ស្រឡាញ់​ណាស់​ម្ចាស់​ថ្លៃ​ «មួយ​គ្រាប់​ស្លាប់​ក៏​សុខចិត្ត​ដែរ»

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់​រួច​ទៅ​ហើយ ប៉ុន្តែ​បែរជា​មានចិត្ត​លួច​ស្រឡាញ់​នាង​ក្រមុំ​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នាង​ក៏​មាន​គូ​ដណ្ដឹង​ជិត​ចូល​រោងការ​ទៅ​ហើយ​ដែរ ។

ប៉ុន្តែ​ការ​លួច​ស្រឡាញ់​នេះ មិន​ត្រូវ​បាន​នាង​ដឹងខ្លួន​ឡើយ ជា​រៀងរាល់ថ្ងៃ​នាង​តែង​បាន​ជជែក​លេង​ជាមួយ​ជន​នោះ ព្រោះតែ​នឹក​ស្មានថា ជន​នេះ​មានគំនិត​ស្មោះត្រង់ និង​រាប់អាន​គ្នា​ជា​ធម្មតា ព្រោះ​នាង​និង​ជន​នោះ គឺជា​អ្នកស្រុក​ភូមិ​ក្បែរ​គ្នា ។ ម្យ៉ាង​បាន​ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​តែ​រៀង​ៗ​ខ្លួន មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា ឆ្លៀត ពេល​នាង​ដើរ​តាម​ផ្លូវ​ស្ងាត់​ម្នាក់ឯង ស្រាប់តែ​ជន​នោះ​ស្ទុះ​ទៅ​ចាប់​ឱប​ថើប និង​ស្ទាបអង្អែល​រាង​កាយ​របស់​នាង​យ៉ាង​ក្រហល់ ក្រហាយ​ទៅ​វិញ ។បើ​កុំ​តែ​នាង​ខំ​រើបំរះ​អស់ពី​កម្លាំងកាយ ប្រហែល​ត្រូវ​ក្លាយជា​ចំណី​តណ្ហា​របស់​ជន​នោះ​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ តុលា នៅ​ក្បែរ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​នាង​ស្នាក់​នៅ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៧ តុលា ទើប​នាង​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឱ្យ​ដឹង​ឮ​ និងជួយ​អន្តរាគមន៍​ហៅ​ជន​នោះ ធ្វើការ​អប់រំ​ដែល​នេះ​គឺជា​សំណាង​របស់​ជន​នោះ​ហើយ ដែល​នាង​បន្ធូរ​ដៃ​ឲ្យ ជន​នោះ​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់ ក៏​ព្រោះតែ​នាង​និង​ក្រុម​គ្រួសារ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​កំហូច​ខាងលើ​នោះ​ឈ្មោះ អើ កុសល អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់​រួច​ទៅ​ហើយ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពក​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​នាង​កម្មការិនី​រោងចក្រ​ដែល​មាន​គូ​ដណ្ដឹង​ជិត​ដល់​ពេល​រៀប​ការ​ទៅ​ហើយ ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​ប្រមាថ មើលងាយ និង​ប្រទូស្ត​កេ​រិ៍្ត​ពី​សំណាក់​ជន​កំហូច​នោះ ឈ្មោះ ប៉ែន សុ​ភាន់ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​គ្នា ។ ចំណែក​គូ​ដណ្ដឹង​របស់​នាង​ជា​កសិករ និង​ស្នាក់​នៅ​ឯ​ស្រុក​កំណើត មិន​បាន​តាម​មក​ធ្វើការ និង​ស្នាក់​នៅ​ភ្នំពេញ​ជាមួយ​នាង​ទេ ។ ក្រោយ​ពេល​មានរឿង​បែប​នេះ​គូ​ដណ្ដឹង​របស់​នាង​បាន​ទូរស័ព្ទ​ហៅ​នាង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ឈប់​ឲ្យ​នាង​ធ្វើការ​នៅ​ភ្នំពេញ​តទៅ​ទៀត​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ផឹកស្រា​បៀរ ជួបជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​៤​ទៅ​៥​នាក់​ទៀត នៅ​ជិត​បន្ទប់​ជួល​នោះ​អស់​ជាង​២​កេស ។ បន្ទាប់​មក​បាន​ក្រោក​ដើរ​ចេញពី​កន្លែង​ផឹកស៊ី​ទៅ​ក្រៅ​បន្ទប់ ខណៈនោះ​បានឃើញ​នាង​ដើរ​ត្រឡប់​មកពីផ្សារ​ដល់​កន្លែង​ស្ងាត់ ប៉ុន្តែ​ជិត​បន្ទប់​ជួល​នោះ​ដែរ ស្រាប់តែ​ជន​នោះ​ស្ទុះ​ទៅ​ចាប់​ឱប​ថើប និង​ស្ទាបអង្អែល​រាង​កាយ​នាង​ក្នុង​បំណង​ចាប់រំលោភ ព្រោះតែ​ស្រឡាញ់​ដកចិត្ត​មិន​បាន គឺ​ស្រឡាញ់​ណាស់​ម្ចាស់​ថ្លៃ ទោះ​មួយ​គ្រាប់​ស្លាប់​ក៏​ប្រថុយ​ដែរ។

ប៉ុន្តែ​ខណៈនោះ ត្រូវ​បាន​នាង​រើបំរះ​រហូត​ដល់​រួច​ពី​ក្រញាំ​ដៃ​ជន​នោះ ដោយ​នាង​មិន​បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​នោះ​ទេ ព្រោះ​ខ្មាស​អ្នក​ជិតខាង ហើយ​នាង​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​សម្ងំ​ស្ងៀម​ទៅ ។ ចំណែកឯ​ជន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​ការ​ភ័យ​ខ្លាច​ខ្លួនឯង ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ នាង​មិន​បាន​លាក់លៀម​នោះ​ទេ នាង​បាន​យក​រឿង​នោះ​ប្រាប់​ដល់​គូ​ដណ្ដឹង និង​ក្រុម​គ្រួសារ​ភ្លាម​ៗ ហើយ​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​រួច​មក បាន​សម្រេច​ទៅ​ដាក់​ពាក្យ​ប្ដឹង នា​វេលា​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ។ ប៉ុន្តែ​មិន​បាន​ឲ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ ម្យ៉ាង​យល់​ថា​ជនសង្ស័យ​មាន​ស្រុកភូមិ​ជិត​គ្នា​ផង ទើប​គ្រាន់តែ​ឲ្យ​នគរបាល​ជួយ​ហៅ​ជន​នោះ​ទៅ​សួរនាំ និង​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​សកម្មភាព​អាក្រក់​បែប​នេះ​តទៅ​ថ្ងៃក្រោយ​ទៀត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​សាកសួរ និង​អប់រំ​ធ្វើ​កិច្ចសន្យា​រួច នគរបាល​បាន​ឲ្យ​ជន​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដែល​នេះ​គឺ​ចាត់​ទុក​ថា ជា​សំណាង​របស់​ជន​នោះ​ហើយ ដែល​ប្រព្រឹត្ត​ប៉ះ​ចំ​ស្ត្រី​ខាងលើ​និង​ក្រុម​គ្រួសារ ជា​ពិសេស​គូ​ដណ្ដឹង​របស់​នាង​មានចិត្ត​ធម៌​មិន​បាន​យកទោស​កំហុស ៕