ម្នាក់ៗគោះទ្រូងគ្រប់គ្នា ក្រោយ​ដឹងរឿងវ៉ាលិស​ផ្ញើអាជីវករផ្សារបែកចាន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ ពាក់ព័ន្ធ​ករណី​ថា មាន​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានយក​វ៉ាលិសទៅ​ផ្ញើ​នឹងស្ត្រី​ម្នាក់ទៀត ដែលជា​អាជីវ​ករ​​​ក្នុង​ផ្សារ​បែក​ចាន​​ នា​រសៀល​​ថ្ងៃ​ទី​០៧ តុលា ២០១៦​ ក្រោយមកព័ត៌មាន​​នេះ ​ត្រូវបានដឹង​​ដល់​ស្ត្រី​ជា​ម្ចាស់​វ៉ាលិស ​(គឺស្ត្រីមិនស្គាល់អត្តសញ្ញាណ) នោះ ក៏​ប្រញាប់​ប្រញាល់​ត្រឡប់​មកពី​ផ្សារ​អូរ​ប្ញ​ស្សី​ ធ្វើដំណើរ​ទៅ​កន្លែង​ផ្ញើ​វ៉ាលិស​​​នោះវិញ ​ហើយក៏​​បំភ្លឺ​ជូន​សមត្ថកិច្ច​​ ។​ ស្ត្រី​ជា​ម្ចាស់​វ៉ាលិស​ខាងលើមាន​ឈ្មោះ​ពេជ្រ សុខុម អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ស្ត្រីម្ចាស់វ៉ាលិស​បាន​រៀបរាប់​ថា ​គាត់​មាន​ដន្លង​ជា​អនិកជន​ខ្មែរ​-​អា​មេ​រិ​ក មក​លេង​ផ្ទះ​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយ​គាត់​​បាន​រៀបចំ​អីវ៉ាន់​ក្នុង​វ៉ាលិស​នោះ ដើម្បី​ផ្ញើ​តាម​ដន្លង​នោះឱ្យ​កូនស្រី​បង្កើត​គាត់ ​នៅសហរដ្ឋ​​អា​មេ​រិ​ក​​។

ហើយ​អីវ៉ាន់​ដែល​នៅ​ក្នុង​វ៉ាលិស​នោះ​ មាន​ដូច​ជា​ប្រហុក​ចិញ្ច្រាំ​១​កែវ​, នំចៀល​២, អាវ​៣, ខោ​២ និង​លី​អូ​១ ។ ​​គាត់​ក៏​​បាន​​យក​វ៉ាលិសនោះ ​ទៅ​ផ្ញើ​ស្ត្រី​អាជីវករ​នៅ​ក្នុង​បែក​ចាន ហើយ​គាត់​បន្ត​ទៅ​ផ្សារ​អូរ​ប្ញ​ស្សី​ ដើម្បី​ទៅ​ទិញ​អីវ៉ាន់​បន្ថែម​​ទៀត ។ ស្រាប់តែ​មាន​ឮ​ព័ត៌មាន​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​តែ​ម្តង ទើប​គាត់​ប្រញាប់​មក​កន្លែង​ផ្ញើ​វ៉ាលិសនោះ និង​បំភ្លឺ​ជូន​សមត្ថកិច្ច​ កុំឱ្យ​យល់​ច្រឡំ ។ ​គួរ​​កត់​សម្គាល់ថា ក្នុង​ពេល​ស្ត្រី​ម្ចាស់​វ៉ាលិស​មក​និយាយ​រៀបរាប់​នោះ ធ្វើ​ឱ្យ​ម្នាក់​ៗ​គោះ​ទ្រូង​គ្រប់​គ្នា និង​និយាយ​​ថា «ខំ​តែ​ភ័យ» ។

