មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​កងរាជអាវុធហត្ថ ដោយសារ​បញ្ហា​ផលប្រយោជន៍​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​អង្គរធំ ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​១​គ្រឿង​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​អត់​ច្បាប់​របស់​មន្ត្រី​អាវុធហត្ថ​នៅ​ចំណុច​ភូមិ​ជប់ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ​។ ជុំវិញ​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ម្ចាស់​ឈើ​គ្មាន​ទំនាក់ទំនង​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អង្គរធំ ដែលជា​កូនចៅ​របស់លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។ ប្រសិនបើ​ម្ចាស់​ឈើ​មាន​ទំនាក់ទំនង​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​នោះ គឺអាច​ដឹកឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ជាមិនខាន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​១​ពេញប្រៀប​ពី​ស្រុក​វ៉ារិន ឆ្លងកាត់​ស្រុក​អង្គរធំ មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​នៅ​តំបន់​ព្រំប្រទល់​ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ឈើ​គឺជា​មន្ត្រី​អាវុធហត្ថ​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប ហើយ​កន្លងមក​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បង្ក្រាប​នោះទេ ប៉ុន្តែ​លើក​នេះ​ទំនងជា​មានទំនាស់​ផលប្រយោជន៍​ទើបត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​អង្គរធំ ចាត់វិធានការ​បង្ក្រាប​។ ទោះជា​យ៉ាងណា​ក្នុងពេល​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ គឺ​អ្នកបើកបរ​រថយន្ត​អាច​គេចខ្លួន​ដោយ​សុវត្ថិភាព​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ស្រុក​អង្គរធំ ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា​រថយន្ត​សាំ​យ៉ុង​នោះ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-7907 ផ្ទុក​ឈើ​ប្រភេទ​លេខ​១​ផ្ចឹក​និង​សុ​ក្រំ​ចំនួន​៨៧​ដុំ​ស្មើនឹង​៣,៤៥០​ម៉ែត្រគូប​។ បច្ចុប្បន្ន​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ប្រសិនបើ​ម្ចាស់​ឈើ​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប គឺអាច​ចៀស​ផុតពី​ការបង្ក្រាប​ជាមិនខាន​ព្រោះ​ឈ្មួញ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន គឺជា​ឈ្មួញ​ឈើ​រកស៊ី​យូរ​ឆ្នាំ​មកហើយ​។ មានន័យថា​ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​វ៉ារិន មិនមែនជា​ឆន្ទៈ​របស់​ពួកគេ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ គឺ​កើតចេញពី​បញ្ហា​ផលប្រយោជន៍​តែប៉ុណ្ណោះ​៕

13263880_1714412162158808_4473707608426999984_n b-t-pm-varin-500x281