ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជ​សារ​ក្រើនរំលឹក​អ្នក​នយោបាយ​ឲ្យ​រួម​គ្នា​ដោះស្រាយ​បញ្ហា

ក្នុង​ការ​បើក​បវេសនកាល​រដ្ឋ​សភា​លើក​ទី​៧ នៃ​អាណត្តិ​ទី​៥ ព្រះមហាក្សត្រ​ខ្មែរ​បាន​ផ្ញើ​ព្រះរាជសារ​ក្រើន​រំលឹក​អ្នក​នយោបាយ​ដែល​ជា​តំណាងរាស្ត្រ​អោយ​បន្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​វិភាគ​សង្គម​យល់​ថា ព្រះរាជសារ​នេះ​ជា​ភ្លើង​ខៀវ​មួយ​សម្រាប់​ការ​ចាប់​ផ្ដើម​រួម​គ្នា​ជា​ថ្មី​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ក្រោយ​ការ​ប្រឈម​មុខ​គ្នា និង​បញ្ហា​រង្គោះរង្គើ​អស់​ជិត​​មួយ​អាណត្តិ។

នៅ​ក្នុង​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ផ្ញើ​ទៅ​កាន់​វិមាន​រដ្ឋសភា ដែល​ទើបតែ​ចូល​កង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា មាន​ព្រះរាជឱង្ការ​អោយ​តំណាងរាស្ត្រ​ខ្មែរ បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​បន្ត​ទៅ​ទៀត ដើម្បី​សម្រេច​បាន​សង្គម​កម្ពុជា ប្រកប​ដោយ​ភាព​សុខដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម។

​នៅ​ក្នុង​ព្រះរាជសារ​ដដែល​នោះ ព្រះមហាក្សត្រ​ក៏​មាន​ព្រះទ័យ​ចង់​ឃើញ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​សមធម៌​ដែល​តម្រូវ​អោយ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស។

ភ្ជាប់​ជាមួយ​នឹង​ស្ថានការណ៍​នយោបាយ​ខ្មែរ​ក្រៅ​ស្រុក ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កូនប្រុស​ច្បង​ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច​ដែរ​នោះ ព្រះរាជសារ​ព្រះមហាក្សត្រ​នេះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស មេត្តា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សាមគ្គីភាព​ដើម្បី​រួបរួម​គ្នា​សំដៅ​កសាង និង​ការពារ​ជាតិ និង​សមិទ្ធផល​សង្គម។

អ្នកវិភាគ​សង្គម និង​ជា​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​អោយ​អាស៊ីសេរី ដឹង​ថា លោក​សាទរ​នឹង​ព្រះរាជសារ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក អ៊ូ វីរៈ មាន​អោយ​ដឹង​ថា យោង​តាម​ស្មារតី​នៃ​ព្រះរាជសារ​នេះ បើ​ទោះ​ជា​ចង់ ឬ​មិន​ចង់ គណបក្ស​ទាំង​ពីរ​អាច​នឹង​ចាប់​ផ្ដើម​ជជែក​គ្នា ហើយ​នឹង​ស្វែង​រក​ដំណោះស្រាយ​មួយ បើ​ទោះ​ជា​ពេល​នេះ​បក្ស​ប្រឆាំង​បដិសេធ​មិន​ចូល​ប្រជុំ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា ក្រោម​ការ​អះអាង​ថា ខ្លួន​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ក៏ដោយ​ចុះ។

លោក អ៊ូ វីរៈ៖ «ជា​រឿង​មួយ​ល្អ​សម្រាប់​ផលប្រយោជន៍​ជាតិ និង​ជា​សារ​មួយ​ដែល​ខ្ញុំ​គិត​ថា គួរ​តែ​ដាស់តឿន​អ្នក​នយោបាយ​ទាំង​សង​ខាង​ដើម្បី​រក​ដំណោះស្រាយ​ធ្វើ​ម៉េច​អោយ​ចូល​សភា​បាន ធ្វើ​ការ​ដោយ​តាម​តួនាទី​នៅ​ក្នុង​សភា ពិសេស​គណបក្ស​កាន់​អំណាច​ត្រូវតែ​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ដល់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ចូល​សភា បើសិនជា​ពីរ​ហ្នឹង​អាច​បាន​ទាំង​ពីរ​ទន្ទឹម​គ្នា ខ្ញុំ​មើល​ឃើញ​ថា ជា​រឿង​មួយ​ល្អ​សម្រាប់​ផលប្រយោជន៍​សង្គម​ជាតិ»

​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំពូក​ទី​២ អំពី​ព្រះមហាក្សត្រ មាត្រា​៩ ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​អោយ​មាន​ភាព​ទៀងទាត់។ ដូច្នេះ ព្រះមហាក្សត្រ​អាច​កោះ​ហៅ​តំណាង​គណបក្ស​នយោបាយ​ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​នៅ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។