បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់ត្រឡាច ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​បឹង​ទន្លេសាប​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​រិះគន់​ប្រធាន​និង​អនុប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​ថា ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​អំពិល​ទឹក កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ឃុំ​អំពិល​ទឹក បាន​ឲ្យ​ដឹងថា ប្រធាន​សហគមន៍​ភូមិ​ស្ទឹង​ស្ងួត ឈ្មោះ ស្រី វន និង​អនុប្រធាន​ឈ្មោះ ជួន ផង់ បាន​ដាក់លូ​ស្បៃ​មុង​ភ្ជិ​ក​មាត់​ព្រែក​ក្នុងភូមិ​ស្ទឹង​ស្ងួត និង​លួច​ដាក់លូ​ស្បៃ​មុង​នៅ​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​។ អ្នកភូមិ​ខ្លះ​បាន​យកតម្រាប់​តាម​លោក ស្រី វន និង​លោក ជួន ផង់ ដោយ​ប្រើប្រាស់​លូ​ស្បៃ​មុង​ចាប់​ត្រី​ទាំង​ធំ​ទាំង​តូច​នៅក្នុង​រដូវ​បិទ​នេសាទ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មិនតែប៉ុណ្ណោះ​គេ​តែងតែ​ឃើញ​លោក ជួន ផង់ អនុប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត បាន​ដើរ​ប្រមូល​លុយ​ពី​អ្នកភូមិ​ប្រមាណ​៥០​នាក់ ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការជួយ​បិទបាំង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ហើយ​បែងចែក​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​។

​ប្រជា​នេសាទ​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិល​ទឹក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ដាក់លូ​ស្បៃ​មុង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅតាម​ទន្លេ តាម​បឹង តាម​ព្រែក ហើយ​ត្រី​ល្អិតៗ​ត្រូវគេ​ប្រមូល​ទិញយក​ទៅធ្វើជា​ចំណី​ត្រី​ឆ្ដោ​។ បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះ គឺ​មេភូមិ​ស្ទឹង​ស្ងួត ឈ្មោះ ហុក ម៉េង បែរជា​ចេញមុខ​ការពារ​បទល្មើស​និង​អំពើពុករលួយ​របស់លោក ស្រី វន និង​លោក ជួន ផង់ យ៉ាង​ទទឹងទិស​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ស័យថា លោក​មេភូមិ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ផងដែរ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​នេះ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​បំផុត​៕

11058236_1642876705983862_8040766391971512374_n

លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង

image