុជា ចុះហត្ថលេខា​ ផ្តល់​កម្ចី​ទឹកប្រាក់ ១២៥ លាន​ដុល្លារ



ភ្នំពេញ​: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ផ្តល់​កម្ចី និង ហិរញ្ញប្បទាន​បន្ថែម ក្នុង​ទឹកប្រាក់​សរុប​ចំនួន ១២៥ លាន​ដុល្លារ សម្រាប់​គម្រោង​ចំនួន ៤ ដើម្បី​លើកកម្ពស់ ការ​ផ្តល់​សេវា​សាធារណៈ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​លើកកម្ពស់​លទ្ធភាព ទទួល​បានការ​អប់រំ ប្រកបដោយ​គុណភាព​។

កិច្ចព្រមព្រៀង​ទាំងនេះ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ ២០១៦ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច ដោយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Noriko Ogawa អគ្គនាយករង​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​របស់ ADB​។

លោក អូន ព័​ន្ឋ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​ថា ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់​គម្រោង​/​កម្មវិធី​ចំនួន​បួន រួម​មាន​៖ ១)​កម្មវិធី​ពង្រឹង​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ (​អនុ​កម្មវិធី​ទី​១), ២) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​, ៣) កម្មវិធី​កំណែទម្រង់ វិមជ្ឈការ​សេវា​សាធារណៈ និង​ហិរញ្ញវត្ថុ (​អនុ​កម្មវិធី​ទី​២) និង​៤) គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ជំហាន​ទី​២ (​ហិរញ្ញប្បទាន​បន្ថែម​)  ដែល​កិច្ចព្រមព្រៀង សម្រាប់​គម្រោង​/​កម្មវិធី​ទាំង​បួន​នេះ មាន​ទឹកប្រាក់​សរុប ប្រមាណ ១២៦,៥ លាន​ដុល្លារ ។

លោក Samiuela Tukuafu នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​កម្មវិធី​ទាំង​បី និង​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ដល់​គម្រោង​ដែល​កំពុង​អនុវត្ត ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ នឹង​ផ្តល់​នូវ​ប្រយោជន៍​ពិត​ៗ​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ សាធារណៈ នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ក៏​ដូច​ជា​គុណភាព​អប់រំ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ផង​ដែរ​”​។

កម្ចី​ក្នុង​ទឹកប្រាក់ ៦៥ លាន​ដុល្លារ នឹង​ប្រើប្រាស់ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ដល់​អនុ​កម្មវិធី​នៃ​កម្មវិធី ពង្រឹង​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ និង​កម្មវិធី​វិមជ្ឈការ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​សេវា​សាធារណៈ​។ កម្មវិធី​ពង្រឹង​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រដ្ឋាភិបាល ដើម្បី​លើ​កម្ពស់​ដល់ ការ​គ្រប់គ្រង​ចំណាយ និង​ចំណូល​សាធារណៈ​ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព និង​ប្រសិទ្ធភាព​។ ដោយឡែក កម្មវិធី​វិមជ្ឈការ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​សេវា​សាធារណៈ នឹង​លើ​កម្ពស់​ការ​ផ្តល់​សេវា សាធារណៈ​អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង តាម​រយៈ​ការ​គាំទ្រ​ដល់ ការ​បង្កើន​ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ 

កម្ចី​ក្នុង​ទឹកប្រាក់ ៤៥ លាន​ដុល្លារ សម្រាប់​កម្មវិធី​អភិវឌ្ឍន៍ វិស័យ​អប់រំ​កម្រិត មធ្យមសិក្សា​ទុតិយភូមិ និង ១ លាន​ដុល្លារ សម្រាប់​ជំនួយ​បច្ចេកទេស នឹង​លើ​កម្ពស់​ការ​ទទួល​បានការ​សិក្សា គុណភាព​អប់រំ និង​សេវា​អប់រំ​ផ្សេង​ៗ​ទៀត នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​។ លើស​ពី​នេះ​ទៀត សមត្ថភាព​ស្ថាប័ន ក្នុង​ការ​រៀបចំ​ផែនការ គ្រប់គ្រង និង​ផ្តល់​សេវា​អប់រំ ប្រកបដោយ​គុណភាព ក៏​នឹង​ត្រូវ​បាន​លើ​កម្ពស់​ផង​ដែរ​។

ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ចំនួន ១៥ លាន​ដុល្លារ ក៏​នឹង​ត្រូវ​បាន​ផ្តល់​ផង​ដែរ សម្រាប់​គម្រោង​វិស័យ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ​។ បន្ថែម​ពី​នេះ​ទៀត ទឹកប្រាក់​ចំនួន ២ លាន​ដុល្លារ សម្រាប់​ជំនួយ​បច្ចេកទេស នឹង​ត្រូវ​បាន​ផ្តល់ តាម​រយ​:​មូលនិធិ​ជប៉ុន សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំនួយ​ឥត​សំណង ចំនួន ១,៥ លាន​ដុល្លារ ផ្តល់​តាម​រយ​:​មូលនិធិ Bill and Melinda Gates Foundation​។ មូលនិធិ​ទាំងនេះ នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ពង្រីក​ការ​ទទួល​បាន​ទឹក​ស្អាត និង​សេវា​អនាម័យ នៅ​ជនបទ​អោយ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ព្រមទាំង​លើកកម្ពស់​សុខភាព ប្រជាពលរដ្ឋ​ជនបទ ក្នុង​ខេត្ត​ចំនួន ៦ ជុំវិញ​បឹង​ទន្លេសាប​៕