សុខ ស្រីនាង ត្រូវបុរសសង្ហាបីនាក់ធ្វើឲ្យរំភើបចិត្ត និងភ្ញាក់ផ្អើលខ្លាំងលើ ឆាកស៊ីអារម្មណ៍

តារាចម្រៀង សុខ ស្រីនាង ត្រូវបុរសសង្ហាបីនាក់ សាងនូវភាពភ្ញាក់ផ្អើល ធ្វើឲ្យរំភើបចិត្ត និងញញឹមបិតមាត់មិនជិត ក្នុងកម្មវិធី«ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ស្ថានីយទូរទស្សន៍ភីអិនអិន។

បុរសសង្ហាទាំងបីនាក់នោះ បានរៀបចំកម្មវិធីខួបកំណើតដល់អ្នកនាង សុខ ស្រីនាង នៅលើឆាកស៊ីអារម្មណ៍ ដោយមិនបានឲ្យនាងដឹងខ្លួនជាមុន។ ពួកគាត់ទាំងបីនាក់ មានម្នាក់កាន់ផ្កា ម្នាក់កាន់នំ និងម្នាក់ទៀតកាន់ម្កុដ អមជាមួយនឹងការរៀបចំឆាកយ៉ាងពិសេស ព្រមទាំងមានការចូលរួមពី សំណាក់អ្នកគាំទ្ររបស់អ្នកនាងផងដែរ។

ក្រៅពីការ Surprise ខួបកំណើតហើយនោះ នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ ទូរទស្សនិកជនក៏នឹង បានតាមដានទស្សនានូវកិច្ចសម្ភាសន៍ជាមួយនឹងអ្នកនាងសុខ ស្រីនាង ពីរឿងរ៉ាវស៊ីអារម្មណ៍មួយចំនួន ដែលលោកអ្នកប្រហែលជាមិន ដែលបានដឹងនោះឡើយ។

សុខ ស្រីនាង នឹងមកបញ្ជាក់ផងដែរពីមូលហេតុ ដែលខ្លួនបានបាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំ មូលហេតុដោយសារតែ អ្នកនាងរវល់ជាមួយនឹងការផលិតបទចំរៀងថ្មីទោល ដែលអ្នកនាងក៏បាន បញ្ជាក់ថាមានចំនួនរហូតដល់ទៅដប់បទ។

អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធីបាននិយាយថា៖ «កម្មវិធីស៊ីអារម្មណ៍ ឬ Chit Chat Show ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ តែងតែបង្កើតនូវអ្វីដែលថ្មី ប្លែកដើម្បីបម្រើចក្ខុដល់ទស្សនិកជន ទាំងវត្តមានរបស់តារាកិត្តយស ទាំងការរៀបចំឆាកជាលក្ខណៈ Mini Concert និងមានការអញ្ជើញចូលរួម ពីសំណាក់អ្នកគាំទ្រមក សម្តែងជាមួយតារាកិត្តិយសក្នុងកម្មវិធីផងដែរ»។

ក្នុងរយៈពេលនៃការផ្សាយកន្លងមក «ស៊ីអារម្មណ៍» បានរៀបចំឲ្យមានឈុតឆាកពិសេសៗជាច្រើន រួមជាមួយតារា ដែលជាភ្ញៀវកិត្តិយស ទាំងបរិយាកាសកំប្លែង និងកំសត់ក្នុងជីវិតពិតរបស់ពួកគេផ្ទាល់តែម្តង។ គិតមកទល់ពេលនេះ តារាកិត្តិយសរបស់កម្មវិធីនេះមានដូចជា កញ្ញា មាស សុខសោភា អ្នកនាង ពេជ្រ សោភា លោក ចាន់ វឌ្ឍនាការ កញ្ញា យ៉ូរី កញ្ញា ឈិត សុវណ្ណបញ្ញា លោក ខេម និងលោក ថេណា ជាដើម។

កម្មវិធី «ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកំសាន្តដ៏មានប្រជាប្រិយភាពមួយ ដោយផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៨និង ៣០នាទី ដល់ម៉ោង៩ យប់៕ 

ទស្សនាឈុតខ្លីរបស់អ្នកនាងសុខ ស្រីនាង នៅក្នុងកម្មវិធីស៊ីអារម្មណ៍ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1208251415913245/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload