អ្នក​សារព័ត៌មាន​ខ្មែរ​​១៥​នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​​នៅ​អាមេរិក

អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន ១៥​នាក់ ជា​ជនជាតិ​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ទស្សនកិច្ច​សិក្សា​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា International Center for Journalists (ICFJ) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​មួយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ស្ដី​អំពី​ការ​យក​ព័ត៌មាន​ទាក់ទង​ការ​បោះ​ឆ្នោត​ដល់​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន ២៥​នាក់។

បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ អ្នក​សារព័ត៌មាន​ចំនួន ១៥​នាក់ ដែល​មាន​ពិន្ទុ​សិក្សា​ខ្ពស់ និង​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក ចំនួន ២​សប្ដាហ៍។ អ្នក​សារព័ត៌មាន​ទាំង​នោះ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង និង​រដ្ឋ​មួយ​ចំនួន​ដូចជា រដ្ឋធានី​វ៉ាស៊ីនតោន (Washington) រដ្ឋ​អូហៃយ៉ូ (Ohio) ទីក្រុង​ឡុងប៉ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ជា​ទី​ដែល​មាន​សហគមន៍​ខ្មែរ​រស់នៅ​ច្រើន និង​មាន​ភាព​ប្រទាញប្រទង់​សំឡេង​ឆ្នោត។

កម្មវិធី​នេះ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ២៥​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន ១៥​នាក់ នោះ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អាទិត្យ ទី​៩ តុលា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា ទើប​ត្រឡប់​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។