គួររំលឹកថា កាលពី​វេលា​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃ​ទី​០៧ តុលា ២០១៦ មាន​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​យក​វ៉ាលិស​ថ្មី​សន្លាង​មួយ ដោយ​មាន​បិទ​យ៉ាង​ជិត​ទៅ​ផ្ញើ​ជាមួយ​ស្ត្រី​អាជីវករ​ម្នាក់ នៅ​ក្នុង​ផ្សារ​បែក​ចាន តែ​ពេល​មក​យក​វ៉ាលិស​នោះ​វិញ មិនមែន​ជា​ស្ត្រី​អ្នក​ផ្ញើ​នោះ បែរជា​មនុស្ស​ប្រុស ប៉ុន្តែ​ត្រូវ​ស្ត្រី​អាជីវករ​មិន​ព្រមឱ្យ​វិញ​ទេ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិត​ក្នុង​ផ្សារ​បែក​ចាន លើ​ផ្លូវជាតិ​លេខ​០៤ ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​យក​វ៉ាលិស​មក​ផ្ញើ គឺ​មិនត្រូវស្គាល់​អត្តសញ្ញាណ​ទេ ហើយ​មនុស្ស​ប្រុសមក​យក​វ៉ាលិស​មាន​អាយុ​ប្រហែល​២៧​ឆ្នាំ ។ រីឯ​ស្ត្រី​ជា​អាជីវករ​វិញ ឈ្មោះ​ជួន សុ​ខុន ហៅ​ស្រី​ស អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​អ្នក​លក់ដូរ ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ ស្ត្រី​ជា​អាជីវករ​អះអាង​ថា រូប​គាត់​មិន​ហ៊ាន​ប្រគល់​វ៉ាលិស​ទៅ​ឱ្យ​មនុស្ស​ប្រុស​នោះ​ទេ ព្រោះ​អ្នក​ផ្ញើ​ជា​ស្រី បែរជា​អ្នក​មក​យក​ជា​ប្រុស​ទៅ​វិញ ព្រោះ​គាត់​ខ្លាច​ត្រូវ​សង​អីវ៉ាន់​គេ ដោយ​ប្រការ​ណាមួយ ។

ពេល​នោះ មនុស្ស​ប្រុស​ដែល​មក​យក សុខចិត្ត​ហុច​ទូរស័ព្ទ​ឱ្យ​និយាយ​ជាមួយ​ស្ត្រី​ជា​ម្ចាស់​វ៉ាលិស​ដែរ តែ​ស្ត្រី​អាជីវករ នៅ​តែ​មិន​ព្រម​ដដែល រួច​ឃើញ​បុរស​នោះ​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។

ទោះបីជា​យ៉ាង ក្នុង​វ៉ាលិស​នោះ ​គេ​មិនដឹង​ថា មាន​អ្វី​នៅ​ខាងក្នុង​ទេ ហើយ​ស្ត្រី​អាជីវករ​ក៏​បាន​ទៅ​ផ្តល់​ព័ត៌មាន​ឱ្យ​ខាង​ប៉ូលិស​អង្គស្នួល និង​ប៉ូលិស​បែក​ចាន​ចុះ​ពិនិត្យ​ដែរ តែ​ត្រូវ​រង់ចាំ​ម្ចាស់​វ៉ាលិស​រហូត​ដល់​យប់ បើ​មិនឃើញ​ទេ នឹង​ឱ្យ​ព្រះរាជអាជ្ញា​ឆែក​មើល​។ គួរ​បញ្ជាក់​ថា វ៉ាលិស​នោះ មាន​ទំហំ​៤​តឹក គុណ​៦​តឹក ឃ្លុមបេ​ជិត ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្នាក់ៗគោះទ្រូងគ្រប់គ្នា ក្រោយ​ដឹងរឿងវ៉ាលិស​ផ្ញើអាជីវករផ្សារបែកចាន

ម្នាក់ៗគោះទ្រូងគ្រប់គ្នា ក្រោយ​ដឹងរឿងវ៉ាលិស​ផ្ញើអាជីវករផ្សារបែកចាន

ម្នាក់ៗគោះទ្រូងគ្រប់គ្នា ក្រោយ​ដឹងរឿងវ៉ាលិស​ផ្ញើអាជីវករផ្សារបែកចាន