ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ខេត្តកណ្តាល ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ភ្លៀង​ដែល​ដក់​នៅ​ក្បែរ​ផ្ទះ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ ហេតុការណ៍​ក្មេង​លង់ទឹក​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ក្មេង​ៗ​ជិតខាង​រត់​មក​ប្រាប់​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ម្ហូប​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្លុក​ទឹកភ្លៀង​ដក់​ជិត​ផ្ទះ​ស្ថិត​ក្នុងភូមិ​កោះ​បៀ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ឈ្មោះ សិលា វិ​ឆ្ឆ័​យ ភេទ​ប្រុស អាយុ​២​ឆ្នាំ រស់នៅ​ឪពុក​ម្ដាយ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ពៅ ឈុ​ន​ណា អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​ត្រឡប់​មកពីផ្សារ​វិញ​ក៏​ចូល​ទៅ​ក្ន​ង​ផ្ទះ​ធ្វើ​ម្ហូប​។ លុះដល់​ម៉ោង​ខាងលើ​ក្មេង​ៗ​ជិត​ផ្ទះ​បាន​រត់​មក​ប្រាប់​ថា​កូន​គាត់​លង់ទឹក ក៏​រត់​ទៅ​ឃើញ​កូន​លង់ទឹក​មែន ហើយ​បាន​ចុះ​ទៅ​ស្រង់​កូន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​ដើម្បី​សង្គ្រោះ​ដែរ​។

ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​កូន​គាត់​ស្លាប់​បាត់​ហើយ គាត់​ក៏​យកស​ពកូន​មក​ផ្ទះ​។ បន្ទាប់​យកស​ពកូន​មក​ដល់​ផ្ទះ​ឈ្មោះ​ពៅ ឈុ​ន​ណា ក៏​បាន​រាយការណ៍​ប្រាប់​មក​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ និង​អាជ្ញាធរ គ្រូពេទ្យ​ឃុំ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា​ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ ដោយ​មានការ​ឯកភាព​ពី​ក្រុម​គ្រួសារ​សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