មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​ជាច្រើន​ករណី ហើយ​មានការ​ផ្សព្វផ្សាយ​រូបភាព​នៃ​ការបង្ក្រាប​នោះ​ជា​សាធារណៈ​ទៀតផង​។ ប៉ុន្តែ​ការពិត​បទល្មើស​នេសាទ​ក្នុង​ឃុំ​ប្រាសាទ និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ប្រចាំ​ស្រុក​ទាំងពីរ​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​មួយចំនួន​កំពុង​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ឈ្មោះ លោក ពេទ្យ ទូច ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​បាសាក់ និង​លោក សុខ ស៊ី​ណាត ជា​នាយរង​រដ្ឋ​បាលជ​ល​ផល​សង្កាត់​ស្អាង កំពុង​ចាត់ចែង​ឲ្យ​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេសាទ​៣​នាក់​ដើរ​ប្រមូល​លុយ​ពី​អ្នក​ដាក់​សៃយ៉ឺន​ស្បៃ​មុង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រើយ​ស្លា និង​ឃុំ​ប្រាសាទ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រោយ​ប្ញ​ស្សី និង​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ បាន​ឲ្យ​ដឹង​ទៀតថា មេខ្លោង​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះ ទី​១​ឈ្មោះ តា​ឡយ ទី​២​ឈ្មោះ តាំង លើ​យ និង​ទី​៣​ឈ្មោះ អឿន ពួកគេ​រស់នៅក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង​។ ជន​ទាំង​៣​នាក់​នេះ​ទទួលបញ្ជា​ពី​លោក ពេទ្យ ទូច និង​លោក សុខ ស៊ី​ណាត ដើរ​គំរាម​យកលុយ​ពី​អ្នក​ដាក់​សៃយ៉ឺន​ស្បែ​មុង​ក្នុង​មួយកន្លែង​២០​ម៉ឺន​រៀល​។

ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ប្រាសាទ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ​បទល្មើស​ដាក់​សៃយ៉ឺន​ស្បៃ​មុង​បានកើត​ឡើង​យ៉ាង​អនាធិបតេយ្យ ចាប់ពី​ចុង​ព្រែក​ពាម​សូរ រហូតដល់​អូរ​សន្ធៃ កោះ​ទង់ អន្លូង​ត្រែង រហូតដល់​ព្រំប្រទល់​ស្រុក​កោះធំ អតីត​ឡូត៍​នេសាទ​លេខ​៣ លេខ​៤ និង​លេខ​៥​។ បញ្ហា​នេះ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ត្រូវ​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ស្អាង និង​ស្រុក​កោះធំ មិន​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះទេ ហើយ​បែរជា​ចាត់តាំង​មេខ្លោង​៣​នាក់​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ទៅវិញ​។ ទន្ទឹមនឹងនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​ជឿ​តាម​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​នោះទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​៕

14233105_186820441728719_5606009780568861992_n

លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល

19-2 20-1