គណៈកម្មការ​ចុះ​វាស់ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ប្រជាពលរដ្ឋ​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ពិនិត្យឡើងវិញ​ចំពោះ​សកម្ម​ភាពមិនប្រក្រតីរ​បស់​ក្រុម​គណៈកម្មការ​ចុះ​វាស់វែង​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា គណៈកម្មការ​ដែល​ធ្វើ​សកម្មភាព​វាស់​កំណត់​ក្បាលដី​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​ធ្វើការ​វាស់វែង​ភាគច្រើន​ទៅ​លើដី​របស់​អ្នកមាន​លុយ មានអំណាច និង​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តែប៉ុណ្ណោះ​។ ចំណែក​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​និង​អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ​ថែមទាំង​មាន​ដំណាំ​កសិកម្ម​ជាក់ស្ដែង បែរជា​គណៈកម្មការ​ចុះ​វាស់វែង មិន​ធ្វើការ​វាស់វែង​ទៅវិញ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​ករណីនេះ ក៏បាន​កត់សម្គាល់​ដែរ​ថា ការវាស់វែង​របស់​គ​ណៈ​កម្ម​ការ​កាលពីពេល​ថ្មីៗ​នេះ ភាគច្រើន​ធ្វើទៅ​លើដី​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ហើយ​មិន​យកចិត្តទុកដាក់​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ប្រការនេះ​អាច​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​យ៉ាង​មហន្តរាយ​នាពេល​ឆាប់ៗ​ខាងមុខ ដោយសារតែ​ដី​ឧទ្យាន​ជាតិ​មួយផ្នែក​ត្រូវបាន​គណៈកម្មការ​វាស់​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច និង​ក្រុម​ជន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​។ ដូច្នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​មាន​ភាពមិនប្រក្រតី​កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​។

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​ធំៗ​មួយចំនួន​បានធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​តំបន់​ឧទ្យាន​ជាតិ​រាម​ស្រេច​តែ​អំពើ​ចិត្ត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប៉ុន្តែ​នៅពេល​គណៈកម្មការ​ចុះ​វាស់​កំណត់​ក្បាលដី​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ទៅ​វាស់វែង​នៅ​ទីនោះ បែរជា​វាស់​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ ចំណែក​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន មាន​ដំណាំ​ដាំ​ដុះ​លើដី​ជាក់ស្ដែង​គឺ​មន្ត្រី​គណៈកម្មការ​ចុះ​វាស់​កំណត់​ព្រំដី​មិន​វាស់វែង​ជូន​ឡើយ​។ ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​អ្នកមាន​លុយ អ្នកមានអំណាច មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​ធំៗ​មួយចំនួន​កំពុង​បន្តសកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម​យ៉ាង​គឃ្លើន ហើយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គ្មាន​សមត្ថភាព​ទប់ស្កាត់​ឡើយ​៕

pic266 pic267