តារាសម្តែង២នាក់បងប្អូនដឹកដៃគ្នាទៅ​បួស ព្រោះតែ​

ខេត្ត​ប៉ៃលិន ៖ ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ខណៈ​ដែល​នៅ​​សុខ​ៗ​ស្រាប់តែ​ទស្សនិកជន​បា​ន​ប្រទះ​ឃើញ​​តារា​សម្តែង​ស្រី​ កញ្ញាហង្ស ម៉ា​រី​នី និង​បងស្រី​បង្កើត​របស់​នាង គឺ​កញ្ញា​ហង្ស ម៉ា​រី​ណា ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​គ្រង​ក្រណាត់​សំពត់​ពណ៌​.ស និង​មាន​បង់ក​ដោយ​ក្រណាត់​ស្បៃ​.ស​ដូច​គ្នា មាន​សកម្មភាព​ជា​ដូនជី​កាន់សីល ស្ថិត​នៅ​លើ​កំពូលភ្នំ​យ៉ា​ត។

​ជាក់ស្តែង​ ​កាលពី​​សៀ​ល​ថ្ងៃ​ទី​០៦ ​តុលា ​​នេះ តារា​សម្តែង​រាង​តូច​ច្រឡឹង កញ្ញា​ហង្ស ម៉ា​រី​នី បានឱ្យ​ថា  ជា​ការ​​ពិត គឺ​នាង​ និង​បងស្រី​បាន​សម្រេចចិត្ត​ទៅ​បួស​មែន ។

កញ្ញាហង្ស ម៉ា​រី​នី បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ នាង​និង​បងស្រី​បាន​សម្រេចចិត្តសាង​ភ្នួ​ស​រយៈពេល​៣​ថ្ងៃ នៅ​លើ​ទឹកដី​កំពូល​ភ្នំ​យ៉ា​ត ហើយ​ការ​បួស​របស់​ពួក​នាង​ទាំង​ពីរ​នាក់​នេះ ពុំ​មែន​បួស​ដោយសារ​មាន​មូលហេតុ​អ្វីមួយ​​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ជា​ការ​បួស​សងគុណឪពុក​-​ម្តាយ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ការ​បួស​នេះ គឺ​តម្រូវ​ធ្វើ​តាម​គន្លង​ធម៌ វិន័យ​របស់​ព្រះពុទ្ធ​សាសនា គឺ​កាន់​សីល​១០​ដូច​គ្នា​​នឹង​ព្រះសង្ឃ​ដែរ ។

តារា​សម្តែង​ដែល​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌ ​កញ្ញា​ហង្ស ម៉ា​រី​នី បាន​និយាយ​​បន្ថែម​ថា នេះ​ជា​លើក​ទី​២ សម្រាប់​​នាង​​ហើយ ដែល​​បាន​បួស​សង​គុណ​ឪពុក​-​ម្តាយ ដោយ​កាលពី​លើក​ទី​១ នៅ​ឆ្នាំ​២០១៣ តែ​​កាលនោះ នាង​បួស​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

ដោយឡែ​ក​ នៅ​ឆ្នាំ​២០១៦​ ​នេះ គឺ​នាង​សម្រេចចិត្ត​បួស​រួម​គ្នា ជាមួយ​បង​ស្រី​កញ្ញា​ហង្ស ម៉ា​រី​ណា ម្តងទៀត ។ ទោះបីជា​យ៉ាងណា​ ក៏​ដោយ ​ផ្អែក​តាម​ប្រភព​ផ្សេង​ទៀត​ថា តារា​សម្ដែង​ហង្ស ម៉ា​រិ​នី បាន​ការ​សាង​ភ្នួ​ស​សងគុណ​ឪពុក​ម្ដាយ​នេះ គឺ​ស្រប​ពេល​ជាមួយ​នឹង​ជោគវាសនា​របស់​នាង​ហាក់​ធ្លាក់​​ស្រុត ព្រោះតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហង្ស ម៉ា​រិ​នី បាន​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​​ស៊​យ​ផ្ទួន​ៗ​គ្នា ហើយ​មានរឿង​ខ្លះ ស្ទើរតែ​មាន​គ្រោះថ្នាក់​ធំ​ដល់​ជីវិត​ទៀត​ផង ។

ដូច្នេះ​ ការ​សា​ង​ភ្នួ​ស​នេះ ក៏​ជា​ផ្នែក​មួយ ដើម្បី​លាង​ជម្រះ​នូវ​បាបកម្ម​គ្រោះ​ចង្រៃ​ទាំងពួង​ឲ្យ​ជៀស​ចាក​ចេញ​ឆ្ងាយ​ពី​ខ្លួន​នាង និង​នាំ​មក​វិញ​នូវ​សិរី​សួស្ដីការ​រីក​ចម្រើន​ដល់​ខ្លួន​នាង​ផ្ទាល់ និង​ក្រុម​គ្រួសារពេល​លាចាក​សិក្ខាបទ​មក​វិញ ។