​អ្នកវិភាគ ខកចិត្ត ដែល​បក្សប្រឆាំង​មិន​ចូល​សភា នៅថ្ងៃនេះ​ និពន្ធដោយ : ម៉ៅ សុផា       October-07-2016, 10:39 pm         196

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​អ្នកវិភាគ ខកចិត្ត ដែល​បក្សប្រឆាំង​មិន​ចូល​សភា នៅថ្ងៃនេះ​​ភ្នំពេញ​៖ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​នេះ​។ ពួកគេ​ព្រួយបារម្ភ​ថា ការមិន​ដើរចូល​រដ្ឋសភា​របស់​បក្សប្រឆាំង អាច​នឹងធ្វើ​ឲ្យ​កម្តៅ​នយោបាយ ផ្ទុះឡើង​សាជាថ្មី បន្ទាប់ពី​ធូរស្បើយ​បន្តិច​ក្នុង​រយៈពេល​ខ្លី​មកនេះ​។​
 
​ការដែល​បក្សប្រឆាំង​អវត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​នា​ព្រឹក​នេះ បានធ្វើ​ឲ្យ​អ្នកវិភាគ​នយោបាយ​មួយចំនួន សោកស្តាយ​យ៉ាងខ្លាំង​។ ប៉ុន្តែ​អ្នកវិភាគ​ទាំងនោះ មិន​បន្ទោស​បក្សប្រឆាំង នោះទេ ដោយ​ពួកគេ​យល់ថា ការមិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​នេះ ទំនងជា​បក្សប្រឆាំង មាន​សម្ពាធ​ណាមួយ​ហើយ​មើលទៅ​។

​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ បានចាត់ទុក​ការមិន​ចូល​សភា ថា​ជា​សិទ្ធិសេរីភាព​របស់​បក្ស​ប្រឆាំង​។ តែ​លោក បាន​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​ចាប់ពី​ថ្ងៃនេះ​ទៅ ថា​អាច​នឹង​ឡើងក​ម្តៅ​ម្តងទៀត​។

​អ្នកវិភាគ​នយោបាយ​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​បក្សប្រឆាំង​មិន​ចូលប្រជុំ ព្រោះតែ​ទទួលបាន​សញ្ញាណ​អវិជ្ជមាន​មួយចំនួន​។ ម្យ៉ាងទៀត បក្សប្រឆាំង​ប្រហែលជា​ចង់​ច​ង្ហា​ញ​ដល់​បក្ស​កាន់អំណាច​ថា ខ្លួន​នៅតែ​រឹងមាំ និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ ទោះជា​មិន​ចូល​សភា​»​។

​ចំណែកឯ អ្នកវិភាគ​នយោបាយ​មួយរូប​ទៀត គឺ​លោក មាស នី ក៏​សោកស្តាយ​មិន​ស្ទើរ​ដែរ ដែល​បក្សប្រឆាំង ធ្វើ​ខុសពី​ការរំពឹងទុក​របស់លោក​។ លោក មាស នី សង្ឃឹមទុក​មុន​ថា បក្ស​ប្រឆាំងនឹង​ចូលប្រជុំ​ក្នុង​រដ្ឋសភា ជាមួយ​បក្ស​កាន់អំណាច ហើយ​ស្ថានការណ៍​នយោបាយ ប្រាកដជា​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។ តែ​នៅ​ទីបំផុត កិច្ចប្រជុំ​ក្នុង​រដ្ឋសភា មានតែ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ លោក មាស នី ក៏មាន​សុទិដ្ឋិនិយម​តិចតួច​ចំពោះ​បក្សប្រឆាំង ដែល​មិន​ចូល​សភា​។ អ្នកវិភាគ​នយោបាយ​រូបនេះ យល់ថា ការមិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​បែបនេះ ប្រហែលជា​បក្សប្រឆាំងរ​ង​ការគំរាមកំហែង ដូច​ខ្លួន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក៏​ថា​បាន​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​បក្សប្រឆាំង​សម្រេចចិត្ត​លឿន​ពេក​។ ខ្ញុំ​ខ្លាច​គាត់ (​បក្សប្រឆាំង​) ទទួល​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ហើយក៏​សម្រេចចិត្ត​ភ្លាមៗ​។ តែបើ​គាត់ ទទួល​ព័ត៌មាន​គ្រប់គ្រាន់ ថា​មានការ​គំរាមកំហែង​មែន​នោះ អ៊ីចឹង​ការសម្រេចចិត្ត​របស់គាត់ គឺជា​ការត្រឹមត្រូវ​ហើយ​»​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៥ បន្ទាប់ពី​សម្រាក​អស់​រយៈពេល​៣​ខែ​កន្លងមក​។ របៀបវារៈ​មួយចំនួន ត្រូវបាន​ដាក់ចូល​ក្នុង​កិច្ចប្រជុំ​នៃ​រដ្ឋសភា ដូចជា ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​អគ្គសវនករ​១​រូប និង​អគ្គសវនកររង​២​រូប នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ព្រមទាំង​អនុម័ត​សេ​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ជាដើម​។

​កិច្ចប្រជុំ​រដ្ឋសភា ដែលមាន​រយៈពេល​៥​ម៉ោង ពុំមាន​វត្តមាន​របស់​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ បក្សប្រឆាំង បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​នេះ ដើម្បី​បង្ហាញ​ពី​មូលហេតុ ដែល​ខ្លួន​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា ជាមួយនឹង​បក្ស​កាន់អំណាច​។ មន្ត្រីជាន់ខ្ពស់​របស់​ប​ក្ស​ប្រឆាំង បាន​លើកឡើងថា ការមិន​ចូលប្រជុំ​នេះ គឺ​ដោយសារតែ​ខ្លួន​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ មន្ត្រី​បក្សប្រឆាំង​បន្តទៀតថា ខ្លួន​បានទទួល​ការគំរាមកំហែង មុននឹង​រដ្ឋសភា​បើក​កិច្ចប្រជុំ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិនអាច​ទទួលយកបាន​ទេ ចំពោះ​ហេតុផល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សុខ ឥសាន ឆ្លើយតប​ថា ការលើកឡើង​របស់​ប​ក្ស​ប្រឆាំង គ្រាន់តែ​ជា​លេស ដើម្បី​ទម្លាក់កំហុស​លើ​បក្ស​កាន់អំណាច​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា មាន​សន្តិភាព និង​សន្តិសុខ​ពេញលេញ មិនមែន​ដូច​អ្វីដែល​បក្សប្រឆាំង​លើកឡើង ថា​មានការ​គំរាមកំហែង នោះទេ​៕