មន្ត្រី​ជំនាញ​ប្រាប់​ថា​ពិបាក​ទប់ស្កាត់​ណាស់ ឈ្មួញ​ដឹកឈើ​ខុសច្បាប់

ខេត្តព្រៃវែង ៖ នា​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន ក្រុម​រថយន្ត​សាំ​យ៉ុ​ង​មិន​ក្រោម​ពី​៥០​ទៅ​៦០​គ្រឿង​ទេ​ក្នុង​១​ថ្ងៃ​ៗ ដែល​បាន​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ពី​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​រតនៈគីរី​ជាដើម យក​មក​លក់​ឲ្យ​តាម​ដេប៉ូ​លក់​ឈើ នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​រថយន្ត​សាំ​យ៉ុ​ង​ទាំងនោះ​ក្នុង​១​គ្រឿង​ៗ​ផ្ទុក​ឈើ​ពី​២​ម៉ែត្រគូប ទៅ​៧​ម៉ែត្រគូប​ឯណោះ​។

ក្រុម​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​របា​ន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​រថយន្ត​ទាំងនោះ​បើ​គេ​ឃើញ​ការ​ដឹក​របស់​ពួក​គេ គឺ​គិត​ថា​ជា​ការ​រកស៊ី​តិចតួច​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ប៉ុណ្ណោះ​។

ប៉ុន្តែ​បើ​គេ​តាម​មើល​ឲ្យ​ច្បាស់​ទើប​ដឹង គឺ​ក្នុង​ឈ្មួញ​ម្នាក់​មាន​រថយន្ត​ពី​២​ទៅ​៣​គ្រឿង អ្នកខ្លះ​ដល់​៥​គ្រឿង ហើយ​ក្នុង​១​គ្រឿង​គេ​រត់​២​ជើង ក្នុង​១​ជើង​គេ​ដាក់​ឈើ​ពី​២​ទៅ​៣​គូប បើ​សរុប​ចូល​គ្នា​ទៅ​ក្នុង​១​ថ្ងៃ​គេ​ដឹក​ជិត​ស្មើ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ទៅ​ហើយ​។ ចំណែក​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​បង្ហើប​ប្រាប់​ថា បច្ចុប្បន្ន​នេះ​ខាង​មេព្រៃ​គេ​មិន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ចែកចាយ​ផល អនុ​ផល​ព្រៃឈើ​ទេ ហើយ​បើ​លួច​ដឹក​ម្តងម្កាល​តាម​រថយន្ត​ធំ​ៗ ក៏​រត់​មិន​រួច​ដែរ​ព្រោះ​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​ច្រើន​ណាស់​។

ប៉ុន្តែ​ពេល​ពួក​គេ ដូរ​រូបភាព​មក​ដឹក​តិច​ៗ​តាម​រថយន្ត​សាំ​យ៉ុ​ង​វិញ មិន​ត្រឹមតែ​មិន​ចាំបាច់​សុំ​ច្បាប់​ពី​មេព្រៃ​ទេ ពេល​ដឹក​តាម​ផ្លូវ​ក៏​ស្រួល​ដែរ គ្មាន​អ្នក​ចាប់​ទេ បង់​តែ​លុយ​តិចតួច​ឲ្យ​មេព្រៃ និង​សមត្ថកិច្ច​តាម​ផ្លូវ​ទៅ គឺ​ចប់​បាត់​ទៅ​ហើយ​។ ជុំវិញ​ការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​របស់​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ទាំងនោះ មន្ត្រី​ជំនាញ​មេព្រៃ​ខេត្តព្រៃវែង​បាន​ទទួលស្គាល់​ថា គឺ​ពិតជា​មាន​ច្រើន​ពិតមែន ប៉ុន្តែ​ពិបាក​ទប់ស្កាត់​ណាស់ ព្រោះ​ក្រុម​រថយន្ត​ទាំងនោះ​គេ​លួច​មក​ដោយ​មិន​ប្រាប់​មេព្រៃ​ទេ។ហើយ​ពេល​ប្រទះ​ជួប​ម្តង​ៗ គឺ​ត្រូវ​ដេញចាប់​ប្រផាប់​ប្រ​ភីង ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទើប​មិន​អាច​គ្រប់គ្រង​បាន តែបើ​អ្នក​សារព័ត៌មាន​បានឃើញ ជួយ​ផ្តល់​ព័ត៌មាន​ឲ្យ​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មន្ត្រី​ជំនាញ​មេព្រៃ​ខេត្តព្រៃវែង ធ្លាប់​ចាប់​បាន​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​អត់​ច្បាប់​នេះ​១​គ្រឿង អូស​យក​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំចាយមារ  ដើម្បី​ចាត់ការ​ទៅ​តាម​ជំនាញ​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ម្ចាស់​រថយន្ត តាម​ទៅ​យក​សាំង​ចាក់​ដុត​រថយន្ត​នោះ​ឆេះ​អស់ ហើយ​រត់​បាត់ ដែល​សកម្មភាព​នេះ​បាន​ធ្វើ​អោយ​មន្ត្រី​ជំនាញ​មេព្រៃ​ខេត្តព្រៃវែង ហាក់​ខ្លាចរអា​លែង​ចង់​ចាប់​ទៀត​ហើយ​៕