កើតចម្ងល់ពេញភូមិ! ​បុរសមិនដែល​មាន​ទំនាស់សោះ បែរត្រូវឃាតករលប​សម្លាប់

ខេត្តកំពង់ស្ពឺ ៖ ​បុរស​ចំណាស់​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​ប្រហារ​​ស្លាប់​ភ្លាមៗ ហើយ​ជននោះ​បាន​​គេចខ្លួន​ន​បាត់ ​ខណៈ​ដែល​​ជន​រង​គ្រោះ​ដើរ​ទៅ​មើល​ចម្ការ​របស់​ខ្លួន ​បង្កឱ្យ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង០៥ ​និង​៣០​នាទីល្ងាចថ្ងៃ​ទី​០៧ ​តុលា ២០១៦ ស្ថិត​​​នៅ​ចំណុច​ព្រៃ​ក្រាំង​ខាងជើង ជាប់​ប្រឡាយ​ខាងជើង ក្នុង​ភូមិ​ព្រៃ​ច្រាប​លិច ចម្ងាយ​១៥០០​ម៉ែត្រ ​ក្នុងឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្ត​​កំពង់ស្ពឺ ។ បុរសរងគ្រោះ​ឈ្មោះ​អូត មុត ​អាយុ​៥៥​ឆ្នាំ​ មានទីលំ​នៅ​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ​ ខឹ​ម​ សា​ម៉ុ​ន ​អធិការ​នគរបាល​ស្រុក​ឧដុង្គ​​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ តុលា​​ ​នេះ​ថា​ តាម​ការ​សាកសួរពី​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​បាន​ដើរទៅ​មើល​ចម្ការ​​របស់​ខ្លួន​នៅ​​ចំណុច​​ខាងលើ ហើយ​ក៏​ត្រូវ​​​ឃាតករ​លប​កាប់​ប្រហារ​​ស្លាប់​តែ​ម្តង​ ។

ប្រភព​បន្ត​ថា​ ដោយ​បាត់​ជន​រង​គ្រោះ​យូរ​ពេក ​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​​​ទៅ​តាម​រក ស្រាប់​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ព្រៃ​ក្បែរ​​ចម្ការ​បាត់ទៅហើយ ​។ ក្រុមគ្រួសារឱ្យដឹងទៀត ​​ជន​រង​គ្រោះជា​​មនុស្ស​ស្លូតបូត​ មិន​ដែល​ចេះ​បង្កជម្លោះ​ជាមួយ​​អ្នក​ភូមិ​ណា​ម្នាក់​ឡើយ តែ​​មិនដឹង​ថា ​តើ​ជន​ដៃដល់​​មាន​កំហឹង​អ្វី ​បានជា​លប​កាប់​ប្រហារ​យ៉ាង​​ឃោ​រឃៅ​បែប​នេះ​ ។

ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចោមរោម​មើល​បាន​​ខ្សឹបខ្សៀវ​គ្នា​ថា​ ជន​រង​គ្រោះ​មិន​ដែល​មាន​បញ្ហា​​ជាមួយ​អ្នក​ភូមិ​ ក៏​ពិតមែន តែ​អំឡុង​ប៉ុន្មាន​ខែ​មុន​ ជន​រង​គ្រោះ​មាន​ទំនាស់​ដ៏​ក្តៅ​គគុក​ជាមួយ​សាច់ឈាម​ឯង​ ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ ។

បើ​ទោះជា​មានការ​ខ្សឹបខ្សៀវ​គ្នា​ថា ​រវាង​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​សាច់ឈាម​ឯង​ក៏​ពិតមែន​ ​​សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​សព​​បដិសេធ​ហើយ​ថា ​ការ​ខ្សឹបខ្សៀវ​គ្នា​នេះ​ គឺ​មិន​ទាន់​យក​ជា​ការ​បាន​ឡើយ ​រង់ចាំ​ធ្វើការស៊ើប​អង្កេត​ជា​មុន​សិន​ ។ ​​ករណី​នេះ ​អាច​​​ឱ្យ​​មជ្ឈដ្ឋាន​មហាជន​ អស់​ការ​សង្ស័យ​​រង់ចាំ​ដល់​សមត្ថកិច្ច​ចាប់​ជន​ដៃដល់​បាន​ ទើប​ការ​ពិត​នឹង​ត្រូវ​បង្ហាញ​ចេញ​ ។

លោក​អធិការ​បាន​​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណកាប់​ចំ​ចង្ការ​ខាងឆ្វេង និង​លលាដ៍​ក្បាល​ផុត​ផុង​យ៉ាង​ជ្រៅ​ ។ ក្រុម​​គ្រួសារ​ជន​រង​គ្រោះ​បាន​សំណូមពរ​ដ​ល់​ស្ថាប័ន​មាន​​សមត្ថកិច្ច​ មេត្តា​ធ្វើ​​យ៉ាងណា ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​​ឱ្យខាង​បាន​​។