រុស្ស៊ី​ រំឭក​ អាមេរិក​ ម្ដង​ទៀត​ “បើ​វាយ​ឆ្កែ​ ឲ្យ​មើល​ម្ចាស់​ផង”​

រុស្ស៊ី​ រំឭក​ អាមេរិក​ ម្ដង​ទៀត​ “បើ​វាយ​ឆ្កែ​ ឲ្យ​មើល​ម្ចាស់​ផង”​
ប្រទេស រុស្ស៊ី បានព្រមានធ្ងន់ៗចំពោះ សហរដ្ឋអាមេរិក ឲ្យប្រយ័ត្នប្រវែងចំពោះការវាយប្រហារទៅលើទីតាំងកងទ័ពរដ្ឋាភិបាល ស៊ីរី ព្រោះពេលនេះ ប្រព័ន្ធមីស៊ីលការពាររបស់ រុស្ស៊ី “បានដំឡើងរួចហើយ” ត្រៀមការពារចំពោះការវាយប្រហារណាមួយ ។

សេចក្ដីប្រកាសរបស់ប្រទេស រុស្ស៊ី គូសបញ្ជាក់អំពីភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុង មូស្គូ និងទីក្រុង វ៉ាស៊ីនតោន ក្រោយបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយ អាមេរិក និង រុស្ស៊ី ដួលរលំ ព្រមទាំងប្រតិបត្តិការយោធារបស់យន្តហោះ រុស្ស៊ី កាន់តែខ្លាំងជាងមុន គាំទ្រកងទ័ព ស៊ីរី ដែលកំពុងប្ដេជ្ញាដណ្ដើមទីក្រុង អាលីប៉ូ មកគ្រប់គ្រងទាំងស្រុង ។

ទីក្រុង មូស្គូ បារម្ភចំពោះព័ត៌មានដែលថា យន្តហោះ អាមេរិក មានបំណងវាយប្រហារលើមូលដ្ឋានយោធា ស៊ីរី ចំណែកមេបញ្ជាការ រុស្ស៊ី អះអាងថា ការវាយប្រហាររបស់ អាមេរិក ទៅលើទីតាំងរបស់ទាហានរដ្ឋាភិបាល ស៊ីរី អាចបង្កគ្រោះថ្នាក់ដល់ទាហាន រុស្ស៊ី ។

“ខ្ញុំផ្ដល់យោបល់ដល់អ្នកសម្រេចនយោបាយក្នុងទីក្រុង វ៉ាស៊ីនតោន ឲ្យធ្វើការថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន ចំពោះផលវិបាកនៃការអនុវត្តផែនការនោះ” មេបញ្ជាការ រុស្ស៊ី បញ្ជាក់ដូច្នេះ ដោយរំឭកថា យន្តហោះរបស់ក្រុមចម្រុះដឹកនាំដោយ អាមេរិក បានសម្លាប់ទាហាន ស៊ីរី ៦០ នាក់ កាលពីថ្ងៃទី ១៧ កញ្ញា និងមិនជឿថា វាការវាយប្រហារច្រឡំ ដូចដែល អាមេរិក បានបកស្រាយឡើយ ។

រុស្ស៊ី បញ្ជាក់ថា ប្រព័ន្ធមីស៊ីល S-300 និង S-400 ដែលទើបបញ្ជូនទៅប្រទេស ស៊ីរី កាលពីដើមខែ ត្រូវបានដាក់ពង្រាយរួចរាល់ ហើយអាវុធទាំងនោះ នឹងពញ្ញាក់ស្មារតីប្រទេសណាមួយ ដែលចូលចិត្តបញ្ជូនយន្តហោះ ឲ្យហោះហើរលើប្រទេស ស៊ីរី ។ មេបញ្ជាការ រុស្ស៊ី បន្ថែមថា ប្រព័ន្ធមីស៊ីលរបស់ ស៊ីរី ដែលផលិតសម័យសហភាពសូវៀត ក៏ត្រូវបានធ្វើទំនើបកម្មរួចហើយដែរ ។

ប្រភព៖ kqube, cbsnews

  • រុស្ស៊ី​ រំឭក​ អាមេរិក​ ម្ដង​ទៀត​ “បើ​វាយ​ឆ្កែ​ ឲ្យ​មើល​ម្ចាស់​ផង”​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: