កម្ពុជា​-ADB ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ជាង​១២៦​លាន​ដុល្លារ លើកកម្ពស់​សេវាសាធារណៈ​ និពន្ធដោយ : ខន ចំប៉ា       October-07-2016, 8:19 pm         260

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-ADB ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ជាង​១២៦​លាន​ដុល្លារ លើកកម្ពស់​សេវាសាធារណៈ​រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដែលមាន​ទឹកប្រាក់​ចំនួន​១២៦.៥​លាន​ដុល្លារ​។ ទឹកប្រាក់​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ដើម្បី​បម្រើ​ដល់​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី ណូរី​កូ អូ​ហ្គា​វា​(Noriko Ogawa) អគ្គនាយករង​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB ជា​អ្នកចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ  នៅ​ថ្ងៃទី​៦ ខែតុលា នៅ​ទីស្តីការក្រសួង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន​៤ បម្រើ​ដល់​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ​។​

​គម្រោង និង​កម្មវិធី​ទាំង​៤ រួមមាន​៖ ទី​១. កម្មវិធី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​(​អនុ​កម្មវិធី​ទី​១) នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០.៨​លាន​ដុល្លារ (ADB​ចំនួន​៣០​លាន​ដុល្លារ និង​រដ្ឋាភិបាល​កម្ពុជា​ចំនួន​០.៨​លាន​ដុល្លារ​) ក្នុង​បំណង​គាំទ្រ​ដល់​ការកែទម្រង់​ក្របខណ្ឌ​គតិយុត្ត និង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ    បាល​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថិ​សាធារណៈ តាមរយៈ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ចំណូល និង​ចំណាយ ប្រកបដោយ​គណនេយ្យភាព​។​

​ទី​២. កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចំណាយ​ប្រាក់​ប្រមាណ​៤៨​លាន​ដុល្លារ (ADB ចំនួន​៤៥​លាន​ដុល្លារ និង​បដិភាគ​របស់​រដ្ឋាភិបាល​៣​លាន​ដុលារ​) ដើម្បី​កែសម្រួល​ប្រសិទ្ធភាព​វិស័យ​អប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ សំដៅ​រួមចំណែក​ផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​។

​ទី​៣. កម្មវិធី​កំណែ​វិមជ្ឈការ​សេវាសាធារណៈ និង​ហិរញ្ញ​វត្ថិ​(​អនុ​កម្មវិធី​ទី​២) នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​៤៥.៧ លាន​ដុល្លារ​(ADB ចំនួន​៣៥​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ  បាល​១០.៧ លាន​ដុល្លារ​) ដើម្បី​កែលម្អ​លទ្ធភាព និង​ពង្រឹង​វិសាលភាព​នៃ​ការផ្តល់សេវា​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​។

​ទី​៤. គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ជំ​ហ៊ាន​ទី​២(​ហិរញ្ញប្បទាន​បន្ថែម​) នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​១៩.៩៣​លាន​ដុល្លារ​(ADB ចំនួន​១៥​លាន​ដុល្លារ ហិរញ្ញប្បទាន​ឥត​សំណង​របស់ Sanitation Financing Partnership Trust Fund ក្រោម Water Financing Partnership Facility ចំនួន​១.៥​លាន​ដុល្លារ បដិភាគ​របស់​សហគម​ន៍​ទទួលផល​ពី​គម្រោង​ចំនួន​១.៣៣​លាន​ដុល្លារ និង​បដិភាគ​របស់​រដ្ឋាភិបាល ចំនួន​២.១​លាន​ដុល្លារ​) ដើម្បី​កែលម្អ   ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ នៅក្នុង​ខេត្ត​ចំនួន​៦ គឺ​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្តបន្ទាយមានជ័យ​៕