ឈើ​សុ​ក្រំ​ជិត​៥០​កំណាត់ ឈ្មួញ​លាក់​ទុក​ក្នុង​ចម្ការ​កៅស៊ូ

ខេត្តរតនគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដរតនគិរី​បាន​ចុះ​ចាប់​ឈើ​សុ​ក្រំ​បាន​ជិត​៥០​កំណាត់ មានមុខ​កាត់​ធំ​ៗ ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ក្រម​ហ៊ុន​ចម្ការ​កៅស៊ូ ម៉ាង​យ៉ាង ស្ថិត​ក្នុងភូមិ​ប៉ុង​ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ រួច​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាល​ដើមឆ្នាំ​២០១៦ មាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​ងារ​ជា​ឧកញ៉ា បាន​ដាក់​កម្លាំង​ចូល​កាត់ឈើ​ល្អ​ៗ​នៅ​ក្នុង​ព្រៃ​សហគមន៍ ភូមិ​ទៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺ​ន​សៃ ដើម្បី​ដឹក​ចូល​រោងចក្រ​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ ម៉ាង​យ៉ាង អារច្រៀក​លក់​ធ្វើ​អាជីវកម្ម​។ ប្រភព​បាន​បន្ដ​ទៀត​ថា តាម​ពិត​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ម៉ាង​យ៉ាងនោះ​បាន​បញ្ចប់​កា​ឈូស​ឆាយ​ជា​យូរ​មក​ហើយ ប៉ុន្ដែ​គេ​នៅ​តែ​បន្ដ​អារឈើ​ដោយ​លួចលាក់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សង្ស័យ​មានកា​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃឈើ​។

លោក គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដរតនគិរី​ក៏​បាន​បញ្ជា​កម្លាំង​របស់​ខ្លួន​ឱ្យ​ចាប់​ប្រមូល​យក​ឈើ​ដែល​ឈ្មួញ​បាន​លាក់​ទុក​នៅ​ក្បែ​រោងចក្រ​ម៉ាង​យ៉ាងនោះ​ហើយ​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ផង​ដែរ​។ កម្មករ​ម្នាក់​ឈ្នោះ ឃៀង ជា​អ្នក​អារឈើ​នៅ​រោងចក្រ​នោះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា ឈើ​ដែល​លោក​អារ​កន្លង​មក​គឺ​ឈើ​ចាស់​មានច្បាប់​។

ម្ចាស់​រោងចក្រ​នោះ​បាន​បន្ដ​ទៀត​ថា ឈើ​ដែល​អារ​កន្លង​មក​គឺជា​ឈើដែល​នៅ​សេសសល់ ចំណែក​ឈើ​ថ្មី​គឺជា​ឈើ​របស់​ឧកញ៉ា​ម្នាក់ ប៉ុន្ដែ​គាត់​ប្រគល់​ឱ្យ​យើង​មើល​ការ​ខុស​ត្រូវ​។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​លោក កង នី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​វ៉ឺ​ន​សៃ​បានឱ្យ​ដឹង​ថា ឈើ​ទាំងនោះ​មិន​ទាន់​បាន​វាស់វែង​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​មែ​ត្រ​គូប​នៅឡើយ​ទេ​។ លោកនាយ​សង្កាត់​បាន​បន្ដ​ថា ឈើ​ទាំងនោះ​ត្រូវ​ដឹក​យក​ទៅ​ផ្ញើ​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​មួយ​រយៈ​សិន ដោយសារ​គ្មាន​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​។ ប្រភព​ដោយឡែក​បានឱ្យ​ដឹង​ដែរ​ថា ការ​ដែល​មេព្រៃ​សម្រេច​យក​ឈើ​ទៅ​ផ្ញើ​កន្លែង​អារឈើ​នោះ​មិន​មានអី​គួរ​ឱ្យ​ទុកចិត្ដ​ឡើយ ពោល​គឺ​ដូច​យក​ស្ករ​ទៅ​ផ្ញើ​សត្វ​ស្រមោច​ហ្នឹង​៕