ប្តី​ប៉ូលិស​ក្រសួងមហាផ្ទៃ វាយ​ប្រពន្ធ​ប៉ូលិស​ខេត្ត ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ឱ្យ​ចាប់ខ្លួន

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​ចាំបាច់​តែ​ពលរដ្ឋ​តូចតាច​ក្រីក្រ​ខ្វះ​ការ​យល់​ដឹង​ពី​សង្គម​នោះ​ទេ សូ​ម្បី​តែ​គ្រួសារ​អ្នក​អនុវត្ត​ច្បាប់​ក៏​មាន​ដែរ ។ ជាក់ស្តែង​ដូច​ជា​ករណី​មួយ​នេះគឺ​បុរស​ជា​ប្ដី​ដែល​ជា​មន្ត្រី​នគរបាល​ក្រសួង មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​ដែល​ជា​មន្ត្រី​នគរបាល​ខេត្ត បាន​ឈាន​ដល់​ការ​វាយ​ប្រពន្ធ បណ្ដាល​ឱ្យ​រង​របួស​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ តុលា នៅ​ភូមិ​តា​ដោល​ទី​៣ ឃំ​ុ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ ភោគ រ​ដ្ឋា អាយុ​២៩ ឆ្នាំ ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​អំពៅព្រៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​បន្ត​នីតិវិធី ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ញ៉ែ​ម សូ​ដេ​ត អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្ដី​ប្រពន្ធ មួយគូ​នេះ​មានកូន​មួយ​ទើបតែ​មាន​អាយុ​ជាង​១​ឆ្នាំ និង​តែង​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ញឹកញាប់​ណាស់​រហូត​ប្ដឹង​លែងលះ​គ្នា​ដល់​តុលាការ​ទៀត​ផង តែ​មិន​ទាន់​ដាច់ស្រេច​ហើយ​បន្ត​នៅផ្ទះ​ជាមួយ​គ្នា​ដដែល ។

ប្រភពដដែល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​កើតហេតុ​នោះ បុរស​ជា​ប្ដី​បាន​ទាមទារ​យក​កូនស្រី​អាយុ​ជាង​មួយ​ឆ្នាំទៅ​នៅ​ជាមួយ​ខ្លួន ប៉ុន្តែ​ប្រពន្ធ​មិន​ព្រមឱ្យ​កូន​នោះ​ទៅ​ប្ដី ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ឈាន​ដល់​ប្រវាយប្រតប់​គ្នា ។ ពេល​នោះ​បុរស​ជា​ប្ដី​បាន​វាយ​មួយ​កែងដៃ​ត្រូវ​ចំ​ផ្ទៃមុខ​ប្រពន្ធ​បណ្ដាល​ឱ្យ​បែក​ហូរ​ឈាម​រង​របួស​យ៉ាងដំណំ ។ ក្រោយ​កើតហេតុ​ភ្លាម ស្ត្រី​ជា​ប្រពន្ធ​បាន​ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ប្ដី​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។

លោក ម៉ែ​ន ច័ន្ទ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​ខាងលើ លោក​បាន​ព្យាយាម សម្របសម្រួល​ភាគ​គី​ទាំង​សងខាង​ឱ្យ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​មិន​ត្រូវ​គ្នា​វិញ​ទេ ទើប​លោក​កសាង​សំណំ​ុ​រឿង បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត ៕