ប្រធាន-​អនុ​ប្រធាន​សហគមន៍​នេសាទ​នៅ​​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​បទល្មើស​នេសាទ

ពលរដ្ឋ​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចោទ​ប្រធាន និង​អនុ​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹងស្ងួត​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​នេសាទ​ខុស​ច្បាប់។ មេ​ភូមិ​ស្ទឹងស្ងួត ថ្លែង​ការពារ​បុគ្គល​ទាំង​ពីរ​នាក់ ប៉ុន្តែ​ទទួល​ស្គាល់​ថា បទល្មើស​ដាក់​លូ​ស្បៃ​មុង​ពិត​ជា​កើត​មាន​ច្រើន​ក្នុង​មូលដ្ឋាន​នេះ ហើយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​បង្ក្រាប​មិន​ចេះ​អស់។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ថា​បទល្មើស​ខ្លះ​ត្រូវ​អ្នក​ភូមិ​ប្រព្រឹត្ត​ដោយ​យក​បំណាំ​តាម​ប្រធាន និង​អនុ​ប្រធាន​សហគមន៍​នេសាទ​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ នៅ​គ្រា​ដែល​សកម្មភាព​ដាក់​លូ​ស្បៃ​មុង​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​កើត​មាន​ស្អេកស្កះ​នៅ​ក្នុង​ឃុំ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​អំពិលទឹក ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រធាន​សហគមន៍​លោក ស្រី វន និង​អនុ​ប្រធាន​ឈ្មោះ ជួន ផង់ បាន​ដាក់​លូ​ស្បែ​មុង​ភ្ជិត​មាត់​ព្រែក​ក្នុង​ភូមិ​ស្ទឹងស្ងួត និង​លួច​ដាក់​នៅ​កន្លែង​ផ្សេង​ជា​ច្រើន​មាត់​ទៀត។

លោក​ថា ជា​ញឹកញយ​លោក ជួន ផង់ បាន​ដើរ​ប្រមូល​លុយ​ម្នាក់ ២០​ម៉ឺន​រៀល​ពី​អ្នក​ភូមិ​ប្រមាណ ៥០​នាក់ ដែល​ប្រព្រឹត្ត​ល្មើស​ទៅ​សូក​មន្ត្រី​ជលផល​ទៀត​ផង ដើម្បី​កុំ​ឲ្យ​កម្ទេច​លូ​ស្បៃ​មុង​របស់​ខ្លួន និង​អ្នក​ភូមិ​ពេល​មាន​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ម្ដងៗ៖ «គេ​រៃ​លុយ ជួនកាល​គេ​រ៉ៃ​គ្នា​តាម​ទូរស័ព្ទ​ប្រាប់​ទៅ​អ្នក​ដែល​ដាក់ៗ​លូ​ស្បៃ​មុង​អ៊ីចឹង​ទៅ​ណា ជួន​កាល​គេ​ដើរ​ប្រមូល​ផ្ទាល់។ ចង់​សួរ​ថា បើ​បង​ជា​មន្ដ្រី​ជលផល​ខាង​មច្ឆាជាតិ​ហ្នឹង សូម​ឲ្យ​បង​ជួយ​ថែ​រក្សា​ផង កុំ​គិត​តែ​រឿង​លុយ​ហិនហោច​អស់​ហើយ»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹងស្ងួត លោក ស្រី វន និង​អនុ​ប្រធាន​លោក ជួន ផង់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។ មេ​ភូមិ​ស្ទឹងស្ងួត លោក ហុក ម៉េង ថ្លែង​ការពារ​អ្នក​ទាំង​ពីរ​ថា ចំពោះ​លោក ស្រី វន គឺ​ជា​មនុស្ស​ស្មោះ​ត្រង់ និង​មិន​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះ​ទេ តែ​លោក ជួន ផង់ អាច​មាន​ដាក់​លូ​ស្បៃ​មុង​ខ្លះ​មែន។

លោក ហុក ម៉េង ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​ក្នុង​មូលដ្ឋាន​លោក​ពិត​ជា​កើត​មាន​ច្រើន តែ​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​ជា​ប្រចាំ​ដែរ ប៉ុន្តែ​មិន​ឃើញ​ថមថយ​សោះ៖ «វា​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ ប៉ុន្ដែ​វា​ដូច​ថា អ្នក​រក​វា​រក​បាន​វា​ដាក់​យក​មក​ទៀត អ៊ីចឹង​ណា​បាន​ខ្ញុំ​ពិបាក​ណាស់ ខ្ញុំ​ឈឺ​ក្បាល​ដែរ​រឿង​បទល្មើស​ហ្នឹង ហើយ​ខ្ញុំ​អត់​មាន​លូកដៃ​ចូល​ទេ ព្រោះ​រឿង​អ៊ីចឹង​វា​ខូច​កិត្តិយស ចង់​អ្នក​ឯង​បាន​លុយ​យ៉ាង​ម៉េច​ក៏​ខ្ញុំ​អត់​ដែល​ទៅ​សួរ​ដែរ»

មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​មាន​បទល្មើស​ដាក់​លូ​ស្បៃ​មុង​កាន់​តែ​ច្រើន​នៅ​តាម​ទន្លេ បឹង ឬ​ព្រែក គឺ​អាច​បណ្ដាល​មក​ពី​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ។ អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ បាន​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់គ្រប់​បែប​យ៉ាង​​ ដើម្បី​ប្រមូល​ត្រី​ល្អិតៗ​ពី​ក្នុង​បឹង ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ ដោយសារ​ពួកគេ​ពុំ​មាន​លទ្ធភាព​ទិញ​ចំណី​សិប្បនិម្មិត ឬ​ចំណី​ផលិត​ពី​រោងចក្រ​ទាំង​ស្រុង។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ធ្លាប់​បញ្ជាក់​ថា ក្រសួង​កសិកម្ម បាន​ប្រកាស​បើក​ទូលាយ​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ។ ចំពោះ​ប្រភព​ចំណី​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​ពលរដ្ឋ​ម្ចាស់​ស្រះ​ប្រមូល​មក​ពី​ណា​នោះ​លោក​មិន​ដឹង​ឡើយ ប៉ុន្តែ​ការ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង​ចាប់​ត្រី​ល្អិត​ពី​ក្នុង​បឹង​ទន្លេសាប​មក​ធ្វើ​ជា​ចំណី​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​ខាង​លោក​ត្រូវ​តែ​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។